រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១១ មករា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកាល់ម៉ែត មានរៀបចំពិធីទទួលអំណោយសម្ភារប្រើប្រាស់ព្យាបាលជំងឺបេះដូងពីអង្គការ Jeremiahs Hope ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោក Mark W.Sheehan ប្រធានអង្គការ Jeremiahs Hope ព្រមទាំងមានការចូលរួមពីលោកវេជ្ជបណ្ឌិត គ្រូពេទ្យជាច្រើនរូបទៀត ។
លោក Mark W.Sheehan ប្រធានអង្គការ Jeremiahs Hope បានមានប្រសាសន៍ថា លោកបានមកជួយផ្នែកព្យាបាលជំងឺបេះដូងដល់កុមារកម្ពុជាតាំងពីឆ្នាំ២០០០មកម្ល៉េះ ហើយលោកក៏បានធ្វើការវះកាត់បេះដូងក្នុងមួយឆ្នាំ៤ទៅ៥លើក ។ ជាមួយគ្នានេះលោកនិងសហការីបានជួយបណ្តុះបណ្តាលផ្នែកវះកាត់និងវិធីព្យាបាលជំងឺបេះដូងដល់គ្រូពេទ្យកម្ពុជាផងដែរ ។ លើកនេះលោកបានផ្តល់សម្ភារប្រើប្រាស់ផ្នែកជំងឺបេះដូងជាច្រើនមុខដល់មន្ទីរពេទ្យកាល់ម៉ែតផ្នែកបេះដូង សរុបគិតជាទឹកប្រាក់ប្រមាណជា១០ម៉ឺនដុល្លារអាមេរិក ដោយសារតែលោកចង់ផ្តល់នូវក្តីសង្ឃឹមជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារៗដែលជួបបញ្ហាជំងឺបេះដូងតែម្តង។
នៅក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យឈាង រ៉ា បានថ្លែងថា ការផ្តល់អំណោយជាសម្ភារប្រើប្រាស់ផ្នែកវះកាត់ជំងឺបេះដូងរបស់ប្រធានអង្គការ Jeremiahs Hope បានជួយ មកដល់មន្ទីរពេទ្យកាល់ម៉ែត គឺមានសារសំខាន់ណាស់សំរាប់ជួយព្យាបាលប្រជាពលរដ្ឋកម្ពុជាជាពិសេសកុមារកម្ពុជា ៕
ចែករំលែកព័តមាននេះ