ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន០២នាក់ដែលរស់នៅខេត្តប៉ៃលិនបានទៅធ្វើសកម្មភាពលួចម៉ូតូនៅខេត្តបន្ទាយមានជ័យ តែត្រូវជិះមកជាប់អន្ទាក់កងរាជអាវុធហ្ថស្រុកកំរៀង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ មេសា ពេលកំពុងព្យាយាមជិះគេចខ្លួន ឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួន ។

សេចក្ដីរាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា លោកចោរលួចឆ្លងខេត្តទាំង០២នាក់នោះ ម្នាក់ឈ្មោះ យ៉ាត ចេក ភេទប្រុស អាយុ១៧ឆ្នាំ ជាបុគ្គលិកកាស៊ីណូ និង ម្នាក់ទៀតឈ្មោះ ធឿន ធា ភេទប្រុស អាយុ១៧ឆ្នាំ ពួកគេនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យដៃឆើតទាំង០២នាក់នេះ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងស្ទាក់ចាប់បាន ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និង ក្រោយពីទទូលសំណើសុំជួយសហការពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ។
គេមិនទាន់ដឹងថា ព្រឹត្តិហេតុនៃអំពើចោរកម្មនេះ កើតឡើងនៅចំណុចណា ម៉ោងប៉ុន្មាន ឬនៅថ្ងៃណាទេ តែសមត្ថកិច្ចបានប្រើថា ហេតុការណ៍នេះ បានកើតឡើងនៅទឹកដី ខេត្តបន្ទាយមានជ័យ ។
ក្រោយកើតហេតុ និងកំណត់បាននូវគោលដៅនៃមុខសញ្ញាជនសង្ស័យ ទើបសមត្ថកិច្ចបន្ទាយមានជ័យ សុំឲ្យសមត្ថកិច្ចស្រុកកំរៀងជួយសហការ រហូតត្រូវស្ទាក់ក្របួចកជាប់ ឃាត់ខ្លួនបានទាំងជនសង្ស័យ ដកហូតបានទាំងម៉ូតូ ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថស្រុកកំរៀងបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០២គ្រឿងម៉ាក «ស្គូពី» ដែលមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KD.0291 និងមួយគ្រឿងទៀត ពណ៌.សលាយផ្កាឈូក ពាក់ស្លាកលេខប.មានជ័យ 1AC.4241។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ក្នុងរបាយការណ៍ថា ក្រោយឃាត់ខ្លួន ដកហូតវត្ថុតាងដូចខាងលើ និងសួរនាំបឋម ពេលនេះ ជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាងផង ត្រូវបានប្រគល់ឲ្យទៅកម្លាំងកងរាជអាវុធហត្ថខេត្តបបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីហើយ ៕

ចែករំលែកព័តមាននេះ