រាជធានីភ្នំពេញ៖ នៅសាលារាជធានីភ្នំពេញ នាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៣ កុម្ភៈ ២០១៤ មានបើកកិច្ចប្រជុំពិភាក្សាស្តីពីការធ្វើកិច្ចសន្យាប្រគល់សម្ភារ ដែលសមត្ថកិច្ចបានរឹបអូសកាលពីថ្ងៃទី០៤ មករា ២០១៤ ជូនគណបក្សសង្គ្រោះជាតិវិញ ។
បើតាមលិខិតអញ្ជើញរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី១០ កុម្ភៈកន្លងមកបានឲ្យដឹងទៀតថា កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងអាជ្ញាធរដែនដី និង មន្រ្តីពាក់ព័ន្ឋក្រោមឱវាទសាលារាជធានីភ្នំពេញជាច្រើនរូបទៀត ។ ចំណែកខាងគណបក្សសង្គ្រោះជាតិ ដឹកនំាដោយលោក ហូរ វ៉ាន់ អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ។
អ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៏បា្រប់កោះសន្តិភាពនៅរសៀលថ្ងៃទី១៣កុម្ភៈឲ្យដឹងដែរថា បើទោះបីជាមានការប្រជុំនេះក៏ដោយ សាលារាជធានីភ្នំពេញ មិនទាន់ប្រគល់សម្ភារដែលរឹបអូសជូនគណបក្សសង្គ្រោះជាតិនៅពេលនេះទេ រង់ចំាពិភាក្សាគ្នាជាមួយមន្រ្តីពាក់ព័ន្ឋនិងតំណាងគណបក្សសង្គ្រោះជាតិសិន ព្រោះតួលេខសម្ភារដែលគណបក្សសង្គ្រោះជាតិលើកឡើងគឺមានចំនួនច្រើនជាងសម្ផារជាក់ស្តែងដែលសមត្ថកិច្ចរឹបអូស ។
គួរបញ្ជាក់ថា ក្នុងន័យដើម្បីរក្សាស្ថេរភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម កងកម្លំាងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ មករា ២០១៤ បានបើកប្រតិបត្តិការបំបែកក្រុមបាតុករដឹកនំាដោយគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ និងបានរឹបអូសយកសម្ភារមួយចំនួនដូចជា មេក្រូ តង់ស្នាក់នៅជាដើម ៕
ចែករំលែកព័តមាននេះ