សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើសុំពេលវេលាបន្ថែមទៀតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចអាមេរិក ខណៈដែលវាបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ដោយបង្កឱ្យមានការភ័យខ្លាចកាន់តែខ្លាំង។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC និង The Guardian បានចេញផ្សាយ។

ការស្នើរបស់លោក ត្រាំ កើតឡើង ក្រោយនាយកដ្ឋានពាណិជ្ជកម្មអាមេរិកបង្ហាញរបាយការណ៍ថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ០,៣% ក្នុងត្រីមាសទី១ ចន្លោះពីខែមករាដល់ខែមីនា ដើមឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានកំណើន ២,៤% ក្នុងត្រីមាសចុងក្រោយ កាលពីឆ្នាំមុន ហើយក៏ជាការធ្លាក់ចុះសេដ្ឋកិច្ចជាលើកដំបូងចាប់តាំងពីដើមឆ្នាំ ២០២២ ដែលគ្រានោះធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតលើមាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ច ដែលកំណត់ដោយកំណើនអវិជ្ជមានចំនួន២ត្រីមាស។ ការធ្លាក់ចុះថ្មីៗនេះ កើតឡើងចំពេលមានការធ្លាក់ចុះខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដោយនៅក្នុងខែមេសាបានធ្លាក់ចុះ ៣២% ដល់កម្រិតទាបបំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩០។
ទោះយ៉ាងណាក៏ដោយ លោក ត្រាំ បានអះអាងថា តួលេខធ្លាក់ចុះដែលត្រូវបានបង្ហាញកាលពីថ្មីៗនេះ គឺជាការយល់ខុស ដោយសារតែបណ្តាក្រុមហ៊ុនបានប្រញាប់ប្រញាល់ស្តុកទុកផលិតផលនាំចូល មុនការដាក់ពន្ធគយរបស់លោក។
តួលេខនេះ កើតឡើងនៅពេលលោក ត្រាំ កំពុងតែប្រារព្ធខួប១០០ថ្ងៃនៃការកាន់តំណែងអាណត្តិទី២របស់លោក ហើយក៏ចំពេលការស្ទង់មតិបានបង្ហាញពីការមិនសប្បាយចិត្តជាសាធារណៈ ចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោកផងដែរ។ ថ្លែងកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅឯសេតវិមានដែលមានការចូលរួមដោយបណ្តានាយកប្រតិបត្តិក្រុមហ៊ុនធំៗផងនោះ លោក ត្រាំ បានស្តីបន្ទោសអ្នកកាន់តំណែងពីមុន គឺលោក ចូ បៃដិន (Joe Biden) សម្រាប់ទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) ដ៏ខកចិត្ត ដោយលោកបានថ្លែងថា «នេះជាទិន្នន័យសេដ្ឋកិច្ចរបស់ បៃដិន ព្រោះយើងបានចូលកាន់កាប់នៅថ្ងៃទី២០ ខែមករា។ ដូច្នេះខ្ញុំគិតថា អ្នកត្រូវតែទុកពេលវេលាឱ្យយើងបន្តិច ដើម្បីផ្លាស់ទីវា»។
នៅក្នុងថ្ងៃជាមួយគ្នានោះ លោក ត្រាំ ក៏បានលើកឡើងពីការវិនិយោគដែលបានគ្រោងទុកក្នុងវិស័យបច្ចេកវិទ្យា ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ហើយលោកក៏បានជំរុញឱ្យសភាអនុម័តផែនការពន្ធរបស់លោក ដែលរួមបញ្ចូលពន្ធរាប់ពាន់លានដុល្លារ និងការកាត់បន្ថយការចំណាយរបស់រដ្ឋ ប៉ុន្តែការជំរុញនេះ ត្រូវប្រឈមមុខនឹងការប្រឆាំងពី គណបក្សប្រជាធិបតេយ្យ និងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនផងដែរ។
ជាការឆ្លើយនឹងការអត្ថាធិប្បាយវាយប្រហាររបស់លោក ត្រាំ គណបក្សប្រជាធិបតេយ្យបានអះអាងថា តួលេខធ្លាក់ចុះនេះ គឺជាលទ្ធផលដ៏អាក្រក់នៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋបាលថ្មី ដោយលោក Jeff Merkley សមាជិកព្រឹទ្ធសភាជាន់ខ្ពស់របស់អាមេរិកមកពីរដ្ឋអូរេហ្គុន (Oregon) បានវាយបកវិញថា «លោក ត្រាំ បានកាន់តំណែងត្រឹម១០០ថ្ងៃប៉ុណ្ណោះ ហើយការចំណាយ ភាពវឹកវរ និងអំពើពុករលួយកំពុងកើនឡើង។ សេដ្ឋកិច្ចកំពុងធ្លាក់ចុះ តម្លៃលើរបស់របរប្រើប្រាស់ក៏កំពុងឡើង ហើយគ្រួសារវណ្ណៈកណ្តាលកំពុងរងផលប៉ះពាល់»។
លោក ត្រាំ បានអនុម័តការយកពន្ធគយចំនួន ១០% លើស្ទើរគ្រប់ប្រទេសដែលនាំចូលទំនិញមកសហរដ្ឋអាមេរិក បន្ទាប់ពីបានប្រកាសផ្អាករយៈពេល៩០ថ្ងៃរហូតដល់ខែកក្កដា លើការដំឡើងពន្ធខ្ពស់ ដើម្បីទុកពេលចរចា។ ពន្ធគយ ២៥% ផ្សេងទៀត ត្រូវបានដាក់លើប្រទេសម៉ិកស៊ិក និងកាណាដា។
ទោះជាយ៉ាងណាក៏ដោយ ការយកពន្ធលើប្រទេសចិនបាននាំឱ្យមានសង្គ្រាមពាណិជ្ជកម្ម ដោយលោក ត្រាំ បានដាក់ពន្ធនាំចូលរហូតដល់១៤៥% លើទំនិញចិន ហើយប្រទេសចិនបានវាយបកវិញជាមួយពន្ធសងសឹក ១២៥% លើទំនិញអាមេរិកផងដែរ។ រដ្ឋបាលលោក ត្រាំ បានបញ្ជាក់ថា នៅពេលពន្ធថ្មីត្រូវបានបន្ថែមលើពន្ធមានស្រាប់នោះ ពន្ធលើទំនិញចិនមួយចំនួនអាចឈានដល់ ២៤៥%៕
ចែករំលែកព័តមាននេះ