សារភាព​ថា​ដើរ​រក​មើល​…​ត្រូវ​លួច​ៗ​ត្រូវ​ឆក់ គឺ​ឆក់​ភ្លាម​តែ​រត់​មិន​រួច


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ទី​០៣ ខែសីហា ឆ្នាំ​២០១៩ បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព (​ឆក់​)​យក​ប្រាក់​ក្នុង​ចំណោម​មនុស្ស​ម្នា​ជា​ម្ចាស់ទ្រព្យ ស្ថិត​នៅ​ចំណុច​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​ដែល​មានឈ្មោះ​ក្នុង​កំណត់ហេតុ​សាកសួរ​បំភ្លឺ​ដោយ​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​បង្ហាញ​ថា​ខ្លួន​មានឈ្មោះ សេង អ៊ុយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ក្នុង​ចម្លើយ​របស់​ខ្លួន​បុរស​ឈ្មោះ សេង អ៊ុយ បាន​សារភាព​ថា ក្នុង​ដំណើរ​របស់​ខ្លួន​នា​ថ្ងៃ​កើតហេតុ​នេះ គឺ​ខ្លួន​ដើរ (​លួច ឬ​ឆក់​) ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ណា​ដែល​ខ្លួន​បាន​ប្រទះ​ឃើញ​ថា មានឱកាស​លួច ឬ​ឆក់ គឺ​ខ្លួន​ធ្វើ​ភ្លាម ។ លុះ​ដើរ​ដល់​ចំណុច​កើតហេតុ​ខាងលើ​បានឃើញ​គេ​កំពុង​អង្គុយ​រាប់​ប្រាក់​នៅ​មុខ​ផ្ទះ ខ្លួន​ក៏​កើត​ចេតនា​ចូល​ទៅ​លួច​ប្រាក់​នោះ ប៉ុន្តែ​ដោយសារ​ម្ចាស់​ប្រាក់​នៅ​ទីនោះ​ខ្លួន​មិន​អាច​លួច​យក​បាន ក៏​បាន​ប្តូរ​ចេតនា​លួច​នោះ​ចោល​ទៅ​យក​ចេតនា​ថ្មី គឺ​ឆក់​យក​ប្រាក់​នោះ​វិញ​បន្ទាប់​ពី​ឆក់​យក​ប្រាក់​នោះ​បាន​ហើយ ខ្លួន​ព្យាយាម​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ប៉ុន្តែ​ក្ន​ង​ពេល​ឆក់​នោះ​ជន​រង​គ្រោះជា​ម្ចាស់ទ្រព្យ​ឃើញ​ទាន់ បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ក្នុង​ពេល​នោះ បណ្តាល​ឲ្យ​ស្ថានភាព​ផ្អើល​ឆោឡោ​ពី​ជន​រង​គ្រោះ ឯ​ជនសង្ស័យ​រូប​នេះ​បាន​ទាញ​យក​ដំបង​ដែក​ជ្រុង​វាយ​ទៅ​លើ​ជន​រង​គ្រោះ ដើម្បី​រំដោះខ្លួន​ពី​ទីកន្លែង​កើតហេតុ ។

ដោយ​បានការ​ជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅ​ជិត​នោះ ជនសង្ស័យ​រូប​នេះ​រួម​ទាំង​វត្ថុ​តាង​មាន​ប្រាក់​រៀល​ចំនួន​៣០០,០០០​រៀល (​សាមសិប​ម៉ឺន​រៀល​) ដំបង​ដែក​ជ្រុង​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កែវ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ