រាជធានីភ្នំពេញ ៖ បន្ទាប់ពីបើកសវនាការជិតពីរម៉ោង ដោយអវត្តមានជនជាប់ចោទ មានតែមេធាវីការពារក្តី នៅថ្ងៃទី១១ កុម្ភៈ លោកឃុន លាងម៉េង ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចបដិសេធការស្នើនៅក្រៅឃុំរបស់មេធាវីជនជាប់ចោទទាំង២១នាក់ ដោយសម្រេចតម្កល់សាលក្រមសាលាដំបូង ឱ្យនៅដដែល ។ ក្នុងសំណុំរឿងរបស់ជនទាំង២៣នាក់ ត្រូវបានសាលាឧទ្ធរណ៍ចែកជាដំណាក់ និងចោទជាបទល្មើសផ្សេងៗគ្នា ។
មនុស្សចំនួន២៣នាក់ ត្រូវបានសាលាដំបូងដោះលែងពីរនាក់ឱ្យនៅក្រៅឃុំ មាន លោក យក់ ជា និងលោក បូ សារិទ្ធ ចំណែកជនជាប់ចោទម្នាក់ដែលកំពុងជាប់ឃុំក្នុងចំណោម៣នាក់ ដែល២នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំហើយនោះ ត្រូវបានតុលាការចោទ៤ករណី គឺទី១-បទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទី២-បទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ទី៣-បទប្រមាថមន្ត្រីរាជការសាធារណៈ និងទី៤-ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ រីឯជនជាប់ចោទចំនួន២០នាក់ផ្សេងទៀត ត្រូវតុលាការចោទ២ករណី ដោយករណីទី១-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទី២-ធ្វើឱ្យខូចខាតដោយមានចេតនាមានស្ថានទម្ងន់ទោស ។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យជនជាប់ចោទមកពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងជាអ្នកការពារក្តីឱ្យជនមួយចំនួន ក្នុងចំណោមជនជាប់ចោទទាំង២១នាក់ និងក្នុងចំណោមមេធាវីផ្សេងៗទៀត បានមានប្រសាសន៍ថា ការដែលសាលាឧទ្ធរណ៍ សម្រេចឱ្យកូនក្តីរបស់លោកនៅក្នុងឃុំដដែល រូបលោកក៏ដូចជាមេធាវីផ្សេងទៀតមិនអាចទទួលយកបានទេ ។ ទាក់ទងនឹងរឿងសម្រេចរបស់សភាសើុបសួរនៅក្នុងថ្ងៃនេះ គឺមិនមានលក្ខណៈត្រឹមត្រូវតាមច្បាប់ ។ លោកមេធាវីរូបនេះ បានលើកមូលហេតុ ដែលចៅក្រមសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង ដោយគ្រាន់តែសំអាងចំនួនពីរ គឺប្រសិនបើដោះលែងជនជាប់ចោទឱ្យនៅក្រៅឃុំ នឹងបង្កឱ្យមានភាពច្របូកច្របល់ដល់សន្តិសុខសាធារណៈ ។ មួយទៀត ប្រសិនបើដោះលែងកូនក្តីឱ្យនៅក្រៅឃុំ នឹងមិនអាចរក្សាជនជាប់ចោទតាមនីតិវិធីតុលាការ ហើយបច្ចុប្បន្នការសើុបអង្កេតកំពុងដំណើរការរឿងនេះ ។ ក្រុមមេធាវីការពារក្តីជនជាប់ចោទ នឹងដាក់ពាក្យប្តឹងទៅតុលាការកំពូលបន្តប្តឹងទាស់ពីការកាត់ក្តីរបស់សាលាឧទ្ធរណ៍ដែលមិនអាចឱ្យកូនក្តីទទួលយកបាននៅក្នុងសប្តាហ៍នេះ ។
លោកថ្លែងថាចំពោះកូនក្តីរបស់លោក ត្រូវតែទទួលបានឱ្យនៅក្រៅឃុំ តាមច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា២០៨និង៣៨ ។ ចំណែកមេធាវីការពារក្តីឱ្យជនជាប់ចោទមួយរូបទៀតគឺលោក គឹម សុជាតិ ថ្លែងថា ក្រុមមេធាវីរបស់លោកដែលការពារក្តីឱ្យជនជាប់ចោទ ក៏មិនអាចទទួលយកការសម្រេចរបស់សាលាឧទ្ធរណ៍បានដែរ ហើយរូបលោកនឹងដាក់ពាក្យបណ្តឹងទាស់នឹងសាលដីការបស់សាលាឧទ្ធរណ៍ទៅតុលាការកំពូលនៅក្នុងសប្តាហ៍នេះ ។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសរបស់អង្គការលីកាដូ បានថ្លែងថា លោកមានការសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ដែលមិនឱ្យអ្នកទាំង២១នាក់នៅក្រៅឃុំ ព្រោះថាការមិនឱ្យអ្នកទាំង២១នាក់នេះនៅក្រៅឃុំ បានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសុខភាពរបស់ពួកគាត់មួយចំនួនដែលត្រូវកងកម្លាំងសមត្ថកិច្ចវាយទ្រុឌទ្រោម ។ ជាក់ស្តែង លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ គាត់ត្រូវបានសមត្ថកិច្ចវាយយា៉ងដំណំ និងមួយទៀតគាត់ត្រូវតាមដានជំងឺ និងត្រូវវះកាត់ផងដែរ ។
លោក អំ សំអាត បានថ្លែងទៀតថា បញ្ហាមួយទៀតគឺអ្នកដែលកំពុងជាប់ឃុំ ពួកគាត់ត្រូវរា៉ប់រងចិញ្ចឹមគ្រួសាររបស់គាត់ ប្រសិនបើគាត់នៅក្រៅឃុំនោះ គាត់មានពេលប្រកបមុខរបរចិញ្ចឹមគ្រួសាររបស់ពួកគាត់ ។ គាត់បានធានាចំពោះសេចក្តីត្រូវការរបស់តុលាការនៅពេលណាតុលាការត្រូវការពួកគាត់មកសាកសួរ ។ លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា កាលពីដើមឡើយ ប្រទេសកម្ពុជាមិនឱ្យមានការឃុំខ្លួនអ្នកទោសនយោបាយ ប៉ុន្តែប្រសិនបើតុលាការសម្រេចដាក់ទោសអ្នក២១នាក់ជាអ្នកទោសនយោបាយនោះវាមិនត្រឹមត្រូវ គឺវាផ្ទុយពីអ្វីដែលច្បាប់អនុវត្ត ។ ចំណែកភរិយាលោក វន់ ពៅ បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មានទាំងហូរទឹកភ្នែក និងឱបកូននឹងដៃថា ការកាត់ក្តីរបស់សាលាឧទ្ធរណ៍នេះ គឺជាភាពអយុត្តិធម៌ណាស់ សម្រាប់គាត់ព្រោះថាប្តីរបស់គាត់មិនបានធ្វើខុស គឺគ្រាន់តែទាមទារដំឡើងប្រាក់ខែជូនកម្មករ បែរជាត្រូវកងកម្លាំងសមត្ថកិច្ចចាប់ខ្លួន ។ ប្តីរបស់គាត់ប្រហែលជាមិនអាចទ្រាំនឹងការស្នាក់នៅក្នុងពន្ធនាគារទេ ព្រោះថាប្តីគាត់មានជំងឺប្រចាំកាយ ហើយត្រូវការចាំបាច់ព្យាបាលនៅបរទេស ដែលត្រូវកំណត់ថ្ងៃទី១៨ កុម្ភៈ ខាងមុខនេះទៀត ។ ប៉ុន្តែអ្វីដែលមិនអាចទៅបាននោះ គឺប្តីគាត់មិនត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង៣០នាទីព្រឹក សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅដដែល ដោយមិនអនុញ្ញាតឱ្យជនទាំង២១នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារត្រពាំងផ្លុង ឯខេត្តកំពង់ចាមនោះ ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំរបស់មេធាវីជនជាប់ចោទទាំងនោះទេ ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺបន្ទាប់ពីការសម្រេចរបស់សាលាឧទ្ធរណ៍ ក្រុមព្រះសង្ឃ ប្រជាពលរដ្ឋ និងអ្នកគាំទ្រដែលនៅខាងក្រៅរបងសាលាឧទ្ធរណ៍ បាននាំគ្នារុញច្រានទ្វាររបងដើម្បីសម្រុកចូលក្នុងសាលាឧទ្ធរណ៍ ជាមួយនឹងការស្រែកទ្រហោយំ ទាមទារឱ្យមានការដោះលែងជនទាំង២១នាក់ រហូតដល់មានមនុស្សមួយចំនួនបានចូលដល់ក្នុងបរិវេណសាលាឧទ្ធរណ៍ ។ ហេតុការណ៍នេះរហូតដល់មានការប្រឈមមុខដាក់គ្នា ខណៈកម្លាំងសមត្ថកិច្ចបានទប់ស្កាត់ មិនឱ្យក្រុមអ្នកគាំទ្រចូលក្នុងសាលាឧទ្ធរណ៍ ។
សវនាការជំនុំជម្រះរបស់សាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី១១ កុម្ភៈ នោះ គឺលើសំណុំរឿងលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក ចាន់ ពុទ្ធិស័ក្តិ សកម្មជនដីធ្លីតំបន់បឹងកក់ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករ រួមទាំងកម្មករចំនួ១៨នាក់ផ្សេងទៀត ស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ នាព្រឹកនោះដែរ នៅខាងក្រៅរបងសាលាឧទ្ធរណ៍ មានប្រជាពលរដ្ឋតាមសហគមន៍ និងអ្នករត់ម៉ូតូឌុបឈរកាន់បដា ទង់ជាតិកម្ពុជា ទង់ជាតិសហរដ្ឋអាមេរិក ព្រមទាំងផ្ទាំងរូបភាពមួយចំនួន ដើម្បីទាមទារឱ្យមានការដោះលែងក្រុមជនទាំង២១នាក់ ។ ក្នុងនោះក៏មានការថ្លែងសាររបស់មេដឹកនាំសហជីពមួយចំនួន ពាក់ព័ន្ធនឹងការទាមទារឱ្យមានការដោះលែងអ្នកទាំង២១នាក់នោះដែរ ។
គួររំលឹកថា មុននេះជនសង្ស័យចំនួន២៣នាក់ ដែលមានក្រុមសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងកម្មករ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅកន្លែងផ្សេងពីគ្នា គឺក្រុមលោក វន់ ពៅ រួមទាំងកម្មករសរុបទាំងអស់១០នាក់ ត្រូវបានចាប់ខ្លួននៅចំណុចរោងចក្រ យា៉ក ជីន ជិតតំបន់សេដ្ឋកិច្ចពិសេសកំបូល កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ និង១៣នាក់ផ្សេងទៀត ចាប់ខ្លួននៅចំណុចសួនឧស្សាហកម្មកាណាឌីយា៉ ផ្លូវចោមចៅ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ក្នុងអំឡុងពេលមានការតវា៉ឱ្យដំឡើងប្រាក់ខែកម្មករកាត់ដេរ ។ អ្នកទាំង២៣នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ។ ក្នុងចំណោមអ្នកទាំង២៣នាក់មាន២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី៨ កុម្ភៈ ៕
ចែករំលែកព័តមាននេះ