រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីទិញស្រាយកទៅអង្គុយផឹកម្នាក់ឯងលើផ្លូវរថភ្លើងស្រវឹងងើបមិនរួច ត្រូវបាន រថភ្លើងបើកមកកិន បណ្ដាលឲ្យដាច់ម្រាមដៃ និងរងរបួសសន្លប់ស្ដូកស្ដឹង បង្កឲ្យមាន ការ ភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី៥ សីហា ឆ្នាំ២០២៥ នៅត្រង់លំ អមផ្លូវរថភ្លើង ភូមិ ភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានទិញស្រាបៀរចំនួនកន្លះកេសយកមកអង្គុយផឹកលើផ្លូវរថភ្លើងតែម្នាក់ឯង មិនដឹងថាមានមូលហេតុអ្វីនោះទេ ខណៈពេលស្រវឹងធ្លាក់ភ្នែកងើបមិនរួច ស្រាប់តែមានគេឃើញរថភ្លើងមួយខ្សែបើកបរក្នុងទិសដៅពីជើងទៅត្បូងមកជិតដល់បានស៊ីផ្លេយ៉ាងខ្លាំង តែជនរងគ្រោះងើបហើយដួលវិញទើបរថភ្លើងបុកកិនជនរងគ្រោះ បណ្ដាលឲ្យដាច់ម្រាមមេដៃម្ខាងនិងរងរបួសបែកក្បាលដង្ហើមចង្រិត ។ បន្ទាប់មក ពលរដ្ឋឃើញក៏នាំគ្នាកាក់ រថភ្លើងអោយឈប់ រួចលើកសែងយកជនរងគ្រោះចេញពីក្រោមរថភ្លើងមកដាក់កៀនខាង ហើយបានទាក់ទងហៅរថយន្តសាមុយរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០មកដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ លោកសង្ឃភ្លាមៗ ។
ក្រោយពេលកើតហេតុ រថភ្លើងខាងលើក៏បានបើកបរបន្តដំណើរចេញពីកន្លែងកើតហេតុ ឆ្ពោះទៅ គោលដៅបន្តទៀត ៕




ចែករំលែកព័តមាននេះ