រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់គណបក្សនយោបាយចំនួន២៨ ជាបក្សសម្ព័ន្ធភាពចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកនយោបាយជ្រុលនិយមដែលមានបំណងចង់បំផ្លាញកម្ពុជា ។

ថ្លែងក្នុងសន្និសីសារព័ត៌មាន នារសៀលថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៥ ក្រោយកិច្ចប្រជុំរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយប្រធានគណបក្សសម្ព័ន្ធ ភាពនៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ឧសភា ឯកឧត្តម ជា ធារិទ្ធ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រធានគណបក្សនយោបាយដែលជាសម្ព័ន្ធភាពចូលរួមប្រឆាំងនឹងក្រុមអ្នកនយោបាយជ្រុលនិយម ។
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ សម្តេចតេជោក៏បានអំពាវនាវកុំឲ្យមានការញុះញង់រឿងនេះឲ្យក្លាយជា រឿងស្អប់ជាតិសាសន៍ ដែលជារឿងមួយដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយគ្នា និងជារឿងមួយមិនគប្បីនោះទេ ។ បញ្ហានេះ រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធត្រូវដោះស្រាយដោយសន្តិវិធី ហើយធ្វើទៅដោយអត់ធ្មត់បំផុត ។ បើតាមឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា «សម្តេចតេជោស្នើដល់គណបក្សសម្ព័ន្ធភាពធ្វើការទប់ស្កាត់ និងប្រឆាំងដាច់ខាតនូវនយោបាយជ្រុលនិយមនៅក្នុងប្រទេសយើង ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ដរាបណានយោបាយជ្រុលនិយមនៅក្នុងប្រទេសកម្ពុជានៅតែកើតមាន គឺប្រទេសកម្ពុជានិងតែមានហានិភ័យ ហើយសម្តេចបានបញ្ជាក់ពីយន្តការថា ងើបមួយ ត្រូវមានវិធានការមួយ» ។ អ្នកនាំពាក្យបានអះអាងចំពោះវិធានការនោះ នឹងត្រូវធ្វើចំពោះក្រុមណាដែលធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធច្បាប់មានន័យថា ការចង់ផ្លាស់ប្តូរ ឬបដិវត្តន៍ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យនោះ រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនិងមានវិធានការជាកំហិតដែលវិធានការអនុវត្តជាទូទៅ ។ លើសពីនេះ សម្តេចបានចែករំលែកបទពិសោធន៍ដល់ប្រធានគណបក្សនយោបាយទាំងអស់អំពីស្ថានភាពពាក់ព័ន្ធនានា និងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
សម្តេចតេជោក្នុងនាមជាប្រធានគណបក្សកាន់អំណាច ក៏ដូចជារាជរដ្ឋាភិបាលគឺធ្វើយ៉ាងណា ដោះស្រាយបញ្ហាព្រំដែនដែនដោយសន្តិវិធីដោយការចរចា ។ សម្តេចបានបញ្ជាក់ចំពោះគណបក្សនយោបាយថា «ជំហរកម្ពុជាមិនចង់មានសង្គ្រាមនោះទេ ប៉ុន្តែក្នុងករណីចាំបាច់ ហើយជៀសមិនបាននឹងធ្វើសង្គ្រាមជាមួយថៃ បើសិនមានករណីឈ្លានពាន» ។ តែយ៉ាងណា សម្តេចតេជោបានលើកទឹកចិត្តឲ្យភាគីទាំងអស់ មានភាពអត់ធន់ និងចរចាគ្នា ដើម្បីរក្សាបាននូវព្រំដែនសហប្រតិបត្តិការល្អ មិត្តភាព និងអភិវឌ្ឍន៍។ អ្វីដែលសំខាន់នោះគឺសម្តេចតេជោថា មិនចង់ឃើញមានសង្គ្រាមនោះទេ។

បើតាមឯកឧត្តមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា សម្តេចតេជោមិនចង់ឃើញសង្គ្រាមជាមួយប្រទេសជិតខាងទេ ប៉ុន្តែបើសិនមានការឈ្លានពានរាជរដ្ឋាភិបាលនឹងមានវិធានការ ហើយពេលនេះ បានត្រៀមនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងរក្សាដែនអធិបតេយ្យភាពរបស់ខ្លួន»។
ឯកឧត្តមអ្នកនាំពាក្យក៏បានលើកឡើងថា ចំពោះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានមានការឯកភាពពីប្រធានគណបក្សនយោបាយជាសម្ព័ន្ធភាព ក្នុងការថែរក្សាសន្តិភាពអធិបតេយ្យភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ