3500​នាក់​ចូលរួម​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រ​ភព​ខ្មែរ​លើក​ទី​6


រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៦​នៅ​មុខ​ទីលាន​ប្រាសាទអង្គរវត្ត​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៤ សីហា ឆ្នាំ​២០១៩ មាន​អ្នកចូលរួម​ចំនួន​៣.៥០០​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​១.៥៨៤​នាក់​មក​ពី​៥០​ប្រទេស ។ ចំនួន​នេះ​មានការ​កើនឡើង​១៥%​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៨​។

លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ បរទេស ខណៈ​ជនជាតិ​កម្ពុជា​មាន​ចំនួន​១៩១៦​នាក់​កើនឡើង​ប្រមាណ​១០​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ កន្លង​មក ។ លោក​សង្ឃឹមថា នៅ​ក្នុង​ឆ្នាំ​២០២០​នឹង​មាន​អ្នក​មក​ចូលរួម​កាន់តែ​ច្រើន​ឡើង​។

លោក សែ​ម ផល្លា មន្ត្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​បាន​មាន​ប្រសាសន៍​ថា សម្រាប់​ទិវារត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៦​នេះ លោក​សប្បាយចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​បានឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​រត់​ចម្ងាយ​ឆ្ងាយ ក្នុង​នោះ​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​មាន​អត្ត​ព​លិ​ក​ខ្មែរ​ចូលរួម​រត់​៣៦​នាក់ និង​២១​គីឡូម៉ែត្រ​មាន​ជាង​១០០​នាក់​។

សម្រាប់​វិញ្ញាសា​ដែល​បាន​ដាក់​ឱ្យ​ប្រកួត​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ រត់​ចម្ងាយ​២១​គីឡូម៉ែត្រ រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​រត់​កំសាន្ត​លក្ខណៈ​គ្រួសារ​ចម្ងាយ​៣​គីឡូម៉ែត្រ ។ រីឯ​លទ្ធផល​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​ផ្នែក​នារី​លេខ​១​បាន​ទៅ​លើ​កីឡាការិនី​ចិន​ឈ្មោះ​SHN Hong xia លេខ​២​បាន​ទៅ​លើ​កីឡាការិនី​ជប៉ុន​ឈ្មោះ YamAMOTO Mari និង​លេខ​៣​បាន​ទៅ​លើ​កីឡាការិនី​ជប៉ុន​Yamamoto Eri ។

ផ្នែក​បុរស​លេខ​១​បាន​ទៅ​លើ​កីឡាករ​ជប៉ុន Takizaki Kuniaki លេខ​២​បាន​ទៅ​លើ​កីឡាករ​ជប៉ុន Yoneda michiyo និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ​អា​មេ​រិ​ក​Gruber Tim​។

លទ្ធផល​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ផ្នែក​នារីបាន​ទៅ​លើ​កីឡាការិនី​ជប៉ុន​ទាំងអស់ លេខ​១​កីឡាការិនី​Tanimara Yuko លេខ​២​កីឡាការិនី​SASAKI Natsuke និង​លេខ​៣​កីឡាការិនី​Mashita Mieko​។ ផ្នែក​បុរស​លេខ​១​បាន​ទៅ​លើ​កីឡាករ​ជប៉ុន​Yamauchi Daisuke​លេខ​២​បាន​ទៅ​លើ​កីឡាករ​កម្ពុជា ម៉ា វី​រ៉ូ​និង​លេខ​៣​កីឡាករ​អង់គ្លេស​David George​។

លទ្ធផល​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​នារី​លេខ​១ បាន​ទៅ​លើ​កីឡា​ការ​នី​អា​មេ​រិ​ក Gernin Michlle លេខ​២​បាន​ទៅ​លើ​កីឡាការិនី​ជប៉ុន Konishi Mosako និង​លេខ​៣​បាន​ទៅ​លើ​កីឡាការិនី​អង់គ្លេស​Vogel Sophie​។ ផ្នែក​បុរស លេខ​១​បាន​ទៅ​លើ​កីឡាករ​កម្ពុជា ឡៃ តេ​រ៉​ង់ លេខ​២​បាន​ទៅ​លើ​កីឡាករ​កម្ពុជា វ៉ា​ន់ ភា​រ៉ា និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ​អា​មេ​រិ​ក​Vishnevsky Mark៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ