រាជធានីភ្នំពេញ ៖ ក្រុមអ្នករស់នៅប្លុកបុរីកីឡា ប្រមាណជាង ១០០គ្រួសារ ដែលអះអាងថា អាជ្ញាធរបានសន្យាខ្យល់ កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៤ ពួកគេបាននាំគ្នារើឥវ៉ាន់ពីខាងក្រោមឡើងទៅនៅអគារលេខ១០ ដែលក្រុមហ៊ុនផានអ៊ីមិច សាងសង់មិនទាន់រួចរាល់ បើទោះបីមានការរារាំងពីសមត្ថកិច្ចយ៉ាងណាក្តី។
ក្រុមអ្នករស់នៅបុរីកីឡា ដែលថា ខ្លះស្នាក់នៅទីនោះ ច្រើនឆ្នាំហើយ មិនត្រូវអាជ្ញាធរប្រគល់ផ្ទះ (អគារ) សង់ថ្មីឲ្យពួកគេបានស្នាក់នៅនោះទេ ផ្ទុយទៅវិញបានបោះបង់ពួកគេចោលឲ្យរស់នៅតែលតោលក្រោមអគារ ដែលសាង់សង់បានខ្លះមកនោះ។ ដោយសារទ្រាំការលំបាកច្រើនឆ្នាំ ទើបនៅព្រឹកថ្ងៃទី១២ កុម្ភៈ ពួកគេសម្រេចចិត្តវេចបង្វិចឡើងទៅនៅអគារលេខ១០ ជាន់ទី១ គឺចែកគា្ននៅតាមបន្ទប់រៀងខ្លួន។
ខណៈពេលដែលក្រុមអ្នកស្នាក់នៅប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ធ្វើដូច្នោះ សមត្ថកិច្ច និងអាជ្ញាធរ បានធ្វើការរារាំង និងហាមឃាត់ តែពួកគេមិនស្តាប់ រហូតនាំគ្នាទៅស្នាក់នៅតាមបន្ទប់និមួយៗ ទោះដេញយ៉ាងណា ក៏លែងចេញដែរ។ គួរបញ្ជាក់ថា អគារទី១០ នៅបុរីកីឡា ដែលក្រុមហ៊ុនផានអ៊ីមិច សាងសង់កន្លងមក នៅមិនទាន់រួចរាល់ជាស្ថាពរនៅឡើយទេ ពោលគឺគ្រាន់តែមានជាគ្រោង និងបន្ទប់ សូម្បីឥដ្ឋការ៉ូមិនទាន់បានក្រាលផង។
ក្រុមអ្នករស់នៅបុរីកីឡាប្រមាណជាង ១០០គ្រួសារ ឡើងទៅបោសក្រាលកន្ទេលដេក ដែលគេនិយាយថា ប្រសើរជាងអត់កន្លែងស្នាក់អាស្រ័យ។ បន្ទាប់ពីក្រុមអ្នកបុរីកីឡាឡើងស្នាក់នៅអគារសង់មិនទាន់រួចរាល់ដូច្នោះ អាជ្ញាធរខណ្ឌ និងប្រជាពលរដ្ឋទាំងនោះ នឹងត្រូវបានសាលារាជធានីភ្នំពេញ ហៅទៅដោះស្រាយ នៅថ្ងៃទី១៣ កុម្ភៈ ស្អែកនេះ៕
ចែករំលែកព័តមាននេះ