ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ កុម្ភៈ ២០១៤ បន្ទាប់ពីបុរសរូបនោះវាយនារីជាសង្សារឱ្យរបួសខ្លួន និងជើង ព្រមទាំងចាប់ជ្រមុជទឹកអូរព្រំដែនរហូតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកជួយសង្គ្រោះ ។
ជនដែលប្រើហិង្សាលើនារីជាសង្សារឈ្មោះដុស សារ៉ាត់ ហៅយ៉េត អាយុ២៧ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ចំណែកនារីជាសង្សារឈ្មោះអ៊ុំ សៀវឡេង អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលិចកាស៊ីណូផ្កាយប្រាំនៅជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិ-សង្កាត់ខាងលើ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តហិង្សាលើនារីជាសង្សារមែន ហើយរូបគេ និងនារីរងគ្រោះទើបតែស្គាល់គ្នាបានរយៈពេល៦ខែប៉ុណ្ណោះ ។ មូលហេតុដែលឈានដល់ការប្រើហិង្សានេះដោយសារគេប្រចណ្ឌខ្លាំងពេក។
យោងតាមចម្លើយសារភាព ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត៕
ចែករំលែកព័តមាននេះ