ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ជំងឺ​​​ផ្តាសាយ​​​បក្សី​​ដុត​កម្ទេច​​​ទា​រាប់​​​​ពាន់​​​ក្បាល

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ធ្លាប់​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​ត្រើយ​ខាង​កើត និង​ត្រើយ​ខាង​លិច​ទន្លេ​មេ​គង្គ​ ក្នុង​នោះ​មាន​ដូច​ជា​ ស្រុក​ពញា​ក្រែក​ ក្រុង​សួង​ ស្រុក​ស​្ទឹងត្រង់​ ស្រុក​កំពង់​សៀម​ ដោយ​បាន​សម្លា.ប់​មនុស្ស​ចំនួន​៥​នាក់​មក​ហើយ​ ។

ខេត្ត​កំពង់​ចាម​ ៖ ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ធ្លាប់​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​ត្រើយ​ខាង​កើត និង​ត្រើយ​ខាង​លិច​ទន្លេ​មេ​គង្គ​ ក្នុង​នោះ​មាន​ដូច​ជា​ ស្រុក​ពញា​ក្រែក​ ក្រុង​សួង​ ស្រុក​ស​្ទឹងត្រង់​ ស្រុក​កំពង់​សៀម​ ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​៥​នាក់​មក​ហើយ​ ។ លុះ​ចុង​ក្រោយ​នេះ​បាន​ផ្ទុះ​ឡើង​នៅស្រុក​បាធាយ​លើ​ហ្វូងសត្វ​ទា​រាប់​ពាន់​ក្បាល​របស់​កសិករ​ ហើយ​មន្ត្រី​ជំនាញ​បាន​បើក​យុទ្ធនាការ​ចុះ​បាញ់​ថ្នាំ និង​ចាប់​​ដុត​កម្ទេច​ចោល​ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​ឆ្លង​រីក​រាល​ដាល​មក​លើ​មនុស្ស ។​

លោក​នង​ ម៉េង​ហ៊ាង​ ប្រធាន​ការិយា​ល័យ​ផលិត​កម្ម និង​បសុ​ព្យា​បាល​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ​ថា​ ដោយ​មាន​ការ​ណែនាំ​ពី​លោក​គឹម​ សាវឿន​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​​ បាន​ចាត់​ឱ្យ​កម្លាំង​បសុ​ព្យាបាល​យក​ចិត្ត​ទុក​ដាក់​តាមដាន​មើល​ពី​ការ​​ផ្ទុះ​នូវ​ជំងឺ​​ផ្តាសាយ​បក្សី​ (H5N1) ដែល​រយៈ​ពេល​កន្លង​មក​មាន​សភាព​ស្ងប់​ស្ងាត់​មិន​មាន​ការ​ផ្ទុះ​ឡើង​នៅ​តំបន់​ណា​មួយ​នោះ​ទេ ​ដោយ​សារ​តែ​យុទ្ធ​នា​ការ​ចុះ​បាញ់​ថ្នាំ​ និង​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ត្រូវ​ប្រុង ប្រយ័ត្ន មិន​ត្រូវ​ប៉ះពាល់​មាន់​ទា​ដែល​ឈឺ​ ឬងាប់​​យក​ទៅ​ហូប​ឡើយ ត្រូវ​ជីក​ដី​កប់​ចោល ។​ លោក​នង ម៉េង​ហ៊ាង​ បន្ត​ថា​ កាលពីថ្ងៃ​ទី​១១​ កុម្ភៈ​ នៅ​ភូមិ​ស្វាយ​ព្រៃ​ ឃុំ​សណ្តែក​ ស្រុក បាធាយ​ រូប​លោក​និង​សហការី​បាន​ចុះ​យុទ្ធនា ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដល់​កសិករ​ចំនួន​១៩​គ្រួសារ​ដែល​ចិញ្ចឹម​ទា​ចំនួន​២១.២៥០​ក្បាល ។​ ក្នុង​នោះ​មាន​២គ្រួសារ​គឺ​ ១-​ឈ្មោះ​ ញឹប​ ស្រ៊ន់​ ចិញ្ចឹម​ទា​ចំនួន​២.៧៥០​ក្បាល​ កាលពី​ចន្លោះ​ថ្ងៃទី​៤​ ដល់​ថ្ងៃទី​៧ កុម្ភៈ​ បាន​ឈឺ​ងាប់​ចំនួន​១៩២​ក្បាល​ ត្រូវ​មន្ត្រី​ជំនាញ​យក​៥​ក្បាល​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ​ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៨-​១១​ កុម្ភៈ​ ២០១៤ ទា​បាន​ឈឺ​ងាប់​កើន​ដល់​ចំនួន​១.៨៥០​ក្បាល​ ចំណែក​ទា​នៅ​សល់​ត្រូវ​​សម្លាប់​ដុត​កប់​ចោល​នៅ​កន្លែង​ទួល​សុវត្ថិ​ភាព​ ។ សម្រាប់​គ្រួសារ​ទី២-​ឈ្មោះ​ ខុន​ ញ៉​ ចិញ្ចឹម​ទា​ចំនួន​២.៥០០​ក្បាល​ កាល​ពី​ថ្ងៃ​ទី​៤-៧ កុម្ភៈ​ ២០១៤ បាន​ឈឺ​ងាប់​អស់​ចំនួន​២.៣០០​ក្បាល​ ក្នុង​នោះ​យក​៥​ក្បាល​ទៅ​ធ្វើ​រោគ​វិន​ិ​ច្ឆ័យ​ ​រហូត​មក​ដល់​ថ្ងៃ​ទី​៨-​១១ កុម្ភៈ​ ទា​បាន​ងាប់​ចំនួន​១២៤​ក្បាល​ថែម​ទៀត​ ចំណែក​ទា​រស់​ដែល​នៅសល់​ត្រូវ​បាន​សម្លាប់​ដុត​កប់​ចោល​ដែរ​ ។​

លោក​ប្រធាន​ការិយា​ល័យ​ផលិត​កម្ម និង​បសុ​ព្យាបាល​ខេត្ត​បញ្ជាក់​ថា​ ថ្វីដ្បិត​មេរោគ​ផ្តាសាយ​បក្សី​ឆ្លង​មក​លើ​ពពួក​សត្វ​ទា​បណ្តាល​ឱ្យ​ងាប់​រាប់​ពាន់​ក្បាល​ តែ​តាម​រយៈ​ការ​បូម​ឈាម​អ្នក​ចិញ្ចឹម​ទា​យក​ទៅ​ពិនិត្យ​ មិន​ឃើញ​​មាន​មេ​រោគ​នេះ​ទេ ។​ ជាមួយ​គ្នា​នោះ​ដែរ​ ក្រុម​ការងារ​បាន​បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​នៅ​កន្លែង​កើត​ហេតុ​ និង​បរិ​វេណ​ជុំវិញ​របស់​ម្ចាស់​ទា​ខាង​លើ​ បោស​សម្អាត​អនា​ម័យ​ក្នុង​ភូមិ​ឋាន​ បិទ​រូបភាព​ និង​ចែក​ខិត្ត​ប័ណ្ណ​ស្តី​ពី​ហា​និ​ភ័យ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ផងដែរ ។​ កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ក្រសួង​​សុខា​​ភិបាល​​បាន​ប្រកាស​ពី​ករណី​​ផ្តា​​សាយ​បក្សី​​ចំនួន​១​ករណី​ថ្មី​​ដែល​ត្រូវ​បាន​អះ​អាង​បញ្ជាក់ថា ​វិជ្ជ​មាន​​វីរុស​​ផ្តាយ​សាយ​បក្សី​ H5N1 នេះ​​ជា​​ករណី​​ទី​១​ ក្នុងឆ្នាំ​នេះ ​​និងជាករណី​ទី​​៤៨ ដែល​ឆ្លង​​វីរុស​​ផ្តា​​សាយ​បក្សី​ H5N1 ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ​​នៅ​ថ្ងៃ​ទី​១២ កុុម្ភៈ​ ក្រសួង​សុខា​ភិបាល​ក៏​បាន​ប្រកាស​ពី​ផ្តាសាយ​បក្សីចំនួន​១​ករណី​ថ្មី​ទៀត​ត្រូវ​បាន​អះ​អាង​បញ្ជាក់​ថា​ វិជ្ជ​មាន​វីរុស​ផ្តាសាយ​បក្សី​ H5N1 ។ នេះ​ជា​ករណី​ទី​២​ ក្នុងឆ្នាំ​នេះ​ និង​ជា​ករណី​ទី​៤៩​ ដែល​ឆ្លង​វីរុស​ផ្តាសាយ​បក្សី​ H5N1។ ករណី​នេះ​មក​ពី​ខេត្ត​ក្រចេះ​ និង​បាន​ស្លាប់​នៅ​ថ្ងៃទី​៧​ កុម្ភៈ ។​ ៣៧​ករណី​​ក្នុង​ចំណោម​ករណី​ផ្តាសាយ​បក្សី​ទាំង​៤៩​ ដែល​កើត​មាន​ឡើង​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​ និង​២៧​ករណី​ក្នុង​ចំណោម​ករណី​ផ្តាសាយ​បក្សី​ទាំង​៤៩​ ជា​នារី​ ។​ ជា​ប​ន្ថែម​មាន​តែ​១៥​ករណី​មាន​ជីវិត​ចាប់​តាំង​ពី​មាន​ជំងឺ​ផ្តាសាយ​បក្សី​លើក​ដំបូង​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ក្នុងឆ្នាំ​២០០៥ ។​

ករណី​ទី​២​ នេះកើត​លើ​កុមារា​ម្នាក់​អាយុ​៨​ឆ្នាំ​ ដែល​មានទីលំនៅ​ក្នុង​ភូមិ​ក្បាល​ត្រាច​ ឃុំ​ស្រែ​ចា​ ស្រុក​ស្នួល ខេត្ត​ក្រចេះ​ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​ ២០១៤​ ថា មាន​ជំងឺ​ផ្តាសាយ​បក្សី​ H5N1 ។ កុមារា​នេះ​ចាប់​ផ្តើម​មាន​គ្រុន​ក្តៅ​ ហៀរ​សំបោរ និង​ឈឺ​បំពង់​ក​ នៅ​ថ្ងៃទី​៣១ មករា​ ២០១៤​ ហើយ​ឪពុក​ម្តាយ​ស្វែង​រក​ការ​ព្យា​បាល​នៅ​គ្លី​និក​ឯកជន​ក្នុង​ភូមិ ។​ ដោ​យសារ​ស្ថានភាព​សុខភាព​របស់​កុមារា​កាន់​តែ​ធ្ងន់​ធ្ងរ​ កុមារា​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​មេ​មត់នៅ​ថ្ងៃទី​៦ កុម្ភៈ​ ២០១៤។​ ដោយ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ​ កុមារា​មាន​គ្រុន​ក្តៅ​ ឈឺ​បំពង់​ក​ ក្អក ឈឺ​ពោះ​ ពិបាក​ដក​ដង្ហើម​ និង​សង្ឃឹម​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ចាម​ ប្រហែល​នៅ​វេលា​ម៉ោង​១​ទៀប​ភ្លឺ​ កុមារ​នោះ​ក៏​ត្រូវ​ដាក់​ឱ្យ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ និង​ទទួល​ការ​ព្យា​បាល​ដោយ​ឱសថ Tamiflu នៅ​ថ្ងៃទី​៧ កុម្ភៈ។​ ទោះ​ជា​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​ កុមារ​នោះ​បាន​ស្លាប់​នៅ​ថ្ងៃទី​៧​ កុម្ភៈ​ វេលា​ម៉ោង​៦​ល្ងាច ។​
ជំងឺ​​ផ្តាសាយ​បក្សី​ H5N1 គឺជា​ជំងឺ​ផ្តា​សាយ​​មួយ​ ដែល​​ជា​ធម្មតា​​ចម្លង​រវាង​សត្វ​​បក្សី​ឈឺ​ទៅ​បក្សី​​ផ្សេង​ទៀត ​ប៉ុន្តែ​​ជួន​កាល​​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស ។ ​ជំងឺ​ផ្តា​សាយ​​បក្សី​លើ​មនុស្ស​​​ជា​ជំងឺ​​​ធ្ងន​់ធ្ងរ ​ដែល​​តម្រូវ​​ឱ្យ​មាន​ការ​​ធ្វើ​ការ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ។ ​ទោះ​បី​​ជា​វា​មិន​ងាយ​​ឆ្លង​​ពី​មនុស្សម្នាក់​​ទៅ​មនុស្ស​ម្នាក់​ទៀត ​​ប៉ុន្តែ​​បើ​វា​ផ្លាស​់​ប្តូរ​​វា​នឹង​អាចរាល​ដាលដូច​នឹង​ជំងឺ​ផ្តា​សាយ​​តាម​រដូវ​​កាល​ដែរ​​ ​។ ​ដូច្នេះ​ការ​រក​​ឃើញ​​ករណី​​ទាន់​ពេល​វេលា​​មាន​សារ​​​សំខាន់​បំផុត ៕