ខេត្តកំពង់ស្ពឺ ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែលេខ១៤៣ ដែលតភ្ជាប់ពីរង្វង់មូលវិមានឯករាជក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន រហូតដល់ផ្លូវជាតិលេខ៤១ ឆ្លងកាត់ឃុំជាច្រើន បានរងការខូចខាតបណ្តើរៗហើយ ខណៈដែលរថយន្តធុនធំៗដឹកដីក្រួស ខ្សាច់ ថ្ម ឆ្លងកាត់ជារៀងរាល់ថ្ងៃ ។

ប្រជាពលរដ្ឋបាននិយាយឱ្យដឹងថា កំណាត់ផ្លូវក្រាលកៅស៊ូលេខ១៤៣នេះ សព្វថ្ងៃនេះ បានរងការខូចខាតជាអន្លើរៗ និងបណ្តើរៗហើយចាប់ពីឃុំក្រាំងអំពិល នៃស្រុកសំរោងទង និងឃុំស្រង់ ស្រុកគងពិសី ដោយសារតែក្រុមរថយន្តធុនធំដឹកដី ដឹកក្រួស ខ្សាច់ ថ្ម បើកបរឆ្លងកាត់ជារៀងរាល់ថ្ងៃ រាល់យប់មិនខ្លាចញញើតច្បាប់ និងមិនខ្លាចក្នុងការប៉ះពាល់ដល់សម្បត្តិសាធារណៈរបស់រដ្ឋនោះឡើយ ។

ប្រជាពលរដ្ឋដដែលបានបន្តថា អ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភនោះ ខ្លាចក្រែងមានគ្រោះថ្នាក់ដោយប្រការណាមួយ ដោយសារតែផ្លូវក្រាលកៅស៊ូលេខ១៤៣នេះខូចខាតបណ្តើរៗ មានជង្ហុកតូចធំជាច្រើន ហើយកម្មករ កម្មការិនីរោងចក្រតែងតែធ្វើដំណើរទៅបំពេញការងាររាល់ថ្ងៃ ។

ហើយមួយវិញទៀត សិស្សានុសិស្ស កូនចៅតូចៗជិះម៉ូតូ ជិះកង់ទៅសាលាព្រឈមគ្រោះថ្នាក់ដោយយថាហេតុ។ ជាពិសេស ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់ ក៏ព្រោះតែគ្មានភ្លើងបំភ្លឺផ្លូវ ហើយផ្លូវមានសភាពរងការខូចខាតមានជង្ហុកថែមទៀតផងនោះ។

ប្រជាពលរដ្ឋធ្វើការសំណូមពរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធជាពិសេស មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺជួយចាត់មន្ត្រីជំនាញចុះពិនិត្យ និងធ្វើការជួសជុលឡើងវិញផង៕
ចែករំលែកព័តមាននេះ