រាជធានីភ្នំពេញ ៖ កម្ពុជាត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។
ប្រភពបញ្ជាក់ថា ៖ “កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន” ។
ប្រភពបានអះអាងថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត ៕


ចែករំលែកព័តមាននេះ