ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​តវ៉ា​ទៅ​អាមេរិក​ថា​ម៉េច​មិន​ដាក់​ទណ្ឌ​កម្ម​អឺ​រ៉ុប​ផង​ទិញ​ទំនិញ​ពី​រុស្ស៊ី​ដូច​គ្នា?

13 ម៉ោង មុន

ទី​ក្រុង​ញូដេលី៖ ទំនាក់​ទំនង​ឥណ្ឌា-​អាមេរិក​មើល​ទៅ​ប្រហែល​ជា​មិន​អាច​ផ្អែម​ល្ហែម​ដូច​កាល​ពី​មុន​ឡើយ​បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​ត្រាំ​ដំឡើង​ពន្ធ​គយ​​​២៥%​ ហើយ​អាច​នឹង​ដំឡើង​ថែម​ទៀត​។ អាមេរិក​ចោទ​​ថា​ឥណ្ឌា​​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​​​។ ជា​ការ​ឆ្លើយ​តប ឥណ្ឌា និង​រុស្ស៊ី​វាយ​បក​វិញ​។ ឥណ្ឌា​ចោទ​ប្រកាន់​ថា​អាមេរិក​ និង​អឺរ៉ុប​ប្រើ​ស្តង់​ដារ​២​​ដើម្បី​គាប​សង្កត់​ខ្លួន​។ ជាក់​ស្ដែង​…

ទី​ក្រុង​ញូដេលី៖ ទំនាក់​ទំនង​ឥណ្ឌា-​អាមេរិក​មើល​ទៅ​ប្រហែល​ជា​មិន​អាច​ផ្អែម​ល្ហែម​ដូច​កាល​ពី​មុន​ឡើយ​បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​ត្រាំ​ដំឡើង​ពន្ធ​គយ​​​២៥%​ ហើយ​អាច​នឹង​ដំឡើង​ថែម​ទៀត​។ អាមេរិក​ចោទ​​ថា​ឥណ្ឌា​​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​​​។ ជា​ការ​ឆ្លើយ​តប ឥណ្ឌា និង​រុស្ស៊ី​វាយ​បក​វិញ​។ ឥណ្ឌា​ចោទ​ប្រកាន់​ថា​អាមេរិក​ និង​អឺរ៉ុប​ប្រើ​ស្តង់​ដារ​២​​ដើម្បី​គាប​សង្កត់​ខ្លួន​។ ជាក់​ស្ដែង​ ឥណ្ឌា​ថា​ពួក​អឺរ៉ុប​ក៏​ធ្លាប់​​ទិញ​ទំនិញ​រុស្ស៊ី​ដែរ​ដូច​ជា​ឧស្ម័ន​ជា​ដើម​។​ ម៉េច​ក៏​អាមេរិក​មិន​ដាក់​ទណ្ឌ​កម្ម​អឺរ៉ុប​ផង​ដែរ​ទៅ​?

​លោក​ត្រាំ​ថា​ពន្ធ​គយ​២៥%​លើ​ទំនិញ​ឥណ្ឌា​មិន​ទាន់​អស់​ត្រឹម​នេះ​ទេ​។ លោក​ត្រៀម​ដំឡើង​ពន្ធ​ថែម​ទៀត​បើ​ឥណ្ឌា​មិន​ព្រម​ដក​ខ្លួនថយ​ ហើយ​នៅតែ​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី​។ ជា​កិច្ច​ឆ្លើយ​តប, រុស្ស៊ី​ចោទ​ប្រកាន់​ថា​អាមេរិក​ប្រើ​យុទ្ធ​សាស្ត្រ​ដាក់​សម្ពាធ​ ទាំង​ខុស​ច្បាប់​​ដើម្បី​គាប​សង្កត់​​​ឥណ្ឌា​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​យើង​បាន​ស្ដាប់​ឮ​ច្រើន​ហើយ​ពី​ការ​គំរាម​កំហែង គាប​សង្កត់​ឱ្យ​ប្រទេស​ដទៃ​ឈប់​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជា​មួយ​រុស្ស៊ី​។ យើង​គិត​ថា​នេះ​មិន​មែន​ជា​ទង្វើ​ស្រប​ច្បាប់​ទេ​។​

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​រូប​​នេះ​សូម​មិន​បង្គាប់​បញ្ជា​ឱ្យ​ឥណ្ឌា​ជ្រើស​រើស​យក​ប្រទេស​នេះ ឬ​ប្រទេស​នោះ​ទេ​។ រុស្ស៊ី​ជឿ​ថា​រដ្ឋ​អធិបតេយ្យ​ទាំង​ឡាយ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ជ្រើស​រើស​ដៃគូ​ពាណិជ្ជ​កម្ម​ ឬ​ដៃ​គូ​​​សេដ្ឋ​កិច្ច​ដោយ​ខ្លួន​ឯង​ដើម្បី​ជា​​ប្រយោជន៍​រៀង​ៗ​ខ្លួន​។ ការ​និយាយ​បែប​នេះ​ហាក់​ដូច​ជា​ពិបាក​នឹង​ធ្វើ​ឱ្យ​ឥណ្ឌា​អនុវត្ត​យុទ្ធ​សាស្ត្រ​ខ្លួន​មួយ​ជិះ​ទូក​ពីរ​។

ប្រភព​ខ្លះ​ថា​ឥណ្ឌា​ឥឡូវ​នេះ​រាង​ញ៉ាក​ដែរ​ និង​មិន​សូវ​ហ៊ាន​ទិញ​ប្រេង​​ពី​រុស្ស៊ី​ជា​ចំហ​ និងគគ្រឹក​គគ្រេង​ដូច​មុន​ទេ​។ ថ្មី​ៗ​នេះ នាវា​២​គ្រឿង​ដែល​កំពុង​ដឹក​ប្រេង​ពី​រុស្ស៊ី​សំដៅ​ទៅ​​​ឥណ្ឌា​​​សុខ​ៗ​ក៏​ស្រាប់​តែ​បង្វែរ​ទិស​ដៅ​ផ្សេង​វិញ​​បន្ទាប់​ពី​ឮ​ថា​លោក​ត្រាំ​ចង់​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​។ ឥឡូ​វនេះ លោក​ត្រាំ​កំណត់​ឱសាន​វាទ​ត្រឹម​ថ្ងៃ​ទី​៨ ខែ​សីហា​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ​​​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែន​។ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី។​ ​​ប្រទេស​ដែល​ទិញ​ទំនិញ​​ពី​រុស្ស៊ី​ក៏​រង​ទណ្ឌ​កម្ម​ដូច​គ្នា​។​​​

នៅ​សល់​ពេល​​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​​​នឹង​ដល់​ថ្ងៃ​ឱសាន​វាទ​។ ប៉ុន្តែ​​លោក​ពូទីន​ហាក់​ដូច​ជា​មិន​បាន​បង្ហាញ​សញ្ញា​ដក​ថយនោះ​ទេ​​។ មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​នៅ​តែ​បញ្ជាក់​ថា​រុស្ស៊ី​ចង់​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ ប៉ុន្តែ​​ទន្ទឹម​នឹង​នោះ រុស្ស៊ី​ក៏​មិន​ផ្លាស់​ប្ដូរ​គោល​ដៅ​របស់​ខ្លួន​​ជា​ដាច់​ខាត​​​។ ឥណ្ឌា​​ថា​ការ​គំរាម​កំហែង​របស់​លោក​ត្រាំ​ជា​រឿង​មិន​យុត្តិ​ធម៌​ទាល់​តែ​សោះ​។ ឥណ្ឌា​ថា​ខ្លួន​នឹង​ខិត​ខំ​ការ​ពារ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​របស់​ខ្លួន​។ បើ​ដូច្នេះ​មែន​ ទំនាស់​ពាណិជ្ជ​កម្ម​រវាង​ឥណ្ឌា និង​អាមេរិក​នឹង​​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​។ ប៉ុន្តែ​ចំណុច​មួយ​ដែល​ឥណ្ឌា​មិន​បដិសេធ​ថា​ខ្លួន​ពិត​ជា​បាន​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ក៏​ជា​ការ​ទទួល​ស្គាល់​ជា​ប្រយោល​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​​ពី​សំណាក់​ក្រុម​បស្ចិម​ប្រទេស​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ