ការទាមទារឱ្យបោះឆ្នោតមុនអាណត្តិ បានក្លាយជាប្រធានបទដែលគណបក្សប្រឆាំង និងមេអង្គការសង្គមស៊ីវិលជាសម្ព័ន្ធមិត្ត ដែលមាននិន្នាការប្រឆាំងមួយចំនួនតូចបានលើកឡើងព្រមៗគ្នាហាក់បីដូចជាមានលក្ខណៈជាប្រព័ន្ធ ជាពិសេសចំពោះអ្នកដែលជាជនអន្តោប្រវេសន៍រស់នៅប្រទេសទីបី មិនបានដឹងអំពីសភាពការណ៍ពិតនៅប្រទេសកម្ពុជាផង ក៏ផ្អើលស្រែកទាមទារតាមគណបក្សប្រឆាំងដែរ ។
រឿងនេះប្រហែលជាពួកគេទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ តាមពិត គណបក្សប្រឆាំងតែងតែញុះញង់ប្រជាពលរដ្ឋនៅគ្រប់វេទិកាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការទាមទារឱ្យសម្តេច ហ៊ុន សែន ចុះចេញពីតំណែង និងឱ្យមានការបោះឆ្នោតឡើងវិញ ទង្វើនេះគឺផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ។ រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ប្រទេសក្នុងការធានាឱ្យសង្គមមួយរស់នៅប្រកបដោយនីតិរដ្ឋ ។ រាល់ការទាមទារទាំងឡាយណាដែលគ្មានមូលដ្ឋានច្បាប់ និងហួសព្រំដែន គឺជាការដើរខុសផ្លូវនៃលទ្ធិប្រជាធិបតេយ្យ និងមិនអាចទទួលយកបានឡើយ ។ មានលក្ខខណ្ឌតែមួយគត់ដែលអាចរៀបចំការបោះឆ្នោតឡើងវិញបាន គឺមានចែងក្នុងមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញដែលចែងថា «នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង ។ រដ្ឋសភាមិនអាចត្រូវរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភាក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា ។
ការបោះឆ្នោតដើម្បីជ្រើសរើសសភាថ្មីនឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរចាប់ពីថ្ងៃរំលាយរដ្ឋសភាមក ។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែបុ៉ណ្ណោះ» ។ ដូច្នេះការទាមទារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ គឺមិនអាចធ្វើបានជាដាច់ខាត បើគ្មានការបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋសភា ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញដែលបានចែងក្នុងមាត្រាខាងលើនេះទេ ។ គ្រប់អំពើដែលបុ៉នប៉ងទម្លាក់រាជរដ្ឋាភិបាលក្នុងអាណត្តិ គឺជាអំពើរំលោភរដ្ឋធម្មនុញ្ញដែលអាចចាត់ទុកថា ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ។ ឧបមាថា បើមានការបោះឆ្នោតឡើងវិញមែន ហើយក្រោយការបោះឆ្នោតគណបក្សប្រជាជនកម្ពុជាឈ្នះទៀត តើពួកបក្សប្រឆាំងដែលចាញ់ នៅតែបដិសេធលទ្ធផលបោះឆ្នោតអញ្ចឹងដដែល ឬយ៉ាងណា ? ហើយប្រសិនបើគណបក្សប្រជាជនកម្ពុជា ជាអ្នកចាញ់វិញម្តង ពេលនោះគណបក្សប្រជាជនកម្ពុជាមិនទទួលស្គាល់លទ្ធផលវិញម្តង និងចោទប្រកាន់ថា គណបក្សប្រឆាំងលួចបន្លំសន្លឹកឆ្នោតម្តង ពេលនោះនឹងមានការទាមទារឱ្យមានការបោះឆ្នោតឡើងវិញដែរ ។
ដូច្នេះ ប្រសិនបើរាល់បក្សនយោបាយដែលចាញ់ការបោះឆ្នោតមិនទទួលស្គាល់លទ្ធផល ហើយទាមទារឱ្យមានការបោះឆ្នោតឡើងវិញមុនអាណត្តិម្តងហើយម្តងទៀត ពេលនោះជម្លោះនឹងគ្មានទីបញ្ចប់ឡើយ ហើយអ្នកដែលរងគ្រោះគឺជាប្រជាពលរដ្ឋ និងសង្គមខ្មែរនឹងក្លាយជាចំណាប់ខ្មាំងរបស់បក្សនយោបាយដែលចាញ់ឆ្នោត ហើយទីបំផុតសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋកាន់តែក្រីក្រថែមទៀតជាមិនខាន ។ ជាក់ស្តែង វិបត្តិនយោបាយនៅប្រទេសថៃបានកើតឡើងយ៉ាងរ៉ាំរ៉ៃដោយសារគណបក្សប្រឆាំងមិនគោរពតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ហើយបើទោះបីជាមានការបោះឆ្នោតឡើងវិញក៏ដោយ ក៏នៅតែមិនអាចរកចំណុចបញ្ចប់ឃើញនៅឡើយដែរ ។ សម្រាប់សំឡេងប្រជាពលរដ្ឋភាគច្រើន និងអ្នកតាមដានសភាពការណ៍យល់ថា គន្លឹះសំខាន់ក្នុងការដោះស្រាយនូវភាពមិនចុះសម្រុងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនាពេលនេះ គឺមានតែការដោះស្រាយទៅតាមចំណុចអ្វីដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នានៅក្នុងជំនួបចរចាកំពូលកាលពីថ្ងៃទី១៦ កញ្ញា ២០១៣ លើចំណុចអាទិភាព៣ សម្រាប់ដោះស្រាយបញ្ហារបស់ជាតិតែបុ៉ណ្ណោះ ក្នុងនោះរួមមាន ៖
ទី១-គណបក្សទាំងពីរប្តេជ្ញាអនុវត្តដោយហ្មត់ចត់តាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបានអំពាវនាវដល់ជនរួមជាតិទាំងមូលឱ្យមានការអត់ធ្មត់ជាអតិបរមា ដើម្បីបញ្ចៀសអស្ថិរភាពនៃជាតិ ព្រមទាំងរក្សាភាពថ្លៃថ្នូរ និងស្ងៀមស្ងាត់ដើម្បីទុកឱកាសរកដំណោះស្រាយបញ្ហាជាតិទាំងអស់គ្នា ។
ទី២-គណបក្សទាំងពីរក៏បានព្រមព្រៀងគ្នាថា នឹងបង្កើតយន្តការដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ។
ទី៣-គណបក្សនយោបាយទាំងពីរនឹងបន្តជួបចរចាគ្នាតទៅទៀតតាមគ្រប់កម្រិតដើម្បីដោះស្រាយបញ្ហារបស់ជាតិ ។
ដូច្នេះការទាមទារតាមអំពើចិត្តដោយមិនគោរពច្បាប់របស់ប្រទេស ឬតាមការទាមទាររបស់សំឡេងភាគតិចនៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យមានការបោះឆ្នោតឡើងវិញ គឺមិនអាចធ្វើឱ្យជម្លោះនយោបាយបញ្ចប់បាននោះទេ ។ ប្រការដែលគណបក្សទាំងពីរត្រូវគិត គឺផលប្រយោជន៍ជាតិជាធំ មានតែការងាកមករកតុចរចាគ្នាតែបុ៉ណ្ណោះ ទើបអាចរកដំណោះស្រាយ និងរួបរួមគ្នាកសាងជាតិបាន។ ការទាមទារអំណាចតាមបែបផ្តួលរំលំដោយការធ្វើបដិវត្តន៍ប្រជាជន គឺមិនអាចទៅរួចបានឡើយ ៕
ចែករំលែកព័តមាននេះ