រាជធានីភ្នំពេញ ៖ ដោយសារតែងប់ងុលនឹងល្បែងស៊ីសង ហើយជំពាក់លុយគេថែមទៀតនោះ ធ្វើឱ្យបុរសម្នាក់ក្លាយជាជនតិរច្ឆាន ដោយប្រើអំពើហិង្សាទៅលើប្រពន្ធ កូន និងរហូតដល់យកប្រេងសាំងមកចាក់ក្នុងបំណងដុតផ្ទះខ្លួនឯងចោល ព្រោះតែខឹងសុំលុយប្រពន្ធចំនួន៣០០ដុល្លារទៅសងបំណុលគេមិនបាន ។
ទោះជាបែបនេះក្តី ក្រោយពេលដែលសមត្ថកិច្ចចាប់បំពាក់ខ្នោះដៃមកឃុំនៅឯបុ៉ស្តិ៍មក បែរជាបុរសរូបនេះអះអាងថា ទង្វើខាងលើនេះគឺគ្រាន់តែគំរាមប្រពន្ធបុ៉ណ្ណោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី១២ កុម្ភៈ នៅក្នុងផ្ទះចំណុចផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បុរសខាងលើឈ្មោះ ខ្លូត វណ្ណៈ អាយុ៤៧ឆ្នាំ ដែលតាមប្រភពព័ត៌មានថា មិនត្រឹមតែវក់នឹងល្បែងស៊ីសងនោះទេ តែសង្ស័យជាជនប្រើថ្នាំញៀនថែមទៀត ។ ជុំវិញការចាប់ខ្លួនបុរសដែលវក់នឹងល្បែង ហើយគំរាមដុតផ្ទះខ្លួនឯងចោលនេះ មន្ត្រីប៉ូលិសបុ៉ស្តិ៍ភ្នំពេញថ្មីបានឱ្យដឹងថា មុនពេលកើតហេតុ ជននេះបានបង្កទំនាស់ក្នុងគ្រួសាររួចបានទិញប្រេងសាំង១លីត្រចាក់ជុំវិញបរិវេណផ្ទះគំរាមដុត បន្ទាប់ពីសុំលុយប្រពន្ធមិនបាន ។ បុ៉ន្តែដោយសារតែមានការអន្តរាគមន៍ពីអ្នកជិតខាងដែលភ័យខ្លាចជននេះដុតផ្ទះ ធ្វើឱ្យរាលដាលដល់គេហដ្ឋានផ្សេងៗទៀត ក៏បានទាក់ទងទៅប៉ូលិស ទើបមានការទប់ស្កាត់មិនឱ្យបុរសឆ្កួតនឹងល្បែង និងបែកថ្នាំញៀននេះដុតផ្ទះខ្លួនឯងទាន់ ។
យ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថកិច្ច បុរសនេះបានប្រកែកថា ខ្លួនគ្មានបំណងចាក់សាំងដុតផ្ទះនោះទេ គ្រាន់តែគំរាមបុ៉ណ្ណោះ ដោយសារតែខឹងសុំប្រាក់ប្រពន្ធចំនួន៣០០ដុល្លារយកទៅសងគេមិនបាន ព្រោះចាញ់ល្បែង។ លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខ បានបញ្ជាក់ថា បុរសខាងលើមានប្រវត្តិមិនល្អនោះទេ ដោយធ្លាប់បាញ់សម្លាប់ឪពុកមាខ្លួនឯងកាលពីជាង១០ឆ្នាំមុន ខណៈបុរសនេះមានតួនាទីជាមន្ត្រីយោធា ហើយត្រូវជាប់គុកចំនួន១២ឆ្នាំ និងទើបតែចេញពីពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុននេះបុ៉ណ្ណោះ ។
ជននេះជាមុខសញ្ញាជួញដូរថ្នាំញៀននៅប្លុកខាងលិចវត្តសំរោងអណ្តែត ដែលប៉ូលិសតាមប្រមាញ់ចាប់ខ្លួនជាយូរមកហើយ ។ ជាមួយនោះដែរ ជននេះក៏ជាអ្នកប្រើប្រាស់ថ្នាំញៀនថែមទៀតផង ។ បច្ចុប្បន្នបុរសឈ្មោះ ខ្លូត វណ្ណៈ នេះត្រូវសមត្ថកិច្ចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ