រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកចំនួន៣នាក់ត្រូវនគរបាលខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១២ កុម្ភៈ ២០១៤ នៅចំណុចផ្ទះជួលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ បន្ទាប់ពីធ្វើសកម្មភាពបើកទ្វាររថយន្តលួចកាបូបពីអាជីវករម្នាក់កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃទី១០ កុម្ភៈ យកអស់ប្រាក់ប្រមាណជិត៣ពាន់ដុល្លារ។
ជនសង្ស័យឈ្មោះសោម វណ្ណា ហៅខ្ជាយ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមមន្ត្រីនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា កាលពីថ្ងៃទី១០ កុម្ភៈ ២០១៤ ជនសង្ស័យមានគ្នាចំនួន៣នាក់បានតុបតែងខ្លួនធ្វើជាស្រីដោយពាក់សក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពលួចបើកទ្វាររថយន្តម៉ាកឡិចស៊ីសរបស់អាជីវករលក់ដូរនៅផ្សារដើមគរម្នាក់នៅចំណុចស្ថានីយកាល់តិចនៅតាមផ្លូវម៉ៅសេទុងកែងផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកយកកាបូបប្រាក់អស់ជិត៣ពាន់ដុល្លារ រួចគេចខ្លួនបាត់។
បន្ទាប់ពីបាត់កាបូបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងត្រូវនគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវ ហើយបានឈានទៅឃាត់ខ្លួនជនសង្ស័យនៅបន្ទប់ជួល ដោយដកហូតបានប្រាក់ចំនួន៤២០ដុល្លារ ខ្សែ.ក១ខ្សែ ចិញ្ចៀន១វង់ កាបូបចំនួន១ សក់ក្លែងក្លាយចំនួន៤ និងទូរទស្សន៍១គ្រឿងជាសម្ភារដែលជនសង្ស័យលួចបានប្រាក់យកទៅទិញ។
គួរបញ្ជាក់ថា ជនសង្ស័យជាក្រុមបុរសខ្ទើយដែលពាក់សក់ និងតុបតែងខ្លួនជាស្រីជិះម៉ូតូដើរបន្លំបើកទ្វាររថយន្តដែលម្ចាស់ឈប់ចត ឬដេកពេលយប់លួចយករបស់របរ និងប្រាក់។ ជននេះរួមទាំងបក្សពួកធ្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារព្រៃស តែមិនរាងចាលពេលចេញមកវិញធ្វើសកម្មភាពលួចទៀតត្រូវសមត្ថកិច្ចចាប់បញ្ជូនចូលគុកវិញ៕
ចែករំលែកព័តមាននេះ