ខេត្តព្រះសីហនុ ៖ ថ្លែងពីទឹកដីខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងត្រូវបន្តអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះ នៅឆ្នាំ២០៣០នឹងអាចឱ្យនាវាដឹកទំនិញគ្រប់ប្រភេទជុំវិញពិភលោក អាចចូលលើក-ដាក់ទំនិញដោយផ្ទាល់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើ ការ និងធ្វើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតីបានគូសបញ្ជាក់ថា៖ « ក្រោយជួបជាមួយ លោក គីស៊ីដា បាន៤ថ្ងៃ សម្តេចបានអញ្ជើញមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបុកគ្រឹះពង្រីកចំណតផែជំហាន១ ដែលបានចរចាតាំងពីអាណត្តិសម្តេចតេជោដែលជំហាន១ ជំរុញឱ្យមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញ៦ម៉ឺនតោនចូលបានដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ។
សម្តេចបវរធិបតីបញ្ជាក់ថា សម្រាប់ជំហានទី២ គ្រោងធ្វើឱ្យចប់នៅឆ្នាំ២០២៩ ដែលអាចឱ្យ មានជម្រៅទឹក១៦,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាដឹកទំនិញ មកពីឥណ្ឌូប៉ាស៊ីហ្វិក ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន៩៥%។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ជំហានទី៣ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣០នេះ យើងធ្វើជីកទៅដល់១៧ម៉ែត្រកន្លះ ហើយ១៧ម៉ែត្រកន្លះនេះបានន័យថា កាប៉ាល់នៅទូទាំងពិភពលោក អាចចូលមកដល់ផែខេត្តព្រះសីហនុយើងតែម្តងដោយមិនចាំបាច់ផ្ទេផ្ទង់ពីកន្លែងណាចឹងកាន់តែសកម្ម» ។
ចែករំលែកព័តមាននេះ