ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ និង០៤នាក់ទៀតរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូបុកគ្នាជាមួយម៉ូតូ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ កុម្ភៈ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥៣A ស្ថិតក្នុងភូមិកូនដំរី ឃុំអញ្ចាញរូង ស្រុកបរិបូណ៏ ខណៈដែលម៉ូតូទាំង០២គ្រឿងបើកបញ្ច្រាសទិសគ្នា ។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសឈ្មោះ អឿ សុជាតិ អាយុ២៦ឆ្នាំ មានទីលំនៅភូមិជំទាវបុត្រី ឃុំផ្សារ ស្រុកបរិបូណ៏ បានជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ អត់ស្លាកលេខ ឌុបនារីម្នាក់ឈ្មោះ ស៊ន សុខា អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៏ ធ្វើដំណើរតាមផ្លូវជាតិលេខ៥៣A ក្នុងដំណើរពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អុល គឹមអាត អាយុ២៥ឆ្នាំ និងមានឌុបមនុស្ស២នាក់ពីក្រោយមានឈ្មោះ អុល គឹមអាង អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុខ សៀង អាយុ៣១ឆ្នាំ ទាំង០៣នាក់មានទីលំនៅ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៏ បើកបរក្នុងទិសដៅច្រាសគ្នា ហើយបានបើកជ្រែរថយន្តមួយគ្រឿងធ្វើឱ្យជ្រុលចូលមកចំណែកផ្លូវខាងម៉ូតូម៉ាកស្មាស់ បណ្តាលឱ្យបុកគ្នាពេញទំហឹងតែម្តង។
ប្រភពឱ្យដឹងទៀតថា ក្នុងពេលកើតហេតុនោះអ្នកបើកម៉ូតូម៉ាកស្មាស់ ឈ្មោះ អឿ សុជាតិ បានរងរបួសធ្ងន់ និងស្លាប់តាមផ្លូវពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកនារីឈ្មោះ ស៊ន សុខា រងរបួសស្រាល ។ ដោយឡែកភាគីម្ខាងទៀត ដែលជិះម៉ូតូ០៣នាក់បានរងរបួសធ្ងន់ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ