ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានរៀបចំពិធីប្រកាសមុខតំណែងប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្មខេត្ត អគ្គនាយក និងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តសៀមរាបអាណត្តិទី៣ កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៤ នេះ ក្រោមអធិបតីភាពលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងអស់លោកជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអស់លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្តី្ររាជការ ជុំវិញខេត្តផងដែរ ។
បន្ទាប់ពីតំណាងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងតំណាងរដ្ឋាករទឹកស្វយ័តសៀមរាប ធ្វើសេចក្តីរាយការណ៍អំពីជីវប្រវត្តិរបស់មន្ទីរឧស្សាហកម្ម ព្រមទាំងសកម្មភាព និងលទ្ធផលដែលបានអនុវត្តកន្លងមកក្នុងអាណត្តិរបស់ខ្លួនរួចមក លោកអ៊ុំ សុថា អគ្គនាយកកិច្ចការទូទៅ និងជានាយកខុទ្ទកាល័យលោកទេសរដ្ឋមន្ត្រី បានអាននូវអនុក្រិត្យ និងសេចក្តីប្រកាសតែងតាំងមន្ត្រីរាជការ រួមមានអនុក្រិត្យលេខ៧៦ អនក្រ.តត ស្តីពីការតែងតាំងលោកឃុន វិត្យារិទ្ធ អគ្គនាយករងរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ឲ្យបំពេញមុខងារជាអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបអាណត្តិទី៣ និងអនុក្រឹត្យលេខ៧៧អនក្រ.តត ស្តីពីការតែងតាំងលោកតាន់ សុវិទ្យា តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តសៀមរាបអាណត្តិទី៣ ព្រមទាំងមានសមាជិក៦រូប និងសេចក្តីប្រកាសលេខ០៤៦ MIH-2014 របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មស្តីពីការតែងតាំងលោកជា វុធឡុង ប្រធានស្តីទី មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាបឲ្យបំពេញមុខងារជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប ក្នុងការសំដៅធានារ៉ាប់រងការងារ ភារកិច្ចស្នូលរបស់មន្ទីរ ។
ចែករំលែកព័តមាននេះ