រាជធានីភ្នំពេញ ៖ បុរសនិងនារីម្នាក់ ដែលអះអាងថា ជាគូសង្សារនឹងគ្នា ហើយនារីរូបស្រស់ម្នាក់នោះស្រវឹងជោកនិយាយតែភាសាអង់គ្លេស បាននាំគ្នាបម្រុងចូលទៅដេកក្នុងផ្ទះសំណាក់មួយ ប៉ុន្តែម្ចាស់ផ្ទះសំណាក់គេមិនឱ្យស្នាក់អាស្រ័យ ដោយសារមិនមានអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន ។ នៅពេលម្ចាស់ផ្ទះសំណាក់គេអត់ទទួល នារីស្រស់ស្អាតបានក្រាញននៀលដេកនៅដីមិនចង់ចេញទៅណាទេ និងនិយាយតែភាសាអង់គ្លេស បង្កឱ្យមានការភ្ញាក់ផ្អើលថា នាងត្រូវថ្នាំសណ្តំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ កុម្ភៈ ២០១៤ ដែលផ្ទះសំណាក់ខាងលើមានទីតាំង ស្ថិតនៅតាមផ្លូវលេខ១៦៣កែង២៣២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសនិងនារីម្នាក់ ចុះពីរថយន្តតាក់ស៊ី ដោយបានគ្រាគ្នាចូលទៅជួលបន្ទប់ផ្ទះសំណាក់ស្នាក់អាស្រ័យមួយយប់ ។ ពេលចូលទៅក្នុងផ្ទះសំណាក់ ត្រូវបានអ្នកមើលការខុសត្រូវ សួររកអត្តសញ្ញាណប័ណ្ណមុននឹងអនុញ្ញាតឱ្យស្នាក់ តែត្រូវបានអ្នកទាំង២ឆ្លើយថាអត់មាន ខណៈនោះនារីរូបស្រស់ស្រវឹងជោកជាំ មិនបាននិយាយខ្មែរមួយម៉ាត់ ធ្វើឱ្យអ្នកឈរមើលគ្រប់គ្នាសន្និដ្ឋានថា នាងជាជនបរទេស ។ បន្ទាប់ពីម្ចាស់ផ្ទះសំណាក់គេមិនឱ្យស្នាក់នៅ នារីរូបនោះ បានដេកននៀលនៅខាងមុខផ្ទះសំណាក់មិនព្រមចេញទៅណាទេ តែភ្លាមនោះត្រូវបានបុរសដែលគេអះអាងថា ជាសង្សារបានគ្រានាងចេញ និងបានហៅរថយន្តតាក់ស៊ីម៉ែត្រជិះចេញទៅបាត់ ៕
ចែករំលែកព័តមាននេះ