ខេត្តព្រះសីហនុ ៖ កម្មករ-កម្មការិនីរោងចក្រ R.C.I ជាង១ពាន់នាក់ បាននាំគ្នាធ្វើកូដកម្ម មិនព្រមចូលធ្វើការដើម្បីទាមទារឱ្យរោងចក្របញ្ឈប់ប្រធានរដ្ឋបាល ។ កូដកម្មនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១១ កុម្ភៈ ដែលរោងចក្រខាងលើស្ថិតនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ។
ប្រភពពីកម្មករបានឱ្យដឹងថា ការទាមទារនេះ គឺដោយសារប្រធានរដ្ឋបាលរូបនោះមិនមានតម្លាភាពក្នុងការបំពេញការងារ កាត់លុយមិនត្រឹមត្រូវ លុបបំបាត់លុយបំណាច់ឆ្នាំដែលធ្លាប់តែ១ឆ្នាំបើកម្ដងឱ្យមក៣ឆ្នាំទើបបើក ហើយបើកតែ១ឆ្នាំទុក២ឆ្នាំ និងកេងប្រវ័ញ្ចប្រាក់ថែមម៉ោងរបស់ពួកគេទៀត ។ ប្រភពបន្ដថា ប្រសិនជាខាងរោងចក្រមិនរកដំណោះស្រាយឱ្យពួកគេទេ គឺក្រុមកម្មករមិនព្រមចូលធ្វើការជាដាច់ខាត។ ទោះជាយ៉ាងណា គេនៅពុំទាន់ឃើញតំណាងរោងចក្រចេញមកដោះស្រាយនៅឡើយទេ នាព្រឹកថ្ងៃដដែលនោះ ខណៈដែលរោងចក្រមិនព្រមឱ្យចូលជួប ចំណែកខាងកម្លាំងសមត្ថកិច្ចវិញ កំពុងព្យាយាមការពារសណ្ដាប់ធ្នាប់ និងសុវត្ថិភាពផងដែរ ។
ដោយឡែកលោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដ បានឱ្យដឹងថា ចំពោះការតវ៉ានេះ លោកបានបញ្ជូនក្រុមការងារទៅហើយ តែពុំទាន់បានចរចានៅឡើយទេ ។ បើតាមការសន្និដ្ឋានរបស់លោក ចំពោះមូលហេតុនៃការតវ៉ានេះគឺក្រុមកម្មករចង់បានលក្ខខណ្ឌចំនួន៣ ក្នុងនោះរួមមាន៖
១-បញ្ឈប់ការងារប្រធានរដ្ឋបាលឈ្មោះ សុខ គង់ ចេញពីរោងចក្រ ។
២-ស្នើឱ្យរោងចក្រត្រួតពិនិត្យឡើងវិញ ចំពោះប្រាក់ខែដែលទើបបើកថ្មីៗនេះ ព្រោះថាពួកគេធ្វើការងារដដែល គ្រប់ម៉ោងទាំងអស់ តែប្រាក់ខែធ្លាក់ចុះក្នុងម្នាក់ៗចាប់ពី១០ដុល្លារទៅ២៥ដុល្លារ ។
៣-សូមឱ្យមានថ្ងៃឈប់សម្រាកសម្រាប់កម្មករក្នុង១ឆ្នាំ១៨ថ្ងៃ ។
លោកប្រធានមន្ទីរបន្ដថា ចំពោះឈ្មោះ សុខ គង់ ដែលជាប្រធានរដ្ឋបាលរោងចក្រនេះ កន្លងមក សូម្បីតែក្រុមការងាររបស់លោកចុះទៅធ្វើការងារ ក៏បុគ្គលនេះហាក់មានអាកប្បកិរិយាមិនល្អដែរ ។ មិនអាចស្វែងរកការបំភ្លឺណាមួយពីរោងចក្រក៏ដូចជាឈ្មោះ សុខ គង់ នោះឡើយ ៕
ចែករំលែកព័តមាននេះ