ខេត្តប៉ៃលិន ៖ កម្មករបើកបររថយន្តដឹកទឹកសុទ្ធម្នាក់ងងុយដេកបើករថយន្តរេចង្កូតទៅបុកគោយន្តកន្រៃ្តយ៉ាងពេញទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យរងរបួសស្រាល ៣នាក់ ចំណែកគោយន្តកន្រ្តៃខូចខាតទាំងស្រុង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១១ កុម្ភៈ ២០១៤ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៧A ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
អ្នកបើកបររថយន្ត ទី១.ឈ្មោះ ម៉ូត គឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាកម្មករស៊ីឈ្នួលបើកបររថយន្តដឹកទឹកសុទ្ធ រងរបួសស្រាល ដោយបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-0728 រងខូចខាតបែកកញ្ចក់មុខ និងខ្ទេចចំហៀងខាងមុខផ្នែកឆ្វេងយ៉ាងដំណំ ទី២. ឈ្មោះ លន់ រិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជាកម្មករទឹកសុទ្ធ និងព្រូរថយន្ត របួសរយះច្រមុះស្រាល ទី៣. ឈ្មោះ អៀង អ៊ីម ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករទឹកសុទ្ធ រងរបួសស្រាល ទាំង ៣នាក់ ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះថៅកែទឹកសុទ្ធក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ចំណែកអ្នកបើកបរគោយន្តកន្រ្តៃឈ្មោះ វង់ សារិទ្ធ ហៅអៀ ភេទប្រុស អាយុ ២៤ឆ្នាំ ជាកសិករ រងរបួសហើមស្មាផ្នែកខាងឆ្វេង រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ឯគោយន្តកន្រ្តៃដឹកដើមដំឡូងមីពេញទ្រុង រងការខូចខាតទាំងស្រុង។ ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ជើងគោក នៃអធិការក្រុងប៉ៃលិន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកទឹកសុទ្ធ ១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិចដោយល្បឿនយ៉ាងលឿន ច្រាសទិសគ្នាជាមួយនិងគោយន្តកន្រ្តៃ ដែលបើកបរដោយបុរសម្នាក់ដឹកដើមដំឡូងមីពេញទ្រុង។
ដោយអ្នកបើកបររថយន្តដេកលក់មួយភាំង បណ្តាលឲ្យរេចង្កូតទៅខាងឆ្វេងដៃបុកនឹងគោយន្តកន្រៃ្តយ៉ាងពេញទំហឹងតែម្តង តែសំណាងល្អម្ចាស់លោតចុះពីលើគោយន្តទាន់ពេលធ្លាក់ទៅក្នុងប្រឡាយទើបគ្មានគ្រោះថ្នាក់ដល់ជីវិត។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក និងម្ចាស់គោយន្តកន្រ្តៃ បានសម្របសម្រួលគ្នានៅនឹងកន្លែង ដោយម្ចាស់រថយន្តចេញថ្លៃសងការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង៕
ចែករំលែកព័តមាននេះ