រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១១ កុម្ភៈ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
លោកកុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឱ្យដឹងនៅពេលបញ្ចប់កិច្ចប្រជុំថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណភាគីវៀតណាម ដែលបានផ្តល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០១៤ នេះ សម្រាប់រយៈពេលវែងចំនួន១០០កន្លែង និងរយៈពេលខ្លីចំនួន៤៥០កន្លែងដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ភាគីវៀតណាមក៏បានថ្លែងអំណរគុណកម្ពុជាវិញដែរ ដែលកម្ពុជាបានផ្តល់អាហារូបករណ៍មួយចំនួនដល់វៀតណាម ។ នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងពីរបានផ្តល់ការងារដល់ក្រុមជំនាញការប្រទេសទាំងពីរធ្វើយ៉ាងណាឱ្យជួបប្រជុំគ្នាឱ្យបានឆាប់ ពិភាក្សាគ្នាអំពីការប្រើប្រាស់ទឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណភាគីវៀតណាម ដែលបានយល់ព្រមលក់ចរន្តអគ្គិសនីចំនួន២០០មេហ្គាវ៉ាត់ដល់ភាគីកម្ពុជា ។ ភាគីកម្ពុជាក៏លក់ចរន្តអគ្គិសនីដែលនៅសល់ពីការប្រើចំនួន១០០មេហ្គាវ៉ាត់ ទៅឱ្យខាងភាគីវៀតណាមវិញដែរ នៅក្នុងរដូវវស្សា ព្រោះកម្ពុជាមានវារីអគ្គិសនីច្រើនកន្លែងបានដំណើរការហើយ ។ ទាក់ទងនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរភាគីទាំងពីរបានប្តេជ្ញា ខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ឈានដល់ទឹកប្រាក់៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៥ខាងមុខ ដែលជាការចង់បានរបស់នាយករដ្ឋមន្ត្រីទាំងពីរ ។ ដូច្នេះទំហំទឹកប្រាក់ចំនួន៥ពាន់លានដុល្លារអាមេរិក ភាគីទាំងពីរនឹងប្តេជ្ញាសម្រេចឱ្យបាននូវផែនការនេះ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណភាគីវៀតណាម ដែលបានសាងសង់ផ្សារគំរូមួយឱ្យកម្ពុជានៅឆ្នាំ២០១៤ ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ភាគីទាំងពីរ ក៏បានប្រគល់ការងារឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រទេសទាំងពីរបង្កើតផែនការមេ ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ពិសេសបណ្តាញដឹកជញ្ជូននៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីឱ្យមានការងាយស្រួលក្នុងការធ្វើចរាចរណ៍ទំនិញក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ។ ទាក់ទងនឹងបញ្ហាព្រំដែន ភាគីទាំងពីរបានសន្យាខិតខំឱ្យមានការបោះបង្គោលព្រំដែនឱ្យបានចប់នៅពេលដ៏ឆាប់បំផុតខាងមុខ ។ កន្លងមក បានកំណត់បោះបង្គោលព្រំដែនបាន៧៦% ហើយ នៅសល់តែជាង២០%ទេ នឹងខិតខំធ្វើឱ្យបានចប់សព្វគ្រប់ ។ ភាគីទាំងពីរបានពិភាក្សាគ្នាផងដែរពីបញ្ហាសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ហើយនៅទីបញ្ចប់ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៣ ។
សូមបញ្ជាក់ថា ព្រំដែនកម្ពុជា-វៀតណាម មានបណ្តោយ១.២៧០គីឡូម៉ែត្រ ហើយបានកំណត់ការបោះបង្គោលបានចំនួន៩៩២គីឡូម៉ែត្រហើយ ។ ក្នុងចំណោមបង្គោល៣១៤ គឺយើងកំណត់បោះបង្គោលឱ្យបាន២៧៨ស្មើនឹង៧៦% ឯការបោះបង្គោលជាក់ស្តែងបានចំនួន២១៧បង្គោល ដែលបោះរួច គឺស្មើនឹង៦៩% ។ ចំពោះការកំណត់ឆ្នាំឱ្យរួចរាល់មិនទាន់អាចកំណត់ច្បាស់លាស់ទេ តែប្រទេសទាំងពីរសន្យាថានឹងខិតខំឱ្យឆាប់បំផុត ព្រោះនៅសល់តែជាង២០%ទៀតទេ ៕
ចែករំលែកព័តមាននេះ