ប៉េកាំង ៖ ក្រសួងការបរទេសចិន នៅថ្ងៃនេះ បានប្រកាសថា យោងតាមឆន្ទៈរបស់កម្ពុជា និងថៃ ប្រទេសចិនប្រកាសជាថ្មី ថានឹងធ្វើការជាមួយម៉ាឡេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត ដើម្បីពង្រឹងបទឈប់បាញ់ ជំរុញទំនាក់ទំនង និងកិច្ចសន្ទនា និងបានជួយបន្ថយស្ថានការណ៍ នេះបើយោងតាមសារព័ត៌មានចិន ស៊ីនហួ ចេញផ្សាយនៅយប់ថ្ងៃទី០៥ ខែសីហានេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun មានប្រសាសន៍ថា ប្រទេសចិន នឹងបន្តគាំទ្រអាស៊ាន ក្នុងការជំរុញកិច្ចចរចា ដើម្បីសន្តិភាព រក្សាជំហរត្រឹមត្រូវ និងយុត្តិធម៌ និងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួនសម្រាប់ការប្រែក្លាយទំនាក់ទំនងកម្ពុជា-ថៃ ។
មានសេចក្តីរាយការណ៍ថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ប្រទេសចិន ត្រូវបានអញ្ជើញឱ្យចូលរួមសម័យប្រជុំវិសាមញ្ញ នៃកិច្ចប្រជុំ GBC នៅថ្ងៃទី៧ ខែសីហា ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្តថា ចាប់តាំងពីការពិគ្រោះយោបល់ក្រៅផ្លូវការរវាងចិន កម្ពុជា និងថៃ ធ្វើឡើងដោយជោគជ័យកាលពីថ្ងៃទី៣០ ខែកក្កដាមក ពុំមានការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ស្ថានការណ៍នៅលើដី មានសភាពធូរស្រាល ហើយបទឈប់បាញ់ ត្រូវបានអនុវត្តន៍ជាបណ្តើរៗ ដោយកម្ពុជា និងថៃ ។
លោក Guo Jiakun បានបន្តទៀតថា ក្រោមការសម្របសម្រួលយ៉ាងសកម្មរបស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ប្រទេសទាំងពីរ កំពុងរៀបចំកិច្ចប្រជុំ GBC ដើម្បីឱ្យមានការប្រាស្រ័យទាក់ទងគ្នា តាមរយៈមធ្យោបាយជាច្រើន ស្តីពីការបង្កើតយន្តការលម្អិតសម្រាប់ការត្រួតពិនិត្យបទឈប់បាញ់ ដែលអំណោយផលដល់ការបញ្ចប់ការប្រយុទ្ធគ្នាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ៖ “ចិនសរសើរ និងស្វាគមន៍ចំពោះរឿងនេះ” ៕
ចែករំលែកព័តមាននេះ