រាជធានីភ្នំពេញ ៖ ថ្លែងក្នុងឱកាសវេទិកាសាធារណៈ ស្តីពី «សិទ្ធិទទួលបានយុត្តិធម៌នៅអាស៊ី» លោក ហ៊ីង សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានផ្សាភ្ជាប់នូវសិទ្ធិទទួលបានយុត្តិធម៌ជាមួយនិងយុត្តិធម៌សង្គម ដែលក្នុងនោះ មានការគោរពសិទ្ធិមនុស្ស ការធានាសមភាព កត្តាសន្មត់នៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។ លោក ហ៊ីង សុភា ថ្លែងក្នុងវេទិកាសាធារណៈនេះ កាលពីថ្ងៃទី១០ កុម្ភៈ ២០១៤ នៅសណ្ឋាគារសាន់វ៉េ។
លើសពីនេះ លោកបានដាក់សំណួរដល់អង្គសន្និសីទ ដែលសុទ្ធតែមេធាវីជាតិ អន្តរជាតិ មកពីស្ថាប័នខុសគ្នាទៅក្នុងប្រទេស និងអន្តរជាតិ ក្រោមសំណួរថា តើធ្វើដូចម្តេចដើម្បីជំរុញឲ្យមានសិទ្ធិទទួលបានយុត្តិធម៌នៅក្នុងសង្គម?។ លោក ប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកាលពីរសៀលថ្ងៃទី១១ កុម្ភៈ ថា វាគ្មិននៃអង្គវេទិកា ដែលអញ្ជើញមកកម្ពុជា មានប្រទេសអូស្រ្តាលី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោល មីយ៉ាន់ម៉ា នេប៉ាល់ សឹង្ហបុរី វៀតណាម និងជប៉ុន បានលើកបង្ហាញនូវប្រព័ន្ធសេវាកម្មផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជំរុញសិទ្ធិទទួលបានយុត្តិធម៌ វិធីសាស្ត្រខុសប្លែកៗ ពីគ្នាទៅតាមបរិបទ នៃយុត្តិការរៀងៗខ្លួន។
លោក ប៊ុន ហុន បន្ថែមថា វាគ្មិនដែលសុទ្ធតែមានជំនាញពីបណ្តាប្រទេសទំាងនោះ បញ្ជាក់បានថា ដើម្បីទទួលបានយុត្តិធម៌ក្នុងសង្គមមួយ ត្រូវមានគ្លីនិកជំនួយផ្នែកច្បាប់ចល័ត (Mobile Legal Clinic) ដែលអាចផ្តល់សេវាកម្មនេះ ជូនដល់ប្រជាជននៅតាមជនបទសម្រាប់ករណីចំាបាច់ដូចជា ភ្លើងឆេះផ្ទះជាដើម។ ត្រូវមានប្រព័ន្ធអចិន្ត្រៃយ៍សម្រាប់ផ្តល់សេវាកម្មច្បាប់ មានវិទ្យាស្ថានជំនួយផ្នែកច្បាប់ ដែលត្រូវបានផ្តល់នីតិសម្បទានដោយរដ្ឋាភិបាល ហើយទទួលនូវការឧបត្ភមពីរដ្ឋាភិបាលនូវថវិកាមួយចំនួនសម្រាប់ដំណើរការ។
កំណត់នៅក្នុងក្រមសីលធម៌របស់មេធាវីអំពីការផ្តល់សេវាកម្មច្បាប់ដោយឥតយកកម្រៃ និងមួយទៀតត្រូវជំរុញឲ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។ លោក ប៊ុន ហុន បញ្ជាក់ថា អ្វីដែលកម្ពុជា ក៏ដូចជាប្រទេសនានា ត្រូវយកចិត្តទុកដាក់ និងចាត់ទុកជាមេរៀនសម្រាប់អភិវឌ្ឍប្រព័ន្ធសិទ្ធិទទួលបានយុត្តិធម៌របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។ ទោះបីជាប្រទេសនីមួយៗ មានកម្រិតអភិវឌ្ឍខុសប្លែកពីគ្នា ហើយប្រទេសខ្លះ ក៏អាចផ្តល់ជូនប្រជាពលរដ្ឋរបស់ខ្លូននូវសិទ្ធិទទួលបានយុត្តិធម៌គ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏អាចចែករំលែកការទទួលបានបញ្ហាថ្មីៗ ហេតុការណ៍ថ្មីៗ បញ្ហាប្រឈមថ្មីៗ មិនមែនជាបញ្ហាដែលធ្វើឲ្យប៉ះពាល់ ឬខូចខាតប្រយោជន៍ឡើយ។
លោកបន្ថែមថា សម្រាប់គណៈមេធាវីកម្ពុជា នៅមានកង្វះថវិកា ធនធានមនុស្ស កិច្ចសហការល្អពីស្ថាប័នពាក់ព័ន្ធ និងជាពិសេសខ្វះបទពិសោធន៍ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងយន្តការ នៃអនុវត្តសកម្មភាពជំរុញឲ្យមានសិទ្ធិទទួលបានយុត្តិធម៌។ ដូច្នេះ វេទិកានេះ នឹងក្លាយជាធនធានដ៏សំខាន់របស់អង្កការ ស្ថាប័នជាតិ និងអន្តរជាតិ ក៏ដូចជាម្ចាស់ជំនួយទំាងអស់ ដែលមានបំណងជំរុញ និងអភិវឌ្ឍសិទ្ធិទទួលបានយុត្តិធម៌នៅកម្ពុជា ក្នុងការស្វែងរក និងជ្រើសរើសយកគំរូនៃការអនុវត្តល្អៗ។
លោកស្រី Sachiko Matsuda អនុប្រធានសហព័ន្ធគណៈមេធាវីជប៉ុន បានលើកឡើងថា គណៈមេធាវី សហព័ន្ធជប៉ុន (JFBA) បានបង្កើតឡើងក្នុងឆ្នំា១៩៤៩ ហើយ JFBA ក៏បានធ្វើការកែប្រែប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសជប៉ុន ក្នុងអំឡុងសង្រ្គាមលោកលើកទី២។ ក្នុងពេលនោះ សមាជិកដែលជាមេធាវីត្រូវតែចុះបញ្ជីជាមួយ JFBA។ មេធាវីក្នុងប្រទេសជប៉ុន ត្រូវធ្វើការការពារសិទ្ធិមនុស្សជាមូលដ្ឋាន និងត្រូវតែធានាឲ្យមានយុត្តិធម៌ ហើយ JFBA បានចូលរួមក្នុងសកម្មភាពជាច្រើន ដូចជា ការពារសិទ្ធិមនុស្ស ការធ្វើការស្រាវជ្រាវអំពីច្បាប់មួយចំនួនក្នុងប្រទេសជប៉ុន។
លោកស្រីបន្តថា លើសពីអ្វីដែលបានលើកឡើង JFBA បានសិក្សាពីផលប៉ះពាល់ទៅលើសង្គម និងបរិស្ថាន និងចូលរួមចំណែកដល់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌផងដែរ។ ការធ្វើបែបនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យជំនួយផ្នែកច្បាប់ទទួលបានដល់ប្រជាជនជាច្រើនសម្រាប់ទទួលបានយុត្តិធម៌ក្នុងសង្គម។ ចំពោះទំនាក់ទំនងជាមួយអន្តរជាតិវិញ JFBA បានទទួលធ្វើការទាក់ទងជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ JFBA បានផ្តល់ជំនួយផ្នែកច្បាប់មកកម្ពុជា ជាយូរមកហើយ គឺក្នុងឆ្នាំ១៩៩៦ JFBA បានធ្វើការបណ្តុះបណ្តាលដល់មេធាវីកម្ពុជា ក្រោមជំនួយរបស់អង្កការ JICA។ ជំនួយនេះ មានទំនាក់ទំនងរហូតមកដល់សព្វថ្ងៃ។
ដើម្បីឲ្យមានភាពជឿជាក់ និងស្និទ្ធស្នាល គណៈមេធាវីសហព័ន្ធមេធាវីជប៉ុន និងគណៈមេធាវីព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ២០០០។ នៅពេលចុះហត្ថលេខា គណៈមេធាវីបានសហការជាមួយគ្នាយ៉ាងល្អក្នុងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ៕
ចែករំលែកព័តមាននេះ