ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ស្វាគមន៍ CNRP ចរចា​គ្នា​​រៀបចំ​​យន្ដការ​​សម្រាប់​ដំណើរ​ការ​កំណែ​​ទម្រ​ង់​កា​រ​បោះ​ឆ្នោត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សេចក្តី​ថ្លែង​ការណ៍​ឆ្លើយ​តប​ភ្លាមៗ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ (CPP) ចុះ​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ (CNRP) ចុះ​ថ្ងៃ​ទី​១២​ កុម្ភៈ​ ដែល​ថា​ខ្លួន​បាន​សោក​ស្តាយ​ ដោយ​សារ​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ធ្វើ​តែ​ម្នាក់​ឯង​នោះ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប្រកាស​ស្វាគមន៍​ និង​ស្នើ​ដល់​គណ​បក្ស​សង្គ្រោះ​ជាតិ​

រាជធានីភ្នំពេញ​ ៖ សេចក្តី​ថ្លែង​ការណ៍​ឆ្លើយ​តប​ភ្លាមៗ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ (CPP) ចុះ​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ (CNRP) ចុះ​ថ្ងៃ​ទី​១២​ កុម្ភៈ​ ដែល​ថា​ខ្លួន​បាន​សោក​ស្តាយ​ ដោយ​សារ​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ធ្វើ​តែ​ម្នាក់​ឯង​នោះ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប្រកាស​ស្វាគមន៍​ និង​ស្នើ​ដល់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចាត់​តំណាង​របស់​ខ្លួន​ជួប​ចរចា​ជាមួយ​តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​រៀប​ចំ​យន្ត​ការ​មួយ​សម្រាប់​ដំណើរ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។​

គណ​បក្ស​សង្គ្រោះ​ជាតិ​មុន​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ​ បាន​ចោទ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ជា​គណ​បក្ស​កំពុង​កាន់​អំណាច​ មិន​បាន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ក្នុង​ជំនួប​រួម​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ ។​ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចេញ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ស្តី​ពី​ការ​បង្កើត​គណៈ​កម្ម​ការ​សិក្សា​ស្រាវ​ជ្រាវ​កែ​ទម្រង់​លើ​ការ​បោះ​ឆ្នោត​ ដែល​មាន​តែ​សមាស​ភាព​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទាំង​អស់​​ ។​ សេចក្តី​ថ្លែង​ការណ៍​បាន​រំលឹក​ថា​ ការ​សម្រេច​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គឺ​រំលោភ​លើ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ជំនួប​កំពូល​រវាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣​ នៅ​វិមាន​រដ្ឋ​សភា​ជាតិ​ ដែល​បាន​ព្រម​ព្រៀង​គ្នា​ និង​បង្កើត​យន្ត​ការ​មួយ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ។​ ដូច្នេះ​ការ​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ក្រោម​ការ​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ក្នុង​ការ​បង្កើត​គណៈ​កម្ម​ការ​ ឬ​ការ​បង្កើត​យន្ត​ការ​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដោយ​មិន​បាន​ប្រឹក្សា​យោបល់​ ឬ​ការ​ព្រម​ព្រៀង​ជា​មុន​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ស្មារតី​សម្រេច​រួម​ ថ្ងៃ​ទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣​ ។​

គណ​បក្ស​សង្គ្រោះ​ជាតិ​ ស្នើ​សុំ​ឱ្យ​បង្កើត​គណៈ​កម្ម​ការ​រួម​មួយ​ ដែល​មាន​សមាស​ភាព​ចូល​រួម​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ស្រប​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​​រួម​នៃ​ជំនួប​កំពូល​កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ ដើម្បី​ស្រាវ​ជ្រាវ​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ ។​ សេចក្តី​ថ្លែង​ការណ៍​រួម​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​ទូលំ​ទូលាយ​ ពិសេស​ពី​សំណាក់​សង្គម​សុីវិល​ អង្គ​ការ​ជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ធ្លាប់​មាន​បទ​ពិសោធន៍​ និង​ធ្លាប់​បាន​ផ្តល់​អនុ​សាសន៍​នានា​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ដើម្បី​ជំរុញ​ឱ្យ​យន្ត​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​មាន​ដំណើរ​ការ​លឿន​ទៅ​មុខ​ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​នានា​ ក្នុង​គោល​ដៅ​ធានា​ឱ្យ​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​លើក​ក្រោយ​ទៀត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​ ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ​ ។​
សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​សរ​សេរ​ថា​ កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជុំវិញ​ការ​បង្កើត​គណៈ​កម្ម​ការ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ ។​

កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ជា​កិច្ច​ដំណើរ​ការ​ដែល​ធ្លាប់​បាន​អនុវត្ត​ជា​បន្ត​បន្ទាប់​កន្លង​ទៅ​ និង​ជា​កំណែ​ទម្រង់​ដ៏​ស្មុគ​ស្មាញ​ ដែល​ទាម​ទារ​ពេល​វេលា​ ដោយ​មិន​អាច​អូស​បន្លាយ​ពេល​វេលា​តទៅ​ទៀត​បាន​ឡើយ​ ។​ ក្នុង​ការ​ជួប​ចរចា​កន្លង​មក​ គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្លាស់​ប្តូរ​ប្រធាន​បទ​ និង​លក្ខខណ្ឌ​នៃ​ការ​ទាម​ទារ​ជា​បន្ត​បន្ទាប់​ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ពិភាក្សា​អំពី​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​អូស​បន្លាយ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ ។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា​ ការ​បង្កើត​គណៈ​កម្ម​ការ​របស់​រាជ​រដ្ឋា​ភិបាល​ ដែល​កើត​ចេញ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​អំពី​ជម្រើស​នានា​ ក្នុង​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ គឺ​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​ពិត​ប្រាកដ​របស់​ខ្លួន​ ក្នុង​ការ​បន្ត​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​ដ៏​មាន​សារ​សំខាន់​នេះ​ ។​ ក្នុង​ន័យ​នេះ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្វាគមន៍​ និង​ស្នើ​សុំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចាត់​តំណាង​របស់​ខ្លួន​ជួប​ចរចា​ជាមួយ​តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​រៀប​ចំ​យន្ត​ការ​មួយ​សម្រាប់​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣​ ។​

លោក​ ជាម​ យៀប​ ឆ្លើយ​តប​ថា​ ប្រសិន​បើ​​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចង់​បង្កើត​គណៈ​កម្ម​ការ​ស្រាវ​ជ្រាវ​ដូច​គ្នា​ ម្តេច​ក៏​មិន​ចាត់​តាំង​មន្ត្រី​ និង​បង្កើត​គណៈ​កម្ម​ការ​របស់​ខ្លួន​ដូច​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែរ​ទៅ​ ព្រោះ​ថា​ ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប្រកាស​នៅ​ក្នុង​ឆ្នាំ​២០១៤​ថា​ នឹង​ធ្វើ​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​ស្តីពី​ផែន​ការ​កំណែ​ទម្រង់​សុី​ជម្រៅ​ ទៅ​លើ​ការ​រៀប​ចំ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អនា​គត​ ។​ ដូច្នេះ​ ថ្នាក់​ដឹក​នាំ​ទាម​ទារ​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​ការ​ងារ​ដែល​បាន​ចាត់​តាំង​ចុះ​ទៅ​ស្រាវ​ជ្រាវ​លើក​ដំបូង​ ដែល​បើក​ទូលាយ​សម្រាប់​ជូន​ដល់​អង្គ​ការ​សង្គម​សុីវិល​ អង្គ​ទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ និង​បណ្តា​ប្រទេស​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មិន​ធ្លាប់​មាន​បញ្ហា​ដូច​កម្ពុជា​ ឱ្យ​បាន​ដឹង​ និង​ផ្តល់​បទ​ពិសោធន៍​មក​ឱ្យ​កម្ពុជា​ ។​ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បញ្ជាក់​ថា​ នេះ​ជា​សិទ្ធិ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចង់​ធ្វើ​ គួរ​តែ​បង្កើត​គណៈ​កម្ម​ការ​មួយ​ ចុះ​ស្រាវ​ជ្រាវ​ដូច​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទៅ​ ។​ គណៈ​កម្ម​ការ​ដែល​បង្កើត​ឡើង​នេះ​ មិន​ទាក់​ទង​នឹង​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ​ គឺ​គ្រាន់​តែ​គណៈ​កម្ម​ការ​នេះ​ចុះ​ស្រាវ​ជ្រាវ​ពី​បញ្ហា​ជា​ច្រើន​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​កន្លង​មក​ ទាំង​សាកល​ និង​អសាកល​ ។​ គណៈ​កម្ម​ការ​នេះ​ មិន​ទាន់​បាន​និយាយ​ពី​បញ្ហា​ថា​ ត្រូវ​រួម​គ្នា​នោះ​ទេ​ បែរ​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ លើក​ឡើង​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​គោរព​តាម​ស្មារតី​កិច្ច​
ប្រជុំ​ ។​

ទាក់​ទង​នឹង​ការ​ជួប​ចរចា​រវាង​គណ​បក្ស​ទាំង​២​ លោក​ ជាម​ យៀប​ បាន​លើក​ឡើង​ថា​ តាម​ប្រភព​ព័ត៌​មាន​ដែល​លោក​បាន​ដឹង​ក្រោយ​ពី​លោក​ សម​ រង្សុី​ ត្រឡប់​មក​កាន់​ទឹក​ដី​កម្ពុជា​វិញ​ លោក​ សម​ រង្សុី​ បាន​ប្រជុំ​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​របស់​ខ្លួន​ ដើម្បី​ធ្វើ​លិខិត​សុំ​ជួប​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ការ​ជួប​ចរចា​ រវាង​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។​ ប៉ុន្តែ​បញ្ហា​នេះ​ ត្រូវ​បាន​លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បដិ
សេធ​ ។​ លោក​ ជាម​ យៀប​ សង្កត់​ធ្ងន់​ថា​ នេះ​ជា​តម្រុយ​មួយ​ តែ​ប្រសិន​បើ​គ្មាន​ឆន្ទៈ​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ដើម្បី​រួប​រួម​ក្នុង​ការ​ចរចា​ ហើយ​វា​ជា​សិទ្ធិ​របស់​គាត់​ ប្រសិន​បើ​គាត់​ចរចា​ ឬ​មិន​ចរចា​ យើង​មិន​អាច​យក​កាំភ្លើង​ទៅ​គំរាម​ ឬ​ភ្ជង់​គាត់​ឱ្យ​គាត់​ចូល​មក​ចរចា​នោះ​ទេ​ វា​ជា​សុឆន្ទៈ​របស់​គាត់​ ប្រសិន​បើ​គាត់​ប្រាកដ​ប្រជា​ថា​ គាត់​ធ្វើ​ ។ ព្រោះ​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ចាត់​តាំង​លោក​ ព្រំ​ សុខា​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ ចំណែក​តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ចាត់​តាំង​លោក​ គួយ​ ប៊ុន​រឿន​ ក្នុង​ការ​ទាក់​ទង​គ្នា​រួច​ស្រេច​ទៅ​ហើយ​ ៕​