ប្រទេសកូរ៉េខាងជើង ៖ កូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី២ សីហា បានបាញ់មីស៊ីលរយៈខ្លីថ្មីទៀត ដែលនោះជាការបាញ់សាកមីស៊ីលលើកទី៣របស់ខ្លួនរយៈពេលតែ៦ថ្ងៃ ។
ដកស្រង់ប្រភពព័ត៌មានរបស់សេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូង ទីភ្នាក់ងារព័ត៌មាន YONHAPរបស់ប្រទេសនេះនិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់ដាច់ដោយឡែកពីគ្នា ចេញពីឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើង។
ក្រោយការបាញ់មីស៊ីលលើកមុន ក្រុងព្យុងយ៉ាងបានលើកឡើងថា នោះជាការព្រមានចំពោះកូរ៉េខាងត្បូងដែលគ្រោងធ្វើសមយុទ្ធយោធារួមជាមួយសហរដ្ឋអាមេរិក ។ បណ្ដាមីស៊ីលដែលបាញ់ថ្មីគឺមុនព្រឹកព្រលឹមចេញពី YONGHUNG ក្នុងខេត្ត HAMGYONG ខាងត្បូង ហើយធ្លាក់ក្នុងសមុទ្រជប៉ុន។
យោងតាមកងទ័ពកូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបាញ់រួចហើយនាថ្ងៃទី៣១ កក្កដា នូវមីស៊ីលបាលីស្ទិក២គ្រាប់ ដោយប៉ុន្មានថ្ងៃមុននេះបានបាញ់មីស៊ីលរយៈខ្លី២ដែរ ។ សម្រាប់ការបាញ់មីស៊ីលនាថ្ងៃទី២ សីហា ក្រុងព្យុងយ៉ាងពុំបានធ្វើអត្ថាធិប្បាយឡើយសម្រាប់ពេលនេះ ។
ប្រធាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១ សីហា បានយល់ស្របចំពោះការបាញ់មីស៊ីលទាំងនោះរបស់កូរ៉េខាងជើង។ នៅសេតវិមានលោក ត្រាំ អះអាងថា យើងតាមដានមើល ចំពោះអ្វីដែលនឹងកើតមាន ប៉ុន្តែបណ្ដាមីស៊ីលរយៈខ្លីវាជារឿងធម្មតាៗ ។ យើងពុំដែលនិយាយពីមីស៊ីលរយៈខ្លីឡើយ យើងនិយាយតែមីស៊ីលនុយក្លេអ៊ែរ ។ ប្រទេសជាច្រើនបានសាកល្បងបណ្ដាមីស៊ីលប្រភេទនោះ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ