ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ Anthrax ស.ម្លា.ប់​មនុស្ស​នៅ​ថៃ ​ហើយ​ធ្វើ​ឱ្យ​​​ផ្អើល​ដល់​កម្ពុជា

19 ម៉ោង មុន
  • ភ្នំពេញ

ពលរដ្ឋ​ថៃ​កំពុង​តែ​ភ្ញាក់ផ្អើល​ករណី បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់​ស្លាប់​ដោយសារ​តែ​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​គេ​ហៅ​ថា ជំងឺ អង់​ត្រាក់ ( anthrax ) ដែល​ជា ប្រភេទ​ជំងឺ​ដែល​អាច​ឆ្លង​មក​ពី​សត្វពាហនៈ ហើយ​ពលរដ្ឋ​នៅ​កម្ពុជា​ក៏​ចែករំលែក​ច្រើន​ដែរ​តាម​បណ្តាញ​សង្គម​កាលពី…

ពលរដ្ឋ​ថៃ​កំពុង​តែ​ភ្ញាក់ផ្អើល​ករណី បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់​ស្លាប់​ដោយសារ​តែ​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​គេ​ហៅ​ថា ជំងឺ អង់​ត្រាក់ ( anthrax ) ដែល​ជា ប្រភេទ​ជំងឺ​ដែល​អាច​ឆ្លង​មក​ពី​សត្វពាហនៈ ហើយ​ពលរដ្ឋ​នៅ​កម្ពុជា​ក៏​ចែករំលែក​ច្រើន​ដែរ​តាម​បណ្តាញ​សង្គម​កាលពី ម្សិលមិញ នៅ​ពេល​ដែល​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​។

ពាក់ព័ន្ធ​នឹង​ជំងឺ​ម្យ៉ាង​នេះ ចែករំលែក​ចុះ ប៉ុន្តែ​កុំ​ជ្រួលច្របល់​ហើយ​កុំ​ភ័យ​ខ្លាច​ជ្រុល ពីព្រោះ​ជំងឺ​នេះ មិនមែន​ជា​ជំងឺ​ថ្មី​នោះ​ទេ ហើយ​ជំងឺ​នេះ​គេ​កំនត់​អត្តសញ្ញាណ​តាំងពី​សតវត្សរ៍​ទី ១៦ មក​ម្ល៉េះ​ហើយ បច្ចុប្បន្ន​វា​ក៏​មាន​វ៉ាក់សាំង​ហើយ​ផង​ដែរ​។ ដូច្នេះ​កុំ​ភ័យ​ស្លន់ស្លោរ​អី ។

អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា ជំងឺ​នេះ គឺជា​ជំងឺឆ្លង​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី Bacillus anthracis ឬ Bacillus cereus biovar anthracis​។ របៀប​នៃ ការ​ឆ្លង​គឺ​តាម​រយៈ​ការ​ប៉ះពាល់​ស្បែក​អ្នកជំងឺ ឫ​សត្វពាហនៈ​ដែល​ផ្ទុក​បាក់តេរី​ឫ​មេរោគ​នោះ ។ រោគ​សញ្ញា​ជា​ធម្មតា​លេចឡើង​ក្នុង​រយៈពេល​ពី ១​ទៅ​៥​ថ្ងៃ ឫ​អាច​យូរ​ជាង​នេះ​អាស្រ័យ​លើ​សុខភាព​របស់​មនុស្ស​ម្នាក់​ៗ ហើយ​អាច​មាន​អាកា​រៈ​មួយ​ចំនួន ដែល​រួម​មាន​គ្រុនក្តៅ ចង្អោរ ក្អួត ឈឺពោះ​ធ្ងន់ធ្ងរ ដំបៅ​មុខ​ខ្មៅ និង​ពិបាក​ដកដង្ហើម ហើយ បើ​គ្មាន​ការ​ព្យាបាល​ទេ អ្នកជំងឺ​អាច​ប្រឈម​មុខ​នឹង​អត្រា​ស្លាប់​ឡើង​ដល់ ៨០ %​។

នៅ​កម្ពុជា ជំងឺ​នេះ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ណាមួយ​ស៊ីជម្រៅ​នៅឡើយ​ទេ ប៉ុន្តែ​សារព័ត៌មាន the Nation នៅ​ប្រទេស​ថៃ បាន​រាយការណ៍​ថា ករណី​នេះ​វា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត មូ​ក​ដា​ហាន ដែល​មាន​ចម្ងាយ​ពី ៧០០​ទៅ ៨០០ គីឡូម៉ែត្រ​ឯណោះ​ពី​កម្ពុជា ។ ប្រភព​ដដែល​នេះ​បាន​អះអាង​ថា ក្រៅពី​បុរស​រង​គ្រោះ​ដែល​កំពុង​ផ្ទុក​ជំងឺ​ទឹកនោមផ្អែម​ដែរ​នោះ នៅ​មាន​មនុស្ស ២៤៧ នាក់​ទៀត កំពុង​តែ​ត្រូវ​បាន​ឃ្លាំមើល ។

អគ្គនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ថៃ​បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​បុរស​ម្នាក់​នោះ ហើយ​ពួក​គេ​កំពុង​តែ​តាម​ឃ្លាំមើល​មនុស្ស​ខាងលើ​ដោយសារ​ពួក​គេ​ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន ហើយនឹង​ការ​ចែកចាយ​សាច់​គោ​ក្នុង​ពិធីបុណ្យ​សាសនា​មួយ​នៅ​ក្នុង​ខេត្ត ។

លោក​វេជ្ជបណ្ឌិត ថា​នុ​ម៉ាត យ៉ា​ន​ណា​វេ​ត​សា​គុណ (Phanumat Yannawetsakun) អគ្គនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១​ខែ ឧសភា ថា ជន​រង​គ្រោះជា​កម្មករ​សំណង់ ហើយ​កំពុង​តែ​មាន​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ ។

លោក​វេជ្ជបណ្ឌិត​បាន​អះអាង​ថា អ្នកជំងឺ​បាន​កើត​ដំបៅ​នៅ​ដៃស្តាំ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ហើយ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​បី​ថ្ងៃ​ក្រោយមក ហើយ​ស្រាប់តែ​រោគ​សញ្ញា​របស់​គាត់​កាន់តែ​អាក្រក់​ទៅ​ៗ ដោយ​មុខរបួស​ប្រែជា​ខ្មៅ ហើម​កូនកណ្តុរ​នៅ​ក្រោម​ក្លៀក​ខាងស្តាំ ដួល​សន្លប់ និង​ប្រកាច់ មុន​ពេល​គាត់​ស្លាប់​អំឡុង​ពេល​ព្យាបាល​។ ក្រោយ​ពេល​ក្រុម​វេជ្ជបណ្ឌិត​សង្ស័យ​ពួក​គេ​ក៏​បាន​បញ្ជូន​សំណាក​ទៅ​មន្ទីរពិសោធន៍​ហើយ​ក៏​បាន​បញ្ជាក់​ពី​ការ​ឆ្លង​បាក់តេរី Bacillus anthracis ។
ការ​ស៊ើបអង្កេត​ដំបូង​បាន​បង្ហាញ​ថា​អ្នកជំងឺ​អាច​ឆ្លង​ពី​ពី​សត្វ​គោមួយ​ក្បាល​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុងអំឡុងពេល​ពិធីបុណ្យ​សាសនា ហើយ​នាំ​គ្នា​បែងចែក​សាច់​ដើម្បី​បរិភោគ​នៅ​តាម​ភូមិ ។

អ្នក​ដែល​កំពុង​តែ​ដាក់ខ្លួន​នៅ​ក្នុង​ការ​តាមដាន ពួក​គេ​គឺ​សុទ្ធតែ​ជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់សត្វ​គោ​នេះ និង ក្រុម​អ្នក​ដែល​ទទួលទាន​សាច់​គោ​ឆៅ ។ ពពូក​បាក់តេរី​អាក្រក់​នេះ វា​អាច​រស់នៅ​ក្នុង​បរិយាកាស​ជា​ច្រើន​ឆ្នាំ ហើយ​សត្វ​ដែល​ងាយ​ឆ្លង​គឺ​មាន ដូច​ជា​សត្វពាហនៈ ពពែ និង ចៀម​ជាដើម ។ បាក់តេរី នេះ វា​អាច​ឆ្លង​ទៅ​មនុស្ស​តាម​រយៈ​ការ​ប៉ះ​ផ្ទាល់ ការ​ទទួលទាន​សាច់​ឆៅ ឬ​មិន​ទាន់​ឆ្អិន ឬ​ការ​ប៉ះពាល់​នឹង​កន្លែង​ដែល​មាន​មេរោគ ។

ជំងឺ​នេះ​វា​ត្រូវ​បាន​កត់ត្រា​ថា បាន​កើតឡើង​នៅ​ថៃ​ក្នុង​ឆ្នាំ ២០០០ ដោយនៅ​ពេល​នោះ​មាន ១៥ ករណី តែ​មិន​មាន​អ្នក​ស្លាប​ទេ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧ មាន​២​ករណី​ដែរ ប៉ុន្តែ​មិន​មាន​សេចក្តីរាយការណ៍​ករណី​ឆ្លង​មក​មនុស្ស​ឡើយ ។ ក្រៅពី​ប្រទេស​ថៃ​នោះ នៅ​ឆ្នាំ ២០២៤ ប្រទេស​ឡាវ​បាន​រាយការណ៍ ករណី​ឆ្លង​ជំងឺ​នេះ​ចំនួន ១២៩ ករណី និង​ស្លាប់​ម្នាក់​។ ហើយ​កាលពី​ឧសភា ឆ្នាំ​២០២៣ វៀតណាម​បាន​កត់ត្រា​ការ​ផ្ទុះ​ឡើង​ចំនួន ៣ ដងដោយ​មាន ១៣ ករណី ។

ដើម្បី​ការពារ​ជំងឺ​នេះ វា​គ្មាន​អ្វី​ក្រៅពី​ការ​លើកកម្ពស់​ការ​ធ្វើ​អនាម័យ​ខ្លួនប្រាណ​នោះ​ឡើយ ហើយ ក្រៅពី​នោះ គឺ​ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​សត្វពាហនៈ ពពែ និង​ចៀម ជាដើម ។ យើង​ទាំងអស់​គ្នា គួរតែ​លាងដៃ​និង​សម្អាត​ខ្លួនប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ បន្ទាប់​ពី​ប៉ះពាល់​សត្វ​ទាំងនោះ ហើយ​អ្វី​ដែល​វា​ហានិភ័យ​បំផុត​នោះ គឺ​ក្រុម​អ្នក​ដែល​និយម​ទទួលទាន​សាច់​ឫ​អាហារ​ណា​ដែល​មាន​គ្រឿងផ្សំ​ពី​សត្វ​ទាំងនោះ ដោយ​មិន​យកចិត្តទុកដាក់​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ។ នៅ​ពេល​ដែល​មាន​សេចក្តីរាយការណ៍​ពី​រោគ​សញ្ញា​ទាំងនេះ​សូម​មក​កាន់​មន្ទីរពេទ្យ ឲ្យ​បាន​ឆាប់ ។ ផ្អាក​បាន​គួរតែ​ផ្អាក​ដែរ​ពពួក​អាហារ​ដែល​គេ​និយម​ទទួលទាន​សាច់​គោ​ឆៅ ដូច​ជា ពពួក​ភ្លាសាច់គោសាច់​ជា
ដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ