ប្រជាជនកម្ពុជា កាន់តែច្រើនកំពុងងាកមកប្រើឡានថ្មី ហើយអាចធ្វើអោយទីផ្សារឡានជជុះនឹងបន្តធ្លាក់ចុះបណ្តើរ ដោយធ្វើបាបដល់អ្នករកស៊ីលក់ឡានជជុះ ។
និន្នាការនេះ ត្រូវបានគាំទ្របន្ថែមទៀត ដោយសារតម្លៃឡានថ្មីនឹងអាចធ្លាក់ចុះជាបណ្តើរបន្ថែមទៀត ខណ:ដែលកម្ពុជាមានរោងចក្រដំឡើងរថយន្តថ្មីកាន់តែច្រើន ។ ពិសេស វត្តមាននៃរថយន្តចិន នៅលើបណ្តាញផ្លូវនានា នៅក្នុងប្រទេសទោះបីជាមិនអាចប្រៀបធៀបនឹងរថយន្តនានា ជាពិសេស គឺរថយន្តជប៉ុនបានមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើធៀបនឹងពីមុន វត្តមានរបស់វាពិតជាមានការកើនឡើង ហើយបង្ហាញវត្តមានសឹងតែគ្រប់កន្លែង ។ នេះ គឺជាស្ថានភាពមួយ ដែលអាចនឹងធ្វើឲ្យទីផ្សាររថយន្តនៅកម្ពុជារង្គោះរង្គើផងដែរ ។
ស្របពេលដែលអ្នកកំពុងតែបើកបររថយន្តចិននានាបានទទួលស្គាល់ថា បើនិយាយអំពីបច្ចេកវិទ្យា ផាសុខភាព និងប្រណីតភាព គឺលែងនិយាយតែម្តង ។ រីឯតម្លៃវិញទៀតសោត ប្រសិនបើនិយាយអំពីប្រណីតភាព និងកម្រិតបច្ចេកវិទ្យាដែលបំពាក់នៅលើរថយន្តនោះ តម្លៃរថយន្តចិន គឺធូរថ្លៃធៀបនឹងរថយន្តយីហោរមកពីប្រទេសផ្សេងៗដូចជា ជប៉ុន អាមេរិក អង់គ្លេស អាល្លឺម៉ង់ ដែលធ្លាប់ជាប្រទេសចាស់ទុំខាងវិស័យឧស្សាហកម្មរថយន្ត ។
ប៉ុន្តែកង្វល់អំពីគុណភាពឡានចិន នៅតែបន្តមានក្នុងចិត្តប្រជាជនកម្ពុជា ។ ប្រជាជនកម្ពុជាបារម្ភថា ឡានចិនល្អមើលតែលើរូបរាង ហើយគុណភាពមិនអាចនឹងប្រៀបធៀបបានជាមួយរថយន្តជប៉ុន ឬរថយន្តផ្សេងទៀត ។
ពួកគេបានលើកឡើងថា អ្វីដែលអ្នកប្រើប្រាស់នៅកម្ពុជាកំពុងតែរង់ចាំមើលនោះ គឺភាពធន់របស់រថយន្តចិន ។ នៅក្នុងករណីដែលរថយន្តចិនទាំងនោះត្រូវបានគេប្រើប្រាស់៥ទៅ១០ឆ្នាំ ហើយភាពធន់របស់វា នៅតែមានស្ថានភាពប្រហាក់ប្រហែលនឹងរថយន្តយីហោមកពីប្រទេសដទៃនោះ ស្ថានភាពនៃទីផ្សារថយន្តនៅកម្ពុជា គឺពិតជាមានការប្រែប្រួលខ្លាំងមិនខាន ។
មកដល់ពេលនេះនៅលើផ្លូវសាធារណៈយើងឃើញថា រថយន្តយីហោជប៉ុន សូម្បីតែរថយន្តខ្លះផលិតតាំងពីឆ្នាំ១៩៩៥ នៅតែបន្តមានវត្តមាន ហើយត្រូវបានគេប្រើប្រាស់នៅឡើយនៅកម្ពុជាទោះបីជាមិនច្រើន ។ រថយន្តទាំងនោះ ទោះបីជាវាមានអាយុ៣០ឆ្នាំក៏ដោយ ក៏វានៅតែធន់ ហើយអាចបន្តប្រើប្រាស់បាន ។ និយាយអោយខ្លី ប្រជាជនកម្ពុជាជាច្រើន នៅតែបន្តជឿជាក់លើគុណភាពនៃឡានផលិតដោយក្រុមហ៊ុនជប៉ុន ។
សូមរង់ចាំមើលទាំងអស់គ្នា តើអនាគតនឹងទៅជាយ៉ាងណា ខណៈដែលកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ ក្រុមហ៊ុនរថយន្តចិនមួយប្រភេទដែលកំពុងតែមានការគាំទ្រនៅកម្ពុជា គឺបានបើកដំណើរការសាងសង់រោងចក្រដំឡើងនៅកម្ពុជាបន្ថែមលើរថយន្តចិនពីមុនៗ ។ រោងចក្រនោះ គឺជារោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD របស់ចិនតែម្តង ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានចាប់ផ្តើមសាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជាដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតក្នុងខេត្តមាត់សមុទ្រភាគនិរតីនៃខេត្តព្រះសីហនុ ដោយមានទុនសរុបប្រមាណជា៣២លានដុល្លារ នៅលើផ្ទែដីសរុប១២ហិកតា ដែលអាចមានសមត្ថភាពដំឡើងរថយន្តបានដល់ទៅ១ម៉ឺនគ្រឿង នៅក្នុងមួយឆ្នាំ ។ តាមព័ត៌មាន ដែលគេបង្ហើបរោងចក្រនេះ អាចនឹងប្រតិបត្តិការដំឡើងនៅកម្ពុជា នៅក្នុងរង្វង់ខែវិច្ឆិកា ខាងមុខតែម្តង ។
នេះ គឺជារោងចក្រថ្មីមួយនៅកម្ពុជា ខណៈដែលកាលពីពេលថ្មីៗនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមសម្ភោធរោងចក្ររថយន្តអាមេរិក គឺរថយន្ត Ford នៅស្រុកក្រគ ខេត្តពោធិសាត់ បានលើកឡើងថា កម្ពុជាមានរោងចក្រដំឡើងរថយន្តបានចំនួន៩ហើយ ដោយចម្រុះពោល គឺមានរថយន្តអាមេរិក ជប៉ុន ចិន ។
ជាមួយនឹងកំណើនរោងចក្រដំឡើងរថយន្តកាន់តែច្រើនបែបនេះវានឹងអាចធ្វើអោយតម្លៃរថយន្តថ្មីបន្តធ្លាក់ចុះ ហើយមនុស្សកាន់តែច្រើនមានលទ្ធភាពប្រើឡានថ្មី ។ ដូច្នេះ ឡានជជុះឬឡាន ដែលប្រើប្រាស់ហើយ ដែលនាំចូលពីក្រៅប្រទេសនឹងបន្តបាត់បង់ទីផ្សារនៅកម្ពុជាជាបណ្តើរ ៕
ចែករំលែកព័តមាននេះ