រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវនគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះឃាត់ខ្លួន បន្ទាប់ពីជននេះចាក់សាំងគំរាមដុតផ្ទះខ្លួនឯង ដោយសារខឹងសុំលុយប្រពន្ធ៣០០ដុល្លារមិនបាន ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ កុម្ភៈ ២០១៤ នៅក្នុងផ្ទះ ចំណុចផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសដែលត្រូវនគរបាលឃាត់ខ្លួនឈ្មោះខ្លូត វណ្ណៈ អាយុ៤៧ឆ្នាំ ជាជនញៀនថ្នាំ ស្នាក់នៅផ្ទះកើតហេតុ ។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនខាងលើ បានបង្កទំនាស់ក្នុងគ្រួសារ រួចទិញសាំងមួយលីត្រ ចាក់ជុំវិញបរិវេណផ្ទះ គំរាមដុតផ្ទះខ្លួនឯង បន្ទាប់ពីសុំលុយប្រពន្ធមិនបាន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគ្មានបំណងចាក់សាំងដុតផ្ទះនោះទេ គ្រាន់តែគំរាមប៉ុណ្ណោះ ដោយសារតែខឹងសុំលុយប្រពន្ធ៣០០ដុល្លារមិនបាន យកទៅសងគេចាញ់ល្បែង ទើបខ្លួនគំរាមដុតផ្ទះតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ