រាជធានីភ្នំពេញ ៖ ថៅកែរថយន្តដឹកដី និងលក់គ្រឿងបន្លាស់រថយន្តម្នាក់ត្រូវបានឃាតករមិនស្គាល់មុខចំនួន២នាក់ជិះម៉ូតូ១គ្រឿងតាមបាញ់សម្លាប់ ខណៈពេលដែលថៅកែរូបនេះជិះរថយន្តម៉ាករ៉េហ្វ័រ ពណ៌ទឹកប្រាក់ ស៊េរី២០០១ ពាក់ស្លាកលេខភ្នំពេញ 2T-9665 មួយគ្រឿងតាមដងផ្លូវ បុ៉ន្តែសំណាងល្អពុំត្រូវមនុស្សទេ ហើយគ្រាប់កាំភ្លើងបានត្រឹមទម្លុះកញ្ចក់ទ្វាររថយន្តខាងឆ្វេងធ្លាយទៅខាងស្តាំ ។
ហេតុការណ៍តាមបាញ់សម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ កុម្ភៈ នៅតាមមហាវិថីសេនាប្រមុខគីម អុីលសុ៊ង មុខសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ជនដែលត្រូវឃាតករតាមបាញ់ប្រហារនោះឈ្មោះ ជា សំឡេង ភេទប្រុស អាយុ៦២ឆ្នាំ ដែលគេស្គាល់ថា ជាថៅកែរថយន្តដឹកដី និងលក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅផ្ទះលេខ៣៤១ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ សមត្ថកិច្ចឱ្យដឹងថា ក្រុមឃាតករមានគ្នាចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ប្រដាប់ដោយកាំភ្លើងខ្លីតាមបាញ់ថៅកែរូបនោះពេលកំពុងបើករថយន្តម៉ាករ៉េហ្វ័រនៅតាមផ្លូវ បណ្តាលឱ្យគ្រាប់កាំភ្លើងទៅទម្លុះកញ្ចក់ ចំកន្លែងអង្គុយបើកបរ តែពុំបង្កឱ្យរងរបួសឡើយ ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១០ កុម្ភៈ លោកជា សំឡេង បានជិះរថយន្តធ្វើដំណើរទៅឃុំផ្អាវ ស្រុកបាធាយ ដើម្បីជួសជុលរថយន្តបែនដឹកដី ។ លុះនៅក្បាលព្រលប់ ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញឆ្លងតាមស្ពានព្រែកក្តាម ។ នៅពេលធ្វើដំណើរមកដល់មុខសាលាបឋមសិក្សាទួលគោក ក្នុងទិសដៅពីជើងទៅត្បូងជិតដល់ស្តុបដែលជាកន្លែងឃាតករធ្លាប់បាញ់សម្លាប់លោកឈឺ ចាន់ហុង កូនប្រុសអតីតថៅកែភោជនីយដ្ឋានហង្សនាគ ស្រាប់តែមានជន២នាក់ជិះម៉ូតូ១គ្រឿងក្នុងទិសដៅស្របគ្នាមកអែបខាងឆ្វេង និងបាញ់១គ្រាប់តម្រង់អ្នកបើកបរ រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។ បុ៉ន្តែសំណាងល្អគ្រាប់កាំភ្លើងនោះបានទម្លុះកញ្ចក់រថយន្តខាងឆ្វេងធ្លាយទៅស្តាំ មិនបណ្តាលឱ្យរងរបួសលោកជា សំឡេង ដែលកំពុងបើករថយន្តនេះឡើយ ។
តាមព័ត៌មានបន្តទៀតថា បន្ទាប់ពីមានការផ្ទុះអាវុធ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបានចុះទៅដល់កន្លែងកើេតហេតុ ហើយបាននាំថៅកែរថយន្តដឹកដីទៅសាកសួរ ។ តាមមន្ត្រីសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ការបាញ់សម្លាប់នេះគឺជារឿងគំនុំ ។ ទោះបីជាយ៉ាងណា លោកជា សំឡេង បានប្រាប់សមត្ថកិច្ចឱ្យដឹងថា កន្លងមកគាត់ពុំដែលមានរឿងទាស់ទែងជាមួយនរណាម្នាក់ឡើយ ។ គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១៤ នេះ នៅក្នុងខណ្ឌទួលគោកមានករណីឃាតកម្មតាមបាញ់សម្លាប់ចំនួន២លើក ហើយឃាតករបានធ្វើសកម្មភាពបាញ់សម្លាប់នៅចំណុចក្បែរគ្នា ដែលជាព្រំប្រទល់សង្កាត់បឹងកក់ទី២ និងសង្កាត់បឹងកក់ទី១ ។
ការបាញ់ប្រហារលើកទី១ នៅថ្ងៃទី២៧ មករា ២០១៤ ឃាតករមានគ្នាចំនួន២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីម៉ាកកា៥៩ មួយដើមបាញ់សម្លាប់លោកឈឺ ចាន់ហុង អាយុ៤៦ឆ្នាំ ដែលគេស្គាល់ថា ជាកូនប្រុសអតីតថៅកែភោជនីយដ្ឋានហង្សនាគ ត្រូវ១គ្រាប់បណ្តាលឱ្យស្លាប់បាត់បង់ជីវិត និងលើកទី២ នេះឃាតករមានគ្នា២នាក់តាមបាញ់មកលើថៅកែរថយន្តដឹកដី និងគ្រឿងបន្លាស់រថយន្តទៀត តែមិនបណ្តាលឱ្យរងរបួសទេ ។ ទោះបីជាយ៉ាងនេះក្តី ជុំវិញករណីឃាតកម្មនេះ សមត្ថកិច្ចខណ្ឌទួលគោកកំពុងតែស្រាវជ្រាវដើម្បីតាមចាប់ខ្លួនឃាតករស៊ីឈ្នួលនេះហើយ បុ៉ន្តែហាក់បីដូចសង្ឃឹមតិចណាស់ ៕
ចែករំលែកព័តមាននេះ