រាជធានីភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងបិទសន្និបាតរបស់ក្រសួងការងារ កាលពីថ្ងៃទី១១ កុម្ភៈ ២០១៤ នៅទីស្តីការក្រសួងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ផែនការយុទ្ធសាស្ត្រកាងារថ្មីសម្រាប់ឆ្នាំ២០១៤-២០១៨ ដែលផែនការនេះ សំដៅដល់ការធ្វើយ៉ាងណាឲ្យកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបន្តថា ក្រោមការដឹកនំាប្រកបដោយបញ្ញាឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុវត្តជោគជ័យ និងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងារ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៣ កន្លងមកនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ៧.៥ភាគរយ។
លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីឲ្យការងារ ក៏ដូចជាយុទ្ធសាស្ត្រដែលក្រសួងបានចេញក្នុងឆ្នាំរយៈពេល ៥ឆ្នាំ (២០១៤- ២០១៨) សមាជិកទំាងអស់ត្រូវតែអនុវត្តជាដាច់ខាតនូវចំណុច ៖ ទី១- ត្រូវផ្សព្វផ្សាយផែនកាយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់មន្ត្រីទាំងអស់ឲ្យបានយល់ជ្រាបច្បាស់អំពីខ្លឹមសារ និងកម្មវិធីការងារ ដែលបានកំណត់ក្នុងផែនការ។ ទី២- គ្រប់អង្គភាពចំណុះក្រសួង ត្រូវរៀបចំផែនការសកម្មភាពការងារតាមជំនាញរៀងៗខ្លួន ដោយផ្អែកលើផែនការយុទ្ធសាស្ត្រ ដោយកំណត់ច្បាស់នូវគោលដៅសូចនាករ។
ទី៣- ត្រូវប្រមូលផ្តុំអនុវត្តនូវអាទិភាពចាប់តំាងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ រួមមាន អភិវឌ្ឍលក្ខខណ្ឌការងារសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍន៍ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអភិវឌ្ឍន៍មុខរបរ និងការងារ ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជនទំាងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ការងារ និងការពង្រឹងអភិបាលកិច្ចល្អ។ ទី៤- ត្រូវពង្រឹងការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ សាមគ្គីភាព ត្រូវផ្តើមចេញពីការគោរព និងអនុវត្តនូវរបៀបការងារឲ្យបានត្រឹមត្រូវ មានការប្រជុំត្រួតពិនិត្យ ការងារទៀងទាត់ មានតម្លាភាពក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងការអនុវត្តបទដ្ឋានទាក់ទងនឹងការតម្លើងថ្នាក់ឋានស័ក្កមន្ត្រីរាជការ។ល។
ទី៥- ត្រូវយកចិត្តទុកដាក់កែទម្រង់ឥរិយាថទក្នុងផ្តល់សេវាសារណៈ ដោយចាត់ទុកខ្លួនយើងជាអ្នកបម្រើជូនប្រជាពលរដ្ឋ ចាត់ទុកប្រជាពលរដ្ឋ កម្មករនិយោជិត និងអតិថិជន ជាម្ចាស់។ លើសពីនេះ លោករដ្ឋមន្ត្រីបានបញ្ចាក់ថា មន្ត្រីបម្រើការងារទំាងអស់ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ក្នុងវិស័យការងារ អនុវត្តឲ្យត្រឹមត្រូវតាមតួនាទីភារកិច្ចដែលបានប្រគល់ឲ្យ ធ្វើរបាយការណ៍ឲ្យទៀងទាត់ពេលវេលា។ ក្រសួងរៀបចំឲ្យមានប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃរាល់ស្នាដៃរបស់បុគ្គល និងអង្គភាព ដែលមានស្នាដៃល្អ និងដាក់ពិន័យដល់បុគ្គល និងអង្គភាពដែលប្រព្រឹត្តខុស៕
ចែករំលែកព័តមាននេះ