ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងងាកមកប្រើឡានថ្មី ហើយអាចធ្វើអោយទីផ្សារឡានជជុះនឹងបន្តធ្លាក់ចុះបណ្តើរ ដោយធ្វើបាបដល់អ្នករកស៊ីលក់ឡានជជុះ។ និន្នាការនេះត្រូវបានគាំទ្របន្ថែមទៀត ដោយសារតម្លៃឡានថ្មីនឹងអាចធ្លាក់ចុះជាបណ្តើរបន្ថែមទៀត ខណ:ដែលកម្ពុជាមានរោងចក្រដំឡើងរថយន្តថ្មីកាន់តែច្រើន។
ពិសេស វត្តមាននៃរថយន្តចិននៅលើបណ្តាញផ្លូវនានានៅក្នុងប្រទេស ទោះបីជាមិនអាចប្រៀបធៀបនឹងរថយន្តនានាជាពិសេសគឺរថយន្តជប៉ុន បានមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើធៀបនឹង ពីមុន វត្តមានរបស់វាពិតជាមានការកើនឡើង ហើយបង្ហាញវត្តមានសឹងតែគ្រប់កន្លែង។ នេះគឺជាស្ថានភាពមួយដែលអាចនឹងធ្វើឲ្យទីផ្សាររថយន្តនៅកម្ពុជារង្គោះរង្គើផងដែរ ។
ស្របពេលដែលអ្នកកំពុងតែបើកបររថយន្តចិននានា បានទទួលស្គាល់ថា បើនិយាយអំពីបច្ចេកវិទ្យា ផាសុខភាព និង ប្រណីតភាព គឺលែងនិយាយតែម្តង ។ រីឯតម្លៃវិញទៀតសោត ប្រសិនបើនិយាយអំពីប្រណីតភាពនិងកម្រិតបច្ចេកវិទ្យាដែលបំពាក់នៅលើរថយន្តនោះ តម្លៃរថយន្តចិនគឺធូរថ្លៃធៀបនឹងរថយន្តយីហោរមកពីប្រទេសផ្សេងៗ ដូចជាជប៉ុន អាមេរិក អង់គ្លេស អាល្លឺម៉ង់ ដែលធ្លាប់ជាប្រទេសចាស់ទុំខាងវិស័យឧស្សាហកម្មរថយន្ត ។
ប៉ុន្តែកង្វល់អំពីគុណភាពឡានចិននៅតែបន្តមានក្នុងចិត្តប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាបារម្ភ:ថាឡានចិនល្អមើលតែលើរូបរាង ហើយគុណភាពមិនអាចនឹងប្រៀបធៀបបានជាមួយរថយន្តជប៉ុនឬរថយន្តផ្សេងទៀត។ ពួកគេបានលើកឡើងថា អ្វីដែលអ្នកប្រើប្រាស់នៅកម្ពុជាកំពុងតែរង់ចាំមើលនោះ គឺភាពធន់របស់រថយន្តចិន ។ នៅក្នុងករណីដែលរថយន្តចិនទាំងនោះត្រូវបានគេប្រើប្រាស់៥ទៅ១០ឆ្នាំ ហើយភាពធន់របស់វានៅតែមានស្ថានភាពប្រហាក់ប្រហែលនឹងរថយន្តយីហោមកពីប្រទេសដទៃ នោះ ស្ថានភាពនៃទីផ្សារថយន្តនៅកម្ពុជាគឺពិតជាមានការប្រែប្រួលខ្លាំងមិនខាន ។
មកដល់ពេលនេះ នៅលើផ្លូវសាធារណៈយើងឃើញថា រថយន្តយីហោជប៉ុន សូម្បីតែរថយន្តខ្លះផលិតតាំងពីឆ្នាំ១៩៩៥ នៅតែបន្តមានវត្តមានហើយត្រូវបានគេប្រើប្រាស់នៅឡើយនៅកម្ពុជាទោះបីជាមិនច្រើន ។ រថយន្តទាំងនោះ ទោះបីជាវាមានអាយុ ៣០ ឆ្នាំក៏ដោយ ក៏វានៅតែធន់ហើយអាចបន្តប្រើប្រាស់បាន ។ និយាយអោយខ្លី ប្រជាជនកម្ពុជាជាច្រើននៅតែបន្តជឿជាក់លើគុណភាពនៃឡានផលិតដោយក្រុមហ៊ុនជប៉ុន។
សូមរង់ចាំមើលទាំងអស់គ្នា តើអនាគតនឹងទៅជាយ៉ាងណា ខណៈដែលកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ ក្រុមហ៊ុនរថយន្តចិនមួយប្រភេទ ដែលកំពុងតែមានការគាំទ្រនៅកម្ពុជា គឺបានបើកដំណើរការសាងសង់រោងចក្រដំឡើងនៅកម្ពុជាបន្ថែមលើរថយន្តចិនពីមុនៗ ។ រោងចក្រនោះគឺជារោងចក្រដំឡើងរថយន្តអគ្គីសនីរបស់ក្រុមហ៊ុន BYD របស់ចិន តែម្តង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានចាប់ផ្តើមសាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជាដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងខេត្តមាត់សមុទ្រភាគនិរតីនៃខេត្តព្រះសីហនុ ដោយមានទុនសរុបប្រមាណជា៣២ លានដុល្លារ នៅលើផ្ទែដីសរុប ១២ ហិកតា ដែលអាចមានសមត្ថភាពដំឡើងរថយន្តបានដល់ទៅ ១ម៉ឺនគ្រឿងនៅក្នុងមួយឆ្នាំ ។ តាមព័ត៌មានដែលគេបង្ហើបរោងចក្រនេះអាចនឹងប្រតិបត្តិការតដំឡើងនៅកម្ពុជានៅក្នុងរង្វង់ខែវិច្ឆិកា ខាងមុខតែម្តង។
នេះគឺជារោងចក្រថ្មីមួយនៅកម្ពុជា ខណៈដែលកាលពីពេលថ្មីៗនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមសម្ភោធរោងចក្ររថយន្តអាមេរិក គឺ រថយន្ត Ford នៅស្រុកក្រគ ខេត្តពោធិសាត់ បានលើកឡើងថា កម្ពុជាមានរោងចក្រដំឡើងរថយន្តបានចំនួន ៩ហើយ ដោយចម្រុះពោលគឺមានរថយន្តអាមេរិក ជប៉ុន ចិន ។
ជាមួយនឹងកំនើនរោងចក្រដំឡើងរថយន្តកាន់តែច្រើនបែបនេះ វានឹងអាចធ្វើអោយតម្លៃរថយន្តថ្មីបន្តធ្លាក់ចុះ ហើយមនុស្សកាន់តែច្រើនមានលទ្ធភាពប្រើឡានថ្មី។ ដូច្នេះ ឡានជជុះឬឡានដែលប្រើប្រាស់ហើយដែលនាំចូលពីក្រៅប្រទេស នឹងបន្តបាត់បង់ទីផ្សារនៅកម្ពុជាជាបណ្តើរ៕
ចែករំលែកព័តមាននេះ