ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់ ទូរស័ព្ទជជែកជាមួយរុស្ស៊ី និងឥណ្ឌា ថ្កោលទោសអាម៉េរិក និងអ៊ីស្រាអែលចំពោះការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល

3 ខែ មុន

ទីក្រុងតេហេរ៉ង់៖ ចំពេលដែលសង្រ្គាមកំពុងឈានចូលដល់ថ្ងៃទី៣៧ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទយ៉ាងបន្ទាន់ជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីផលវិបាកសន្តិសុខ និងសេដ្ឋកិច្ចដែលបង្កឡើងដោយការឈ្លានពានរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៦ ខែមេសានេះ។

លោក Araghchi បានលើកឡើងយ៉ាងលម្អិតអំពីអ្វីដែលលោកហៅថាជា “បទឧក្រិដ្ឋ” របស់អាម៉េរិក-អ៊ីស្រាអែល ដែលបានវាយប្រហារមិនរើសមុខលើរោងចក្រឧស្សាហកម្ម មន្ទីរពេទ្យ សាលារៀន តំបន់លំនៅឋាន និងជាពិសេសគឺមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

នៅក្នុងកិច្ចសន្ទនានោះ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារ “ខុសច្បាប់” លើគោលដៅស៊ីវិល ជាពិសេសគឺរោងចក្រថាមពលនុយក្លេអ៊ែរ​នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលជាចំណុចរសើបបំផុតនៃសុវត្ថិភាពតំបន់។ លោក Lavrov ក៏បានសង្កត់ធ្ងន់ថា ពិភពលោកត្រូវតែឆក់យកគ្រប់ឱកាសដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមនេះរីករាលដាលកាន់តែធំជាងនេះ។ ចំណែកឯរដ្ឋមន្ត្រីការបរទេសឥណ្ឌាវិញ ក៏បានបញ្ជាក់ពីជំហរគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបញ្ចប់សង្រ្គាម និងស្តារស្ថិរភាពក្នុងតំបន់ឡើងវិញឱ្យបានឆាប់បំផុត។

យុទ្ធនាការទូតរបស់អ៊ីរ៉ង់នាពេលនេះ គឺជាការស្វែងរកសម្ព័ន្ធមិត្តដើម្បីដាក់សម្ពាធលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការប្រកបដោយការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ។ លោក Araghchi បានព្រមានធ្ងន់ៗថា ប្រជាជន និងកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសន្តិសុខជាតិ ហើយរាល់ការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែល នឹងមិនត្រឹមតែបំផ្លាញស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែវានឹងជះឥទ្ធិពលអាក្រក់ដល់សន្តិសុខពិភពលោកទាំងមូលផងដែរ៕