រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់បាក់ដៃជើង ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកដីបុកកិនម៉ូតូឌ្រីមសេ១២៥ ខណៈបើកបញ្ច្រាសទិសគ្នា នៅចំណុចផ្លូវកោងជាប់របងវត្តស្រះស្រង់ ស្ថិតក្នុងភូមិសាលូង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ កុម្ភៈ ២០១៤ ។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ុន រីម អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1F-4262 ។ ចំណែករថយន្តបង្កម៉ាកISUZU ពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខ ក.៨០១២ភព៣ បន្ទាប់ពីកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯង តាមផ្លូវលំ ទិសដៅពីត្បូងទៅជើង រីឯរថយន្តបង្កបើកពីជើងទៅត្បូង ។ ពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ស្រាប់តែរថយន្តបើកអែបមកខាងឆ្វេងដៃបុកម៉ូតូជនរងគ្រោះពេញទំហឹង អូសចូលក្រោមរថយន្តរងការខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់បាក់ដៃជើង ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ចែករំលែកព័តមាននេះ