រាជធានីភ្នំពេញ ៖ ទិវានៃក្តីស្រឡាញ់ដែលពីមុននេះ ត្រូវបានហៅខុសថាជាថ្ងៃបុណ្យសង្សារនោះ ពិតជាបានធ្វើឱ្យក្រុមយុវវ័យ ដែលភ្លើតភ្លើនទទួលយកដោយដៃ២ ហើយក៏ជាថ្ងៃដែលគូស្នេហ៍នាំគ្នាកក់បន្ទប់ផ្ទះសំណាក់គ្មានសល់ឡើយ សម្រាប់ថ្ងៃនេះ ។ បន្ទាប់ពីថ្ងៃនោះយុវតីមួយចំនួនបានបាត់បង់ព្រហ្មចារី ព្រោះតែបានបូជាសម្រាប់គូស្នេហ៍របស់ខ្លួន ដើម្បីបញ្ជាក់ចិត្តស្មោះ ។
ទោះបីជាមានការបូជាព្រហ្មចារីរបស់ខ្លួនក្តីក៏មិនមានន័យថា ស្នេហារបស់ពួកគេបានឈានទៅដល់ត្រើយនៃការកសាងសង្គមគ្រួសារមួយពិតប្រាកដនោះឡើយ ទីបំផុតបានត្រឹមតែភាពជូរចត់ប៉ុណ្ណោះ ។ ការយល់ខុសពីទិវានៃក្តីស្រឡាញ់នេះ ហាក់បានប្រែប្រួលនាឆ្នាំចុងក្រោយនេះ ដោយសារមិនមានការពពាក់ពពូននៃក្រុមយុវជនស្ទាវទាំងប្រុសទាំងស្រីដែលភ្លើតភ្លើនដូចសត្វមមាចរោមភ្លើងទៀតឡើយ ។ កាលពីថ្ងៃទី១២ កុម្ភៈ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានមួយដែលមានខ្លឹមសារថា ក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយសជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា បច្ចុប្បន្ននេះ ប្រជាជាតិខ្មែរមានមោទនភាពខ្លាំងណាស់ ដោយយុវជន យុវនារី សិស្សានុសិស្សយើង បានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ រក្សាបានសេចក្តីថ្លៃថ្នូរ ស្រឡាញ់កិត្តិយស មានសីលធម៌រស់នៅល្អ មានការយល់ដឹងខ្ពស់ ស័ក្តិសមជាកុលបុត្រ កុលធីតានៃមាតុភូមិអង្គរដ៏បវរនៃយើង ។
ជាមួយនោះ ក្រសួងអប់រំ យុវជន និងកីឡា មានការសោកស្តាយយ៉ាងខ្លាំង ដោយសង្កេតឃើញយុវជន យុវនារី សិស្សានុសិស្សមួយចំនួនតូច បាននិងកំពុងភ្លើតភ្លើនភ្លេចខ្លួនទន់ទោរតាមការអូសទាញរបស់មិត្តមិនល្អ ចម្លងវប្បធម៌បរទេស ដោយខ្វះការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជាយល់ថា ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃដែលត្រូវបូជាខ្លួនប្រាណជូនគូសង្សារបណ្តាលឱ្យជ្រុលជ្រួស បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ខ្លួន និងក្រុមគ្រួសារទៀតផង ។ អាស្រ័យហេតុនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមឆ្លៀតយកឱកាសនេះដើម្បីអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាលទាំងអស់ សូមជួយទប់ស្កាត់ និងអប់រំយុវជន យុវនារី សិស្សានុសិស្សជាកូនចៅទាំងអស់ ឱ្យប្រកាន់ខ្ជាប់ឥរិយាបថថ្លៃថ្នូរ ប្រុងប្រយ័ត្នជានិច្ច កុំបណ្តោយខ្លួនឱ្យចាញ់បោកមិត្តមិនល្អ ជនខិលខូច ឬជនឱកាសនិយម នាំឱ្យខូចខ្លួនប្រាណ បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ និងធ្វើឱ្យអាប់ឱនដល់ទំនៀមទម្លាប់ប្រពៃណីជាតិយើងផង ៕
ចែករំលែកព័តមាននេះ