រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ដែលធាត់ និងមានក្បាលពោះធំបានចាប់ផ្ដើមហាត់ប្រាណសម្រកក្បាលពោះ ដើម្បីឲ្យមានសុខភាពល្អ និងងាយស្រួលក្នុងពេលចុះបង្ក្រាបបទល្មើសផ្សេងៗ រត់ដេញចាប់ជនសង្ស័យជាដើម នេះ គឺជាការរៀបចំឡើង ដោយលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាក់ថា ការហាត់ប្រាណសម្រកក្បាលពោះនោះបានចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ នៅក្លិបហាត់ប្រាណអាណាចក្រកំបូល ដែលមានទីតាំងនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។


ក្នុងនោះមានគ្រូជំនាញហាត់ប្រាណម្នាក់ឈ្មោះ សំរឹត ជាអ្នកបង្ហាតដល់មន្ត្រីនគរបាលដែលមានក្បាលពោះធំទាំងនោះជារៀងរាល់ថ្ងៃ ហើយពេលវេលាហាត់ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ។
នៅក្នុងឱកាសនៃការចាប់ផ្ដើមហាត់ថ្ងៃដំបូងនោះ លោកគ្រូ សំរឹត ក៏បានណែនាំពីរបៀបហាត់ និងបានពន្យល់អំពីរបបអាហារដែលត្រូវពិសាប្រចាំថ្ងៃដល់មន្ត្រីនគរបាលដែលបានចូលទៅហាត់នោះផងដែរ ។

គ្រូបង្វឹករូបនោះក៏បញ្ជាក់អំពីពេលវេលានៃការហាត់ឲ្យស្រកក្បាលពោះផងដែរថា ត្រូវប្រើរយៈពេល៦ខែទៅ១២ខែ អាស្រយ័ទៅលើការយកចិត្តទុកដាក់នឹងធ្វើរបបអាហារដោយការស្រលាញ់សុខភាពរបស់បុគ្គលម្នាក់ៗស្របតាមទិសដៅដែលថ្នាក់ដឹកនាំចង់បាន ។
មន្ត្រីនគរបាលខណ្ឌកំបូលបានប្រាប់ថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាជាមួយគ្រូជំនាញហាត់ប្រាណ ដើម្បីធ្វើការសម្រកក្បាលពោះដល់មន្ត្រីនគរបាលដែលមានក្បាលពោះធំ ។
បន្ទាប់មកលោកអធិការក៏បានកំណត់យកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥តទៅ ដើម្បីឲ្យមន្ត្រីនគរបាលដែលមានក្បាលពោះធំទាំងនោះចាប់ផ្ដើមនូវវិធីសម្រកក្បាលពោះតាមរយៈការហាត់ប្រាណនេះ ហើយមានមន្ត្រីនគរបាលក្បាលពោះធំច្រើននាក់បានចូលហាត់ ៕

ចែករំលែកព័តមាននេះ