ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ត្រៀម​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅតួក​គី​ដើម្បី​ជួប​អ៊ុ​យ​ក្រែន​នៅ​សប្ដាហ៍​ក្រោយ

5 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​រំពឹង​ថា​រុស្ស៊ី និង​អ៊ុយ​ក្រែន​នឹង​ជួប​គ្នា​​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល ប្រទេស​តួក​គី​​ នា​សប្ដាហ៍​ក្រោយ​​ដើម្បី​​ពិភាក្សា​​​អំពី​លក្ខ​ខណ្ឌ​នៃ​​បទ​ឈប់​បាញ់​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​លោក​ប៉េស្កូស​នៅ​ល្ងាច​ថ្ងៃ​សុក្រ​។ ជា​ថ្មី​ម្ដង​ទៀត​ លោក​មិន​ភ្លេច​ថ្លែង​អំណរ​គុណ​ជា​អនេក​ប្ប​កា​រ​ចំពោះ​​រដ្ឋា​ភិបាល​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ត្រាំ​ដែល​តែង​តែ​ឈឺឆ្អាល​នៅ​ក្នុង​បញ្ហា​នេះ​ និង​តែង​តែ​ដើរ​តួ​នាទី​សំខាន់​នៅ​ក្នុង​ការ​សម្រប​សម្រួល​​។​ គេ​ដឹង​ថា​រុស្ស៊ី​ស្នើ​ជួប​គ្នា​ជា​មួយ​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ទី​២…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​រំពឹង​ថា​រុស្ស៊ី និង​អ៊ុយ​ក្រែន​នឹង​ជួប​គ្នា​​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល ប្រទេស​តួក​គី​​ នា​សប្ដាហ៍​ក្រោយ​​ដើម្បី​​ពិភាក្សា​​​អំពី​លក្ខ​ខណ្ឌ​នៃ​​បទ​ឈប់​បាញ់​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​លោក​ប៉េស្កូស​នៅ​ល្ងាច​ថ្ងៃ​សុក្រ​។ ជា​ថ្មី​ម្ដង​ទៀត​ លោក​មិន​ភ្លេច​ថ្លែង​អំណរ​គុណ​ជា​អនេក​ប្ប​កា​រ​ចំពោះ​​រដ្ឋា​ភិបាល​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ត្រាំ​ដែល​តែង​តែ​ឈឺឆ្អាល​នៅ​ក្នុង​បញ្ហា​នេះ​ និង​តែង​តែ​ដើរ​តួ​នាទី​សំខាន់​នៅ​ក្នុង​ការ​សម្រប​សម្រួល​​។​

គេ​ដឹង​ថា​រុស្ស៊ី​ស្នើ​ជួប​គ្នា​ជា​មួយ​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា​។ ប៉ុន្តែ​អ៊ុយ​ក្រែន​ចង់​ឃើញ​សំណើ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​របស់​រុស្ស៊ី​ជា​មុន​សិន​មុន​នឹង​ខ្លួន​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ជួប​គ្នា​នៅ​អ៊ីស្តាន់​ប៊ូល​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន លោក​អាន​ឌ្រី ស៊ីប៊ីហា (Andrii Sybiha)​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​គណៈ​ប្រតិ​ភូ​រុស្ស៊ី​កំពុង​រៀប​ចំ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​អ៊ីស្តាន់​ប៊ូល​ហើយ​ ហើយ​ត្រៀម​ជួប​អ៊ុយ​ក្រែន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​សប្ដាហ៍​​ក្រោយ​។​

លោក​ប៉េស្កូស​ថ្លែង​បន្ត​ទៀត​ថា​នៅ​ពេល​នេះ គ្រប់​គ្នា​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គម្រោង​ជួប​គ្នា​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​។ លោក​ថា​រុស្ស៊ី​កំពុង​រៀប​ចំ​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ​សេចក្ដី​លម្អិត​នៃ​លក្ខ​ខណ្ឌ​ទាំង​នោះ​នឹង​មិន​ផ្សព្វ​ផ្សាយ​ជា​សា​ធារណៈ​ទេ​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ចំណោម​លក្ខ​ខណ្ឌ​នានា​ដែល​លោក​ពូទីន​ទាម​ទារ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​សង្គ្រាម​អ៊ុយ​​ក្រែន​ក៏​មាន​និយាយ​អំពី​ការ​ទាមទារ​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​ផ្ដល់​ការ​ធានា​ជា​លាយ​លក្ខ​ណ៍​អក្សរ​​ថា​ពួក​គេ​នឹង​មិន​ពង្រីក​អង្គ​ការ​ណាតូ​បន្ថែម​ទៀត​ចូល​ទៅ​តំបន់​អឺរ៉ុប​ខាង​កើត​ទេ​។​

ប្រេសិត​ពិសេស​របស់​លោ​កត្រាំ​ទទួល​បន្ទុក​ខាង​កិច្ច​ការ​អ៊ុយ​ក្រែន​ លោក​ខេត​ខេឡក់ (Keith Kellogg) ថ្លែង​ថា​​រុស្ស៊ី​និយាយ​​​សម​ហេតុ​ផល​ពាក់​ព័ន្ធ​នឹង​ករណី​ដែល​អង្គ​ការ​ណាតូ​ចេះ​តែ​​បន្ត​​វាត​ទី​កាន់​តែ​កៀក​ទៅ​ៗ​នឹង​របង​ផ្ទះ​របស់​ខ្លួន​​។ លោក​ខេឡក់​ថ្លែង​ថា​អាមេរិក​ (ក្រោម​ការ​ដឹក​នាំ​របស់​ត្រាំ) ក៏​មិន​ចង់​ឃើញ​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​របស់​អង្គ​ការ​ណា​តូ​នោះ​ដែរ​។ ដូច្នេះ​គោល​បំណង​របស់​ត្រាំ និង​ពូទីន​គឺ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​តែ​ម្ដង​។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​លោ​កខេឡក់ លោក​ប៉េស្កូស​ (អ្នក​នាំ​ពាក្យ​វិមាន​​ក្រឹម​ឡាំង) ក៏​និយាយ​បន្ទរ​ពី​ក្រោយ​ថា​ជំហរ​របស់​រុស្ស៊ី​ត្រង់​ចំណុច​នេះ​​នៅ​រក្សា​ទុក​ដដែល​ឥត​ប្រែ​ប្រួល​ទេ​គឺ​ថា​​​រុស្ស៊ី​សូម​ជំទាស់​ជា​ដាច់​ខាត​មិន​អនុញ្ញាត​ឱ្យ​ណាតូ​​ជម្រុល​ដំណើរ​​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ជា​បន្ត​ទៀត​ទេ​​។ លោក​ប៉េស្កូស​ថ្លែង​ថា​រុស្ស៊ី​ស្ងប់​ចិត្ត​ហើយ​នៅ​ពេល​​អ្នក​ដទៃ​​យល់​​​ចិត្ត​ និង​បំណង​របស់​លោក​ពូទីន​។

លោក​ប៉េស្កូស​ថ្លែង​បន្ត​ទៀត​ថា​ចំណុច​ដែល​រដ្ឋាភិបាល​របស់​លោ​កត្រាំ​មិន​ទទួល​យក​អ៊ុយ​ក្រែន​ជា​សមាជិក​របស់​អង្គ​ការ​ណាតូ និង​មិន​បណ្ដោយ​ឱ្យ​ណាតូ​រុក​រាន​ទន្ទ្រាន​ទី​ទៅ​ភាគ​ខាង​កើត​​​នេះ​ធ្វើ​ឱ្យ​រុស្ស៊ី​ពេញ​ចិត្ត​ពេញថ្លើម​យ៉ាង​ខ្លាំង​។ រុស្ស៊ីគាំទ្រ​ឱ្យ​ទី​ក្រុង​វ៉ាស៊ីន​តោន​បំពេញ​តួ​នាទី​ជា​អ្នក​សម្រប​សម្រួល​ដ៏​ល្អ​នេះ​​ជា​បន្ត​ទៀត​ចុះ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ