ខេត្តព្រះសីហនុ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់កោះសន្តិភាពប្រចាំខេត្តព្រះសីហនុបានឱ្យដឹងថា រហូតមកដល់វេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៤ នេះ កម្មករ-កម្មការិនីរបស់រោងចក្រ ជីជីស៊ី ពួកគេនៅតែបន្តធ្វើកូដកម្មមិនព្រមចូលធ្វើការជាបន្តទៀត ខណៈដែលការទាមទារសុំឱ្យរោងចក្រដកប្រធានរដ្ឋបាលមិនទាន់ដោះស្រាយចេញនៅឡើយ ។
ទោះបីជាយ៉ាងណា គេឃើញមានវត្តមានរបស់លោកអនុប្រធានមន្ទីរការងារបណ្តុះបណ្តាលខេត្តព្រះសីហនុចេញមកចរចា តែការចរចានោះនៅតែផ្ទុយគ្នាដដែល ។ ប្រភពបានឱ្យដឹងថា ខាងមន្ទីរការងារតម្រូវឱ្យសុំខាងតំណាងកម្មករចំនួន៥នាក់ចូលមកដោះស្រាយ តែខាងកម្មករបាននិយាយថា ពួកគេពុំមានអ្នកតំណាងទេ គឺពួកគេធ្វើដោយស្ម័គ្រចិត្តទាំងអស់គ្នា ។
គួរបញ្ជាក់ថា កម្មករ-កម្មការិនីរបស់រោងចក្រ ជី ជី ស៊ី ជាង១ពាន់នាក់ បាននាំគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការដើម្បីទាមទារ លក្ខខណ្ឌឱ្យរោងចក្របញ្ឈប់ប្រធានផ្នែករដ្ឋបាល កាលពីព្រឹកថ្ងៃទី11 កុម្ភៈ ២០១៤ នេះ ស្ថិតនៅចំណុចភូមិពូធឿង ឃុំបិទត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីកម្មករបានឱ្យដឹងថា ការទាមទារនោះ គឺដោយសារប្រធានរដ្ឋបាលរូបនោះ មិនមានតម្លាភាពក្នុងការបំពេញការងារ, កាត់លុយមិនត្រឹមត្រូវ និងកេងប្រវ័ញ្ចប្រាក់ថែមម៉ោងរបស់ពួកគាត់ទៀត ។ ប្រភពបានបន្តថា ប្រសិនជាខាងរោងចក្រមិនជួយរកដំណោះស្រាយឱ្យពួកគាត់ទេ ពួកគាត់មិនព្រមចូលធ្វើការជាដាច់ខាត ។
ទោះជាយ៉ាងណា គេនៅពុំទាន់ឃើញតំណាងរោងចក្រចេញមកដោះស្រាយនៅឡើយ ខណៈដែលរោងចក្រមិនព្រមឱ្យចូលជួប ចំណែកឯខាងកម្លាំងសមត្ថកិច្ចវិញ កំពុងព្យាយាមការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់ពួកគាត់ផងដែរ ។
ចែករំលែកព័តមាននេះ