ខេត្តព្រះវិហារ ៖ ស្រ្ដីចំណាស់ម្នាក់វ័យ ៧០ឆ្នាំ ឈ្មោះ ឈីវ លាង បានស្រែកដង្ហោយយំននៀលដីសុំឱ្យសម្ដេចតេជោ និងព្រះមហាក្សត្រ ជួយរកយុត្ដិធម៌ជូនរូបគាត់ផង ខណៈពេលសមត្ថកិច្ច សាលាដំបូងខេត្ដបានអនុវត្ដសាលដីការបស់តុលាការកំពូលលេខ៤៦៥ ចុះថ្ងៃទី៩ តុលា ២០១២ តាមដើមបណ្ដឹងនិតិបុគ្គលរបស់ឈ្មោះ ជួន ប៊ុនណា តំណាងមន្ទីរសុខាភិបាលខេត្ដ ថាស្រ្ដីចំណាស់រូបនេះបានខ្ចីដីមន្ទីរពេទ្យ កាលពីឆ្នាំ១៩៩៣ ស្នាក់នៅ ។
ក្រោយមកឈ្មោះ ជួន ប៊ុនណា ក៏បានដាក់ពាក្យបណ្ដឹងនៅឆ្នាំ២០០៦ ទៅសាលាដំបូងខេត្ដព្រះវិហារ ដើម្បីទាមទារដីពីលោកយាយ មានទំហំ៣៣ម៉ែត្រគុណនឹង៦៥ម៉ែត្រ ដែលជាប់នឹងរបងមន្ទីរសុខាភិបាលខេត្ដ ។ នៅព្រឹកថ្ងៃទី១១ កុម្ភៈ មហាជនពេញក្រុងព្រះវិហារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បាននាំគ្នាចូលទៅចោមរោមមើលហេតុការណ៍ខាងលើ ដែលនៅក្នុងនោះរួមមានលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ដ បានឈរអានសាលដីកាខាងលើរបស់តុលាការកំពូល ដើម្បីឱ្យលោកយាយវ័យចំណាស់ចាកចេញពីលំនៅឋានរបស់គាត់ទៅដេកក្រោមដើមឈើឯណាទៅ!…ទៅ ។ ខណៈពេលនោះ ស្ដ្រីវ័យចំណាស់រូបនោះមិនព្រមចាកចេញទេ ដោយរូបគាត់សំអាងថា ដីលំនៅឋានខាងលើនេះ គឺជាដីរបស់គាត់ដែលបានកាន់កាប់ដោយសន្ដិភាព និងអាស្រ័យផល ចាប់តាំងពីឆ្នាំ១៩៨០មកម៉្លេះ មិនមែនខ្ចីដីរដ្ឋនៅទេ ។ គាត់នៅតាំងពីមន្ទីរពេទ្យមិនទាន់កើតម៉្លេះ ដែលរូបគាត់បានដាំដើមស្វាយ ដូង បានផលលក់ជារៀងរាល់ឆ្នាំទៀតផង ។ មិនតែប៉ុណ្ណោះ លោកយាយបានបង្ហាញបង្កាន់ដៃតូចៗកាលពីសម័យរដ្ឋកម្ពុជា លេខក៣៨៩៧ ចុះថ្ងៃទី៣ ធ្នូ ១៩៩២ ។
លោកយាយបានរៀបរាប់ថា នៅឆ្នាំ១៩៩៣ លោកយាយបានផ្ដិតមេដៃបញ្ជាក់ព្រំដីជាប់គ្នាជាមួយមន្ទីរពេទ្យតែប៉ុណ្ណោះ ព្រោះអីរូបគាត់មិនចេះអក្សរ បើផ្ដិតមេដៃខ្ចីដីរដ្ឋ ចាំបាច់អី បើដីនេះជារបស់គាត់ស្រេចហើយនោះ ។ ស្រាប់តែដល់ឆ្នាំ២០០៦ ក៏ឃើញសាលាដំបូងខេត្ដ កោះហៅរូបគាត់ រហូតដល់បើកសវនាការកាត់ក្ដីឱ្យរូបគាត់ចាញ់ក្ដី ។ ពេលនោះរូបគាត់ក៏កើតទុក្ខមិនសុខចិត្ដ បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍កាត់ក្ដីឱ្យរូបគាត់ចាញ់ក្ដីទៀត ដោយសារតែក្ដីជាមួយរដ្ឋ ដែលគេបន្លំឱ្យផ្ដិតមេដៃ ។ គាត់ក៏ប្ដឹងបន្ដទៅរហូតដល់កំពូល តុលាការកំពូលនៅតែកាត់ក្ដីឱ្យរូបគាត់ចាញ់ក្ដី នេះហើយរឿងក្ដីចាញ់បោកមេមន្ទីរពេទ្យខេត្ដ ។ រូបគាត់បានបញ្ជាក់ថា ដីនោះគឺជាដីរបស់គាត់ រូបគាត់ស៊ូស្លាប់គឺនៅលើដីរបស់គាត់ រហូតដល់មានការបើកយុទ្ធនាការបណ្ដេញរូបគាត់ និងត្រូវបានសមត្ថកិច្ចវាយខ្នោះកូនស្រីគាត់ដែលមានផ្ទៃពោះ និងចាប់រូបគាត់លើកបោះដាក់រថយន្ដ ។
លោក ឡុង ស៊ីថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ នៅព្រឹកថ្ងៃដដែលបានបញ្ជាក់ថា ចំពោះរូបលោកបានចូលអនុវត្ដសាលដីកាតែប៉ុណ្ណោះ តែរឿងចេញសំណងដីធ្លីឱ្យទៅលោកយាយវិញ គឺលោកមិនដឹងទេ ។ ប្រជាពលរដ្ឋក្រុងព្រះវិហារបានរិះគន់ថា មន្ទីរសុខាភិបាលខេត្ដ មិនគួររឹបអូសយកដីរបស់លោកយាយ ឈីវ លាង ទេ ព្រោះអីដីមួយកន្លែងនេះ ពួកគាត់បានដឹងថា លោកយាយ ឈីវ លាង រស់នៅតាំងពីយូណាស់មកហើយ តាំងតែពីមន្ទីរពេទ្យនេះមិនទាន់មានកំណើតម៉្លេះ។ អ្នកក្រុងព្រះវិហារបានរិះគន់ទៀតថា បើតុលាការរឹបអូសយកដីរបស់លោកយាយ គប្បីតុលាការរឹបអូសយកដីមន្ទីរពេទ្យភាគខាងលិចដែលបានលក់ទៅឱ្យឈ្មួញរាប់សិបម៉ែត្រយកមកដាក់ជាសម្បត្ដិរដ្ឋវិញ ទើបត្រឹមត្រូវ នាំគ្នាលក់ដីរដ្ឋអស់មកប្លន់យកដីរាស្រ្ដដើម្បីពង្រីកទីតាំងឡើងវិញ ។ លោក ជួន ប៊ុនណា មន្ដ្រីមន្ទីរសុខាភិបាលខេត្ដ និងជាតំណាងនិតិបុគ្គលមន្ទីរសុខាភិបាលខេត្ដពាក់ព័ន្ធនឹងដីដែលមន្ទីរសុខាភិបាលខេត្ដបានលក់កាលពីលើកមុន បាននិយាយថា លោកមិនដឹងទេ ព្រោះគេលក់យូរហើយ អត់ដឹងទេ ។
គួរបញ្ជាក់ថា ពេលនេះលោកយាយដែលធ្លាប់តែរស់នឹងបាយវត្ដជាមួយកូន តើពេលនេះត្រូវបានគេបណ្ដេញឱ្យចាកចេញពីលំនៅឋាន ពួកគាត់នឹងទៅរស់នៅទីណា
ទៀត?
ខេត្ដព្រវិហារមានដីច្រើនធំមហាសាល ហេតុម៉េចប្លន់យកដីពលរដ្ឋប៉ុនបាតដៃ មិនព្រមរកដីសងគាត់វិញផង បើចង់បានពង្រីកទីតាំងពេក ។ អ្នករស់នៅក្នុងទីរួមខេត្ដព្រះវិហារភាគច្រើនបានដឹងឮថា លោកយាយរូបនេះមករស់នៅលើដីនេះតាំងតែពីមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្ដមិនទាន់ចាប់កំណើតម៉្លេះ ។ ពេលមន្ទីរពេទ្យកើត មេៗបានយកដីមន្ទីរពេទ្យដែលសល់មួយចំហៀងលក់យ៉ាងរំភើយផាត់ ។ លុះដល់ចង្អៀតក៏ទៅបោកលោកយាយឱ្យផ្ដិតមេដៃថា លោកយាយខ្ចីដីមន្ទីរពេទ្យស្នាក់នៅ ដែលលោកយាយអត់ចេះអក្សរ ហើយត្រូវគេបោកថា ផ្ដិតមេដៃបញ្ជាក់ព្រំដីជាប់គ្នាប៉ុណ្ណោះ ។ ចាប់តាំងពីផ្ដិតមេដៃដីជាប់ព្រំគ្នាមក លោកយាយវ័ន្ដករហូត ព្រោះមេនៃមន្ទីរពេទ្យប្ដឹងយកដីដែលគាត់ស្នាក់នៅ ដែលដាំដូងកម្ពស់ពាក់កណ្ដាលមេឃទៅហើយនោះមកពង្រីកទីតាំង ។ អ្នកក្រុងព្រះវិហារ សរសើរអភិបាលខេត្ដថា មានភ្នែកដែរ មើលអត់ឃើញភាពអយុត្ដិធម៌នេះសោះ ។ បើរដ្ឋចង់បានដីគាត់ពង្រីកមន្ទីរពេទ្យ ម៉េចមិនទិញ ឬមិនរកកន្លែងសមរម្យណាមួយដោះដូរទៅ ម៉េចចាំបាច់ធ្វើលិខិតបន្លំ ប្លន់យកដីរាស្រ្ដស្រស់ៗម៉្លេះ? អស់លោកមិនខ្លាចចុះនរក៩ជាន់ទេអី?
គួរកត់សម្គាល់ថា តាំងពីណាណីមក រាស្រ្ដមិនដែលប្ដឹងឈ្នះអ្នកកាន់អំណាចទេ ។ រាស្រ្ដ២នាក់ម្ដាយកូនដ៏កំសត់នេះ កាន់តែមិនឈ្នះរដ្ឋរួចទៅហើយ ។
រឿងអនុវត្ដសាលដីកាខាងលើនេះ អ្នករស់នៅក្រុងព្រះវិហារមើលឃើញច្បាស់ថា ជាអំពើប្លន់ដ៏សាហាវមួយ ៕
ចែករំលែកព័តមាននេះ