ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ប្តី​ប្រពន្ធ​ក្នុង​សង្គម​ខ្មែរ​៖ ហេតុ​អ្វី​មាន​លុយ មានទ្រព្យ​ហើយ នៅ​តែ​អាច​បែកបាក់?

3 ម៉ោង មុន
  • ភ្នំពេញ

មាន​លុយ មានទ្រព្យ មាន​អ្វី​ៗ ហើយ​អ្នកខ្លះ ​រហូត​ដល់​មាន​អំណាច​បុណ្យ​ស័ក្តិ​ធំ​ថែម​ទៀត ប៉ុន្តែ​បែរជា​មិន​មាន​សុភមង្គល មានគ្រួសារ​ហើយ​ចេះ​តែ​បែកបាក់​គ្នា​ តើ​មក​ពី​ហេតុ​អ្វី? សម្រាប់​បុគ្គល​ខ្លះ ការ​ជ្រើសរើស​ជីវិត​នៅ​លីវ…

មាន​លុយ មានទ្រព្យ មាន​អ្វី​ៗ ហើយ​អ្នកខ្លះ ​រហូត​ដល់​មាន​អំណាច​បុណ្យ​ស័ក្តិ​ធំ​ថែម​ទៀត ប៉ុន្តែ​បែរជា​មិន​មាន​សុភមង្គល មានគ្រួសារ​ហើយ​ចេះ​តែ​បែកបាក់​គ្នា​ តើ​មក​ពី​ហេតុ​អ្វី?

សម្រាប់​បុគ្គល​ខ្លះ ការ​ជ្រើសរើស​ជីវិត​នៅ​លីវ វា​គឺជា​សិទ្ធិ​ និង​ជា​ការ​សម្រេចចិត្ត​របស់​បុគ្គល​ដោយសារ​តែ ពួក​គេ​ចាត់​ទុក​ថា ជីវិត​ជា​គូ វា​អាច​ជា​ប្រភព​នៃ​សម្ពាធ​នៃ​បញ្ហា ការ​ទទួលខុសត្រូវ ការ​រំខាន ជា​ពិសេស ​គឺ​ភាពស៊ាំ​ញ៉ាំ និង​រយីងរយោង​នៃ​ញាតិ​សម្ព័ន្ធ ជា​ពិសេស ​នៅ​ក្នុង​បរិបទ​នៃ​សង្គម​គ្រួសារ​ខ្មែរ ។

នៅ​កម្ពុជា​ដំណើរការ​នៃ​ការ​លែងលះ​គ្នា​ គឺ​តែងតែ​កើត​មាន​ជា​ហូរហែ​នៅ​ក្នុង​សង្គម ខណៈ​ដែល​ខ្លះ​នៅ​បន្ត​បញ្ហា​រសេមរសាម​ជា​ច្រើន រាប់​តាំងពី​បញ្ហា​ពាក់ព័ន្ធ​នឹង​កូន បញ្ហា​នៃ​ការ​បែងចែក​ទ្រព្យសម្បត្តិ ហើយ​ខ្លះ​នៅ​តែ​បន្ត​បោះសម្តី​ផ្លែផ្កា​គ្នា​នៅ​លើ​បណ្តាញ​សង្គម ជា​ហូរហែ ។

ខ្លះ​ទៀត ទោះបីជា​មានការ​លះលែងគ្នា​ទៅ​ហើយ​មែន ប៉ុន្តែ​ចំណង​និង​ភាព​នឹករលឹក​នៃ​ភេទ​សម្ព័ន្ធ​នៅ​តែ​មាន​រហូត​កើត​មាន​ករណី​ប្រចណ្ឌ ហើយ​កើតជា​អំពើ​ហិង្សា ។ ករណី​ខ្លះ​ គឺ​មាន​រហូត​ដល់​ករណី​ឃាតកម្ម​ទៅ​ទៀត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ កម្ពុជា​ហាក់​ខ្វះ​ការ​ចងក្រង​ទិន្នន័យ​បញ្ហា​ប្រជាសាស្ត្រ​មួយ​នេះ​នៅឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះខាត​ទិន្នន័យ​ប្រជាសាស្ត្រ​នេះ យើង​គិត​ថា ស្ថាប័ន​ឬ​ក៏​មន្ត្រី​អត្រានុកូលដ្ឋាន​គួរតែ​មានការ​កត់ត្រា​ និង​ចងក្រង​ជា​ទិន្នន័យ​ទុក នៅ​ក្នុង​ករណី​ដែល​មិន​បាន​ធ្វើ ប៉ុន្តែ​បើសិនជា​បាន​ធ្វើ​ដែរ​គួរតែ​ចែករំលែក​ជា​សាធារណៈ ពីព្រោះ​វា​ក៏​ជា​បញ្ហា​សង្គម​ដែល​សមាជិក​សង្គម​គួរតែ​ដឹង​ដែរ ។

បែរមក​បញ្ហា​រឿង​ចំណង​នៃ​ការ​កសាង​សុភ​ម​ង្គ​ម​ក្នុង​គ្រួសារ​យើង​នេះ​វិញ ប្រសិនបើ​យើង​ចង់បាន​គ្រួសារ​មួយ​ដែល​មាន​សុភមង្គល​រឿង​ចាំបាច់​មួយ​ដែល បុរស​និង​នារី ត្រូវ​រិះគិត​និង​ពិចារណា​មុន​នឹង​ចាប់ដៃ​គ្នា​កសាង​បង្កើត​គ្រួសារ​មួយ ដោយ​មិន​ប្រឈម​មុខ​នឹង​ការ​បែកបាក់​គ្នា​នោះ គឺ​បុរស​និង​ស្ត្រី ឬ​អាច​និយាយ​ថា ក​ម្លោះ​និង​ក្រមុំ​គួរតែ​រក​ដៃគូ​ណា​ ដែល​ពួក​គេ​ហ៊ាន​ទទួល​គ្រួសារ​ទាំង​សងខាង មុនគេ​បង្អស់ ។

ជា​ទូទៅ​នៅ​ពេល​ដែល​នៅ​លីវ ឪពុក​ម្តាយ​គឺ​មាន​តែ​១​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​រៀប​ការ​រួច​ឪពុក​ម្តាយ​ត្រូវ​ឡើង​២ ដូច្នេះ​ វា​ចាំបាច់​បំផុត​ដែល​បុរស​ និង​ស្ត្រី​ក្រៅពី​សម្លឹង​មើល​ទឹកចិត្ត​ដៃគូ មើល​ភាព​សក្តិ​សម មើល​អត្ត​ចរិត មើល​ការងារ មើល​ទ្រព្យ​មើល​សម្បត្តិ ហើយ​រូបសម្បត្តិ​ហើយ​នោះ​គឺ​ត្រូវ​តែ​មើល​គ្រួសារ ទាំង​សងខាង ។ ត្រង់​ចំណុច​នេះ សុភាសិត​ខ្មែរ​បុរាណ​ពោល​គឺ​មិន​ខុស​ទេ «ធ្វើស្រែ​ឲ្យ​មើល​ស្មៅ ទុកដាក់​កូនចៅ​អោយ​មើលផៅសន្តាន » ។

សម្រាប់​សង្គម​នៅ​ប​ស្ចឹ​ម​ប្រទេស​គឺជា​បរិបទ​មួយ​ផ្សេង ប៉ុន្តែ​សម្រាប់​កម្ពុជា​ភាព​រសេមរសាម​និង​ការ​ជំពាក់​វាក់​វិ​ន​នៃ​ចំណង​គ្រួសារ​នោះ​គឺ​នៅ​តែ​ស្អិតរ​មួ​ត​។ ដូច្នេះ​ហើយ​ ទាមទារ​ឲ្យ​បុរស​និង​ស្ត្រី​រិះគិត​និង​ថ្លឹងថ្លែង​ ហើយ​មើល​ឲ្យ​ជ្រៅ មុន​សម្រេច​ចិត្តជា​ក្រោយ​ទើប​អាច​ឈាន​ដល់​ការ​បង្កើត​គ្រួសារ​មួយ​ហើយ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុភមង្គល​រហូត​ដល់​ចាស់​កោង​ខ្នង មានកូន​មាន​ចៅ​ត​ត្រកូល រហូត​ដល់​ថ្ងៃ​អ​វ​សាន្ត​រៀង​ៗ​ខ្លួន ។

សរុប​ទៅ ​ដើម្បី​ឲ្យ​គ្រួសារ​មួយ​មាន​សុភមង្គល ក្រោយ​ពេល​ដែល​សម្រេចចិត្ត​រៀប​ការ​នឹង​គ្នា​ហើយ គឺ​ដាច់ខាត​ត្រូវ​តែ​រក​ដៃគូ​ណា​ដែល​ហ៊ាន​ទទួលយក​ការ​ពិត​នៃ​គ្រួសារ​ទាំង​សងខាង​។ ដូច្នេះ វា​ចាំ​បាច់​ណាស់ នៅ​ពេល​មុន​ពេល​សម្រេចចិត្ត​បុរស ​និង​ស្ត្រី គួរតែ​ស្វែង​យល់​ពី​សមាជិកគ្រួសារ​ទៅ​វិញ​ទៅ​មក ឲ្យ​បាន​ស៊ីជម្រៅ​មិនមែន​សម្លឹង​ត្រឹមតែ​រូបសម្បត្តិ ការងារ ទ្រព្យសម្បត្តិ ក៏​ដូច​ជា​ចរិយា​សម្បត្តិ​របស់​ដៃគូ ប៉ុណ្ណោះ​ទេ ។

គ្រួសារ​មួយ​ក្រោយ​ពេល​រៀប​ការ​ហើយ​អាច​ឈ្លោះ​គ្នា​មិន​ចេះ​ចប់ និង​ឈាន​ដល់ បែក​កបាក់ ប្រសិនបើ​មានការ​លូកលាន់​ពី​ញាតិសណ្តាន​ច្រើន​ពេក​ ។ ដូច្នេះ វា​ក៏​ចាំបាច់​ដែរ ដែល​ឪពុក​ម្តាយ បងប្អូន និង​សាច់ញាតិ គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ជ្រៀតជ្រែក​ច្រើន​ពេក ដល់​ជីវិត​ប្តី​ប្រពន្ធ​របស់​កូន​ឬ​សាច់ញាតិ ដោយ​ផ្តល់​ការ​ទុកចិត្ត​ដល់​ពួក​គេ​ក្នុង​ការ​ដឹកនាំ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ ។

ពួក​គេ​រៀប​ការ​ហើយ វា​មាន​ន័យ​ថា​ ពួក​គេ​បាន​ត្រៀមខ្លួន​ហើយ​សម្រាប់​រស់នៅ​ជាមួយ​ដៃគូ​នៃ​ជីវិត​មិន​ថា ​មាន​ភ្យុះ​ភ្លៀង​បោក​បក់​យ៉ាងណា​ ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ឡើយ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ