ខេត្តពោធិ៍សាត់ ៖ នៅតុលាការខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៤ នេះ មានរៀបចំបើកកិច្ចប្រជុំដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពលោកពេជ ហន អភិបាលរងខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីចៅក្រម ក្រឡាបញ្ជី មេព្រៃ បរិស្ថានជលផល កងរាជអាវុធហត្ថ នគរបាល និងមន្ត្រីពន្ធនាគារផងដែរ ។
លោកតន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា ក្រសួងយុត្តិធម៌ ក៏ដូចអគ្គព្រះរាជអាជ្ញាបានតម្រូវឲ្យសាលាដំបូងគ្រប់ខេត្ត-ក្រុងពង្រឹងលើការអនុវត្តន៍ច្បាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ ដើម្បីការងារមានប្រសិទ្ធភាព ។ លោកសូមឲ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់លើកឡើងពីបញ្ហាលំបាកនានាដែលយើងធ្វើការជាមួយគ្នាកន្លងមក ដើម្បីកែលំអនូវចំណុចខ្វះចន្លោះទាំងនោះ ។ លោកក៏មានការចាប់អារម្មណ៍ផងដែរ រាល់ការប្រជុំម្ដងៗភាគច្រើនឃើញតែអនុប្រធាន ឬមន្ត្រីតំណាងមក មិនសូវឃើញមេ ឬប្រធានមកផ្ទាល់ទេ ត្រង់នេះហើយដែលមិនសូវមានការទទួលខុសត្រូវ ។
លោកពេជ ហន អភិបាលរងខេត្តពោធិ៍សាត់បានកោតសរសើរដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ដែលមានទំនាក់ទំនង និងសហការគ្នាបានល្អក្នុងការបង្ក្រាបបទល្មើសនានា ។ លោកសូមឲ្យបន្តការងារកាន់តែល្អថែមទៀតដោយសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ពិសេសត្រូវយល់អំពីច្បាប់ កុំពុករលួយ បក្សពួក ហើយសំខាន់បំផុតនោះ គឺវត្ថុតាង និងរបាយការណ៍៕
ចែករំលែកព័តមាននេះ