ខេត្តសៀមរាប ៖ មន្រ្តីអាជ្ញាធរអប្សរា បានអះអាងថា នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ មិនា ២០១៤ ខាងមុខ នឹងមានបាតុភូតដ៏អស្ចារ្យមួយកើតឡើង ដោយព្រះអាទិត្យ និងព្រះចន្ទ រះចំពីលើកំពូលទាំង៥ នៃប្រាសាទអង្គរវត្ត ហើយវានឹងបង្កើតឲ្យមានភាពទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិ រាប់ពាន់នាក់ ដែលមានចំណូលចិត្តទស្សនាព្រះអាទិត្យរះ និងលិច ឲ្យទៅទស្សនាប្រាសាទបុរាណ ដែលជាព្រលឹងជាតិមួយនោះ។
អគ្គនាយករងអាជ្ញាធរអប្សរា លោក ម៉ី ម៉ារ៉ាឌី ទទួលបន្ទុកនាយកដ្ឋានទេសចរណ៍ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១២ កុម្ភៈ នេះថា បាតុភូតដ៏អស្ចារ្យ ព្រះអាទិត្យ និងព្រះចន្ទរះចំកំពូលទាំង៥ នៃប្រាសាទអង្គរ នឹងកើតមាន ២លើក ក្នុង ១ឆ្នាំ គឺនៅថ្ងៃទី២០ មិនា ខាងមុខម្តង និងនៅថ្ងៃទី២៣ កញ្ញា ម្តងទៀត នៅគ្រាព្រះអាទិត្យធ្វើដំណើរបន្លាស់ទីពីជើងទៅត្បូង និងពីត្បូងទៅជើងវិញ ហើយជួបនឹងចំណុចកណ្តាល ឬហៅថាខ្សែអេក្វាទ័រ (Equator)។
លោកបានបន្ថែមថា តាមពិតនេះជាបាតុភូតធម្មជាតិទេ ក៏ប៉ុន្តែ ជារៀងរាល់ពេលវាបង្កើតបាននូវភាពទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ទាំងឡាយណា ដែលមាននិស្ស័យចូលចិត្តទស្សនាព្រះអាទិត្យរះ ឬលិច។ សូមរំលឹកផងដែរថា ជារៀងរាល់កើតមានបាតុភូតដូចខាងលើ ចាប់តាំងពីព្រលឹមស្រាងៗ រហូតដល់ពន្លឺព្រះអាទិត្យរះផុតចុងព្រឹក្សព្រៃ គេតែងតែសង្កេតឃើញមានភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍រាប់ពាន់នាក់ ខ្លះមានកាន់ម៉ាស៊ីនថតរូបនៅជាប់នឹងដៃ ខ្លះទៀតត្រូវបាននាំមុខដោយមគ្គុទ្ទេសក៏ បានមកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូននៅលើរានហាល នៃអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនោះ។
តាមការកត់សម្គាល់ឃើញថា បាតុភូតដ៏អស្ចារ្យនោះ «ព្រះអាទិត្យរះ» បានចាប់ផ្តើមនៅវេលាម៉ោងប្រមាណ ៦ និង ៣០នាទីព្រឹក ដោយរះយ៉ាងសន្សឹមៗ ក្នុងពន្លឺក្រហមឆ្អៅទៅតាមធាតុអាកាសផុសចេញពីចុងព្រឹក្សព្រៃពីទិសខាងកើតចំពីលើកំពូលទាំង៥ របស់អង្គរវត្ត ដែលជារតនៈវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ។
យោងតាមការសរសេររបស់អ្នកប្រវត្តិសាស្រ្តល្បីៗ មួយចំនួន ជាពិសេសអ្នកស្វែងយល់ពីតារាវិទូ បានឲ្យដឹងថា ប្រាសាទអង្គរវត្ត (អង្គរតូច) ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរន្ម័ទី២ និងព្រះបាទជ័យវរ្មន័ទី៧ ដែលជាស្តេចដ៏ល្បាញល្បី នៃចក្រភពខ្មែរ ដោយព្រះអង្គបានជ្រើសរើសទីតាំងសាងសង់ប្រាសាទបែរមុខទៅទិសខាងលិចចំគន្លងព្រះអាទិត្យ និងព្រះចន្ទ ឬចំចំណុចកណ្តាលរវាងព្រះអាទិត្យ និងព្រះចន្ទ ដោយយកកំពូលប្រាសាទកណ្តាលក្នុងចំណោមកំពូលទាំង៥ ធ្វើជាចំណុចអ័ក្ស នៃគន្លងព្រះអាទិត្យ និងព្រះចន្ទ ជាថ្ងៃដែលកើតមានសមភាពរាត្រី និងសុរិយៈ។
ការរៀបចំបែបនេះ មានអត្ថន័យជាច្រើនទាក់ទិននឹងភាពស្មើគ្នា អំពីអំពើអាក្រក់ និងអំពើល្អ ត្រូវបានខណ្ឌចែកដាច់ពីគ្នា ដូចវេលាយប់ និងថ្ងៃ ដែលមានរយៈពេលស្មើគ្នា គឺ ១២ម៉ោង ស្មើគ្នា។ ជាមួយគ្នាដែរ សៀវភៅខ្លះបានសរសេរថា ការកសាងប្រាសាទអង្គរវត្ត គឺជាប់ពាក់ពន្ធ័នឹងរឿងព្រេងទេវកថា ជាតំណាងឲ្យភ្នំព្រះសុមេរុ ជាលំនៅនៃពពួកទេវតា ដោយមានកំពូលទាំង៥ តំណាងឲ្យកំពូលភ្នំ ជញ្ជំាង និងគូទឹកព័ទ្ធជុំវិញ (កស្សិណ) តំណាងឲ្យជ្រលងជួរភ្នំ និងមហាសមុទ្រ។ រូបសំណាក់ទេវតា និងយក្សទាញព្រ័តនៅមុខផ្លូវចូលប្រាសាទអង្គរ គឺជាតឹកតាងនៃផ្នែកមួយក្នុងរឿងព្រេងទេវកថា គឺការកូសមុទ្រទឹកដោះរវាងអសុរា និងទេវតា ប្រយុទ្ធគ្នាដណ្តើមយកទឹកអម្រិត ដែលជាទឹកផឹកហើយមានជីវិតអមតៈ។
អគ្គនាយករងអាជ្ញាធរអប្សរា លោក ម៉ី ម៉ារ៉ាឌី បានថ្លែងទៀតថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនឆ្នាំមកនេះ ឃើញថា បាតុភូតដ៏អស្ចារ្យនៅលើកំពូលអង្គរវត្ត ក្រៅពីបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ វាក៏បានទាក់ទាញប្រជាពលរដ្ឋខ្មែរមួយចំនួនធំទៅទស្សនាដូចគ្នាដែរ ហើយឆ្នាំនេះ ទំនងជាមិនខុសនឹងឆ្នាំមុនៗ នោះទេ៕
ចែករំលែកព័តមាននេះ