ខេត្តស្វាយរៀង ៖ រថយន្តកុងតឺន័រមួយគ្រឿងទំនងជាអ្នកបើកបរងងុយដេកបានរេចង្កូតធ្លាក់ពីលើថ្នល់ទៅបុករះបង្គោលរបងលួសផ្ទះអ្នកស្រុក និងជ្រុលទៅបុកដើមប្រេងខ្យល់លាន់ដូចរន្ទះធ្លាក់កុងតឺន័រមកដីទៅមុខលែងរួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី១៣ កុម្ភៈ ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិគោកក្តោល ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
តាមសមត្ថកិច្ចស្រុកស្វាយជ្រំបានឱ្យដឹងថា រថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កនេះ ពាក់ស្លាកលេខភ្នំពេញ៤A០៤៩០ ផ្ទុកឥវ៉ាន់ពេញកុងតឺន័រ ធ្វើដំណើរពីក្រុងបាវិតឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តទំនងងងុយដេកក៏រេចង្កូតទៅស្តាំដៃធ្លាក់ពីលើថ្នល់ជាតិលេខ១ទៅបុករះដើមប្រេងខ្យល់ រួចជ្រុលទៅបុកបង្គោលរបងលួសបាក់អស់៣បង្គោល ធ្លាក់កុងតឺន័រចេញពីរ៉ឺម៉កមកដីទៅមុខលែងរួច រីឯអ្នកបើករថយន្តភ័យស្លន់ស្លោគ្មានមើលមុខក្រោយចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល៕
ចែករំលែកព័តមាននេះ