ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​៨​ចំណុច ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា អនុវត្ត​នូវ​សារាចរ​លេខ​០១​សរ ចុះ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា អនុវត្ត​នូវ​សារាចរ​លេខ​០១​សរ ចុះ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី វិធានការ ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ ក៏​ដូច​ជា​ក្នុង​គោលបំណង ដើម្បី​គ្រប់គ្រង​ទីតាំង​ប្រភព​បំពុល​ខ្យល់​ឱ្យ​បាន​កាន់តែ​ប្រសើរ សំដៅ​ធានា​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​កែ​លម្អ​សោភ័ណ​ភាព នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន និង​សាធារណជន ក្នុង​រាជធានី​ភ្នំពេញ ចូលរួម​អនុវត្ត​នូវ​វិធានការ​ដូច​ខាងក្រោម ៖

១- ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ការ​ដុត​វាលស្មៅ ការ​ដុត​គល់​ជញ្ជាំង ការ​ដុត​សំរាម ការ​ដុត សំណល់​រឹង​នៅ​តាម​ទីវាល ទីលាន​ចាក់​សំណល់ និង​ការដ្ឋាន​សំណង់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

២- ត្រូវ​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​សំណង់ អ្នក​ទទួល​ការ​សាងសង់​សំណង់ ម្ចាស់​អាជីវកម្ម​បេតុង​លាយ​ស្រេច អាជីវកម្ម​ថ្ម​សំណង់ ខ្សាច់ ក្រួស ឬ​បរិក្ខារ​សំណង់​ផ្សេង​ៗ និង ម្ចាស់​អាជីវកម្ម​ដឹក​ដី អំពី​វិធានការ​ទប់ស្កាត់​ការ​ហុយធូលី ឬ​ភាគល្អិត​និចល​ទៅ​ក្នុង​ខ្យល់ និង​ការ​បង្ហូរ សំណល់​ផ្សេង​ៗ ចេញពី​ទីតាំង​ប្រភព​បំពុល ដែល​មាន​ជា​អាទិ៍ ការដ្ឋាន​សំណង់ ទីតាំង​ដឹក​ជញ្ជូន​ស៊ីម៉ងត៍ ខ្សាច់ ក្រួស ដី ទីតាំង​ផលិត​បេតុង​លាយ​ស្រេច ការដ្ឋាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធូលី​ហុយ នៅ​តាម​ដងផ្លូវ ។

៣- ត្រូវ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​រថយន្ត​ដឹក​ដី ខ្សាច់ ក្រួស ថ្ម​សំណង់ រៀបចំ​គ្រប​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កំពប់ ឬ​ជ្រុះ​ធ្លាក់​តាម​ដងផ្លូវ​ពេល​ដឹក​ជញ្ជូន និង​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​អាជីវកម្ម ម្ចាស់​សំណង់ និង​អ្នក​ទទួល​ការ​សាងសង់​សំណង់ ដែល​បាន​ទុកដាក់​សម្ភារៈ​សំណង់ ឬ​បរិក្ខារ​សំណង់ ផ្សេង​ៗ​ដែល​ជា​ប្រភព​បំពុល​ខ្យល់ (​ខ្សាច់ ក្រួស ថ្ម កម្ទេច​កម្ចី​អគារ​។​ល​។​) រំលោភ​ចំណី​ថ្នល់ ផ្លូវ សាធារណៈ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ការ​ធ្វើ​ដំណើរ និង​បង្ក​ការ​ហុយធូលី​នៅ​តាម​ដងផ្លូវ និង​ទី​សាធារណៈ ។

៤- ត្រូវ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ដាក់​វិធានការ​ដល់​ម្ចាស់​អាជីវកម្ម ដឹក​ដី ខ្សាច់ ក្រួស ថ្ម សំណង់ ស៊ីម៉ងត៍ ឬ​បរិក្ខារ​សំណង់​ផ្សេង​ៗ ត្រូវ​សម្អាត​កម្ទេច​កម្ចី​ដែល​កំពប់ ឬ​ជ្រុះ​ធ្លាក់​តាម​ដងផ្លូវ និង​លាង​សម្អាត​ផ្លូវ​ដែល​ខ្លួន​បាន​ដឹក​ជញ្ជូន​ឱ្យ​បាន​ស្អាត​។ ក្នុង​ករណី​ម្ចាស់​អាជីវកម្ម​មិន​អនុវត្ត​ទៅ តាម​វិធានការ​ដែល​បាន​ណែនាំ រដ្ឋបាល​ខណ្ឌ ត្រូវ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​នេះ​ជា​បណ្តោះអាសន្ន​។

៥- ត្រូវ​បន្ត​ជំរុញ​ការ​ចុះ​អប់រំ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ឱ្យ​ចូលរួម​ទប់ស្កាត់​ការ​ដុត​វាលស្មៅ ការ​ដុត​គល់ ជញ្ជាំង ការ​ដុត​សំរាម ការ​ដុត​សំណល់​រឹង​នៅ​តាម​ទីវាល ទីលាន​ចាក់​សំណល់ និង​ការដ្ឋាន​សំណង់ ផ្សេង​ៗ ដោយ​ធ្វើការ​សម្អាត​ជា​ប្រចាំ​នៅ​តាម​បរិវេណ​ជុំវិញ​ផ្ទះ សាលារៀន និង​ដងផ្លូវ​សាធារណៈ​ជាដើម ។

៦- មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត ដោយ​ផ្អែក​តាម​ស្តង់ដា​នៃ​ការ​បញ្ចេញ​សារធាតុបំពុល​ខ្យល់ ពី​យានយន្ត​ដែល​បាន​កំណត់ ដោយ​សារាចរ​លេខ ០១​សរ ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

៧- មន្ទីរ អង្គភាព​ពាក់ព័ន្ធ​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ត្រួតពិនិត្យ​នូវ​កម្រិត​កំណត់​ស្តង់ដា​ស្ពាន់ធ័រ​ដែល មាន​ផ្ទុក​ក្នុង​ប្រេងឥន្ធនៈ តាម​ការ​កំណត់​របស់​ក្រសួង​នៅ​តាម​ទីតាំង​ស្ថានីយប្រេងឥន្ធនៈ​នានា​ក្នុង រាជធានី​ភ្នំពេញ ។

៨- មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ជា​សេនាធិការ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​តាមដាន និង​ត្រួតពិនិត្យ ស្ថានភាព​ខ្យល់ និង​កំហាប់​ភាគល្អិត​កើតឡើង​ក្នុង​បរិយាកាស ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព សាធារណៈ និង​គុណភាព​បរិស្ថាន ដោយ​ត្រូវ​ជូនដំណឹង និង​រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ប្រចាំ ដើម្បី​អន្តរាគមន៍​ទប់ស្កាត់ និង​ចាត់វិធានការ​ឱ្យ​បាន​ទាន់​ពេលវេលា​។

ទទួល​បាន​សេចក្តីណែនាំ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ពិសេស គ្រប់​រដ្ឋបាល​ខណ្ឌ សង្កាត់ មន្ទីរ​-​អង្គភាព​ជុំវិញ​រដ្ឋបាល រាជធានី​ភ្នំពេញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ សហការ អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ