ថៃរកឃើញករណីស្លា.ប់ដោយសារជំងឺអង់ត្រាក់ ក្រោយបរិភោគសាច់គោមានមេរោគ
ប្រទេសថៃ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺរបស់ប្រទេសថៃ (DDC) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសករណីពលរដ្ឋម្នាក់ស្លាប់ ដោយសារជំងឺអង់ត្រាក់ (Anthrax)…
ប្រទេសថៃ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺរបស់ប្រទេសថៃ (DDC) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសករណីពលរដ្ឋម្នាក់ស្លាប់ ដោយសារជំងឺអង់ត្រាក់ (Anthrax)…
ប្រទេសថៃ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺរបស់ប្រទេសថៃ (DDC) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសករណីពលរដ្ឋម្នាក់ស្លាប់ ដោយសារជំងឺអង់ត្រាក់ (Anthrax) ឬជំងឺពិសធ្យូង ក្នុងស្រុកដុនតាន់ (Don Tan) ខេត្តមុកដាហាន (Mukdahan) តំបន់ភាគឦសានប្រទេសថៃ ពាក់ព័ន្ធនឹងការទទួលទាន និងចែកចាយសាច់គោនៅក្នុងពិធីបុណ្យសាសនាមួយ ខណៈដែលមនុស្សសរុប ២៤៧នាក់កំពុងតែស្ថិតក្រោមការតាមដាន។ នេះបើតាមប្រភពពីសារព័ត៌មានថៃ The Nation បានចេញផ្សាយ។
លោកវេជ្ជបណ្ឌិត Phanumat Yannawetsakun អគ្គនាយក DDC បានប្រកាសថា ពលរដ្ឋម្នាក់បានស្លាប់ដោយសារជំងឺអង់ត្រាក់ក្នុងខេត្តដូចបានរៀបរាប់ខាងលើ។ ជនរងគ្រោះជាកម្មករសំណង់ភេទប្រុស អាយុ៥៣ឆ្នាំ ជាប់មានជំងឺទឹកនោមផ្អែមប្រចាំកាយ។ លោកបានបន្តថា អ្នកជំងឺបានកើតដំបៅនៅដៃស្តាំ កាលពីថ្ងៃទី២៤ ខែមេសា ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃទី២៧ ខែមេសា។ ទោះយ៉ាងណាក៏ដោយ រោគសញ្ញាអ្នកជំងឺកាន់តែអាក្រក់ទៅៗ មុខរបួសប្រែជាខ្មៅ ហើមកូនកណ្តុរនៅក្រោមក្លៀកខាងស្តាំ សន្លប់បាត់ស្មារតី និងប្រកាច់ មុនស្លាប់អំឡុងពេលព្យាបាល។
ភ្លាមៗវេជ្ជបណ្ឌិតសង្ស័យថាជាជំងឺអង់ត្រាក់ ហើយបានបញ្ជូនសំណាកទៅកាន់មន្ទីរពិសោធន៍នៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងវិទ្យាស្ថាន Bamrasnaradura ។ ការធ្វើតេស្តបានបញ្ជាក់ពីការឆ្លងបាក់តេរី Bacillus Anthracis។ ការស៊ើបអង្កេតជំហានដំបូងបានបង្ហាញថា សត្វគោមួយក្បាលត្រូវបានសំលាប់ អំឡុងពេលពិធីបុណ្យសាសនាមួយ ហើយសាច់ក្រោយមកត្រូវបានចែករំលែក និងបរិភោគនៅក្នុងភូមិ។ មកទល់ពេលនេះ ក្រុមមន្ត្រីជំនាញបានកំណត់អត្តសញ្ញាណអ្នកមានហានិភ័យឆ្លងចំនួន២៤៧នាក់ ដោយ២៨នាក់បានចូលរួមក្នុងការសំលាប់សត្វគោ និង ២១៩នាក់បានទទួលទានសាច់គោឆៅ។
ជំងឺអង់ត្រាក់ ឬពិសធ្យូង ដែលធ្ងន់ធ្ងរគឺបង្កឡើងដោយបាក់តេរី Bacillus Anthracis ដែលអាចរស់បានក្នុងបរិយាកាសអស់ជាច្រើនឆ្នាំ ហើយវាឆ្លងជាចម្បងលើសត្វគោ ក្របី ពពែ និងចៀម និងអាចឆ្លងទៅមនុស្សតាមរយៈការប៉ះផ្ទាល់ ការទទួលទានសាច់ឆៅ ឬមិនទាន់ឆ្អិន ឬការប៉ះពាល់នឹងកន្លែងមានមេរោគ ឬក៏រោមចៀម។ រោគសញ្ញាជាធម្មតាលេចឡើងក្នុងរយៈពេល១-៥ថ្ងៃ ដោយរួមមាន គ្រុនក្តៅ ចង្អោរ ក្អួត ឈឺពោះធ្ងន់ធ្ងរ ចេញដំបៅហើយប្រែជាខ្មៅ និងពិបាកដកដង្ហើម បើគ្មានការព្យាបាលទេ អត្រាស្លាប់អាចឈានដល់ ៨០%។
យោងតាមការិយាល័យរោគរាតត្បាតបានឱ្យដឹងថា ករណីឆ្លងចុងក្រោយនៅក្នុងប្រទេសថៃបានកើតឡើងកាលពីឆ្នាំ ២០០០ ចំនួន១៥ករណីក្នុងខេត្តភីចីត (Phichit) និងខេត្តភីតសានុលោក (Phitsanulok) ដោយមិនមានអ្នកស្លាប់ និងនៅឆ្នាំ ២០១៧ មាន២ករណី នៅក្រុងម៉ែសត (Mae Sot) ខេត្តតាក (Tak) ដោយបានប៉ះពពែងាប់ពីប្រទេសមីយ៉ាន់ម៉ា។
ដោយឡែក នៅឆ្នាំ ២០២៤ ប្រទេសឡាវក៏បានរាយការណ៍ការឆ្លងជំងឺអង់ត្រាក់១២៩ករណី និងស្លាប់ម្នាក់។ ចំណែកនៅខែឧសភា ឆ្នាំ២០២៣ វៀតណាមបានកត់ត្រាការផ្ទុះឡើងជំងឺអង់ត្រាក់ចំនួន៣លើក សរុបមាន១៣ករណីក្នុងចំណោមមនុស្ស ១៣២នាក់ពាក់ព័ន្ធនឹងការទទួលទានសាច់គោ និងសាច់ក្របី៕
ចែករំលែកព័តមាននេះ