ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មន្ទិល​ជុំវិញ​លទ្ធផល​ជ័យជម្នះ​របស់​កីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង ត្រូវ​បាន​ដោះស្រាយ​រួចរាល់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាព​មន្ទិល​ជុំវិញ​លទ្ធផល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រវាង​កីឡាករ អេ​អាំ ម៉ា​រី​ន ភូ​ថង ជាមួយ​កីឡា​ជនជាតិ​អង់គ្លេស​ម៉ូ​អាប់ ដា​រ៉ា​ម៉ា​ន់ នៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ភាព​មន្ទិល​ជុំវិញ​លទ្ធផល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រវាង​កីឡាករ អេ​អាំ ម៉ា​រី​ន ភូ​ថង ជាមួយ​កីឡា​ជនជាតិ​អង់គ្លេស​ម៉ូ​អាប់ ដា​រ៉ា​ម៉ា​ន់ នៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បើក​កិច្ចប្រជុំ​ដោះស្រាយ​រួចរាល់​អស់ហើយ​កាលពី​ថ្ងៃ​ទី​១​ខែធ្នូ ឆ្នាំ​២០២៥​។

ការ​ប្រជុំ​រក​ដំណោះស្រាយ​កើតឡើង​ក្រោយពី​មានការ​រិះគន់​ដូច​ព្យុះ​ពី​សំណាក់​អ្នក​និយម​តាមដាន​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​។ ជាមួយ​គ្នា​នេះ កីឡាករ​អង់គ្លេស​ម៉ូ​អាប់ ដា​រ៉ា​ម៉ា​ន់ ដែល​ចាញ់​មិន​អស់ចិត្ត​បាន​លើក​ឡើង​ថា ការ​ប្រកួត​ពេញ​៥​ទឹក​អេ អាំ​ម៉ា​រី​ន មិន​បាន​វាយ​គាត់​ទេ គិតតែ​ពី​ដើរ​ថយក្រោយ​ហេតុ​អី​បានឱ្យ​ឈ្នះ​។

ដូច្នេះ​គាត់​លែង​ចង់​ប្រកួត​ជាមួយ​អេ អាំ​ម៉ា​រី​ន​ទៀត​ហើយ​គឺ​ចង់​ប្រកួត​ជាមួយ​លន បញ្ញា​វិញ​ម្ដង​។
ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ ឯកឧត្តម​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ ដោយ​ឯកឧត្តម​សន្យា​ថា នឹង​សើរើ​លទ្ធផល​ប្រកួត​ឡើង​វិញ​ជា​បន្ទាន់​។ ឯកឧត្តម​បាន​សរសេរ​សារ​បង្ហោះ​ភ្លាម​ៗ​ថា​«​ខ្ញុំ​នឹង​សម្រេច​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ឡើង​វិញ នៃ​ការ​ប្រកួត​រវាង​កីឡាករ​អេ អាំ​ម៉ា​រី​ន​ភូ​ថង ជាមួយ​កីឡាករ​ម៉ូ​អាប់ ដា​រ៉ា​ម៉ា​ន់​នៅ​ថ្ងៃ​ចន្ទ​ទោះបី​ពុំ​មាន​ពាក្យបណ្ដឹង​ពី​ភាគី​អ្នក​ចាញ់​ក៏​ដោយ ។ បើ​ពិនិត្យ​ឃើញ​ថា ចៅក្រម​ដែល​ដាក់​ពិន្ទុ​មិន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នឹង​ទទួល​រង​ការ​ដាក់​ពិន័យ​យ៉ាង​តឹង​រឹ​ុ​ង​បំផុត​»​។​

នៅ​ក្នុង​កិច្ចប្រជុំ​ត្រូ​ត​ពិនិត្យ​វី​ដេ​អូ​ប្រកួត​ឡើង​វិញ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ឯកឧត្តម​ខូ​វ ឆាយ បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចូលរួម​ទាំង​ភាគី​កីឡាករ​បរទេស​មាន​ដូច​ជា​គ្រូបង្វឹក កីឡាករ និង​អ្នក​ថតរូប​ថែម​ទៀត ដើម្បី​ពិនិត្យ​មើល​ការ​ប្រកួត​ឡើង​វិញ​ម្ដងទៀត​។

ក្រោយ​ពី​ចំណាយពេល​ត្រួតពិនិត្យ​មើល​ការប្រកួត​ឡើង​វិញ​អស់​មួយ​ព្រឹក​ពេញ ចំពោះ​លទ្ធផល​បច្ចេកទេស​គឺ​ប្រហាក់ប្រហែល​គ្នា ។ ដូច្នេះ​អេ អាំ​ម៉ា​រី​ន​ភូ​ថង នៅ​រក្សា​តំណែង​ជា​ម្ចាស់​ខ្សែ
ក្រវាត់​​ដដែល ។

ជុំវិញ​ការ​រក្សា​លទ្ធផល​ដដែល ឯកឧត្តម​ប្រធានសហព័ន្ធ​បាន​ពន្យល់​ថា ការ​ប្រកួត​ដណ្ដើម​ខ្សែ
ក្រវាត់ បើ​ការ​ប្រកួត​នោះ​មាន​លក្ខណៈ​ប្រហាក់ប្រហែល យើង​មិន​អាច​ឱ្យ​អ្នក​មក​ដណ្ដើម​ឈ្នះ​បាន​នោះ​ទេ តែបើ​ការ​ប្រកួត​មិត្តភាព​យើង​អាច​ឱ្យ​ស្នើ​បាន​។ ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា​ការ​ប្រកួត​នេះ​មានការ​វែកញែក​ច្រើន​ពី​មហាជន​ដោយ​មើលឃើញ​ថា អេ អាំ​ម៉ា​រី​ន​ភូ​ថង ថយ​ខ្លាំង​ពេក ថយ​ដល់​ថ្នាក់​ប្រហាក់ប្រហែល​នឹង​រត់​ដែរ ។

ឯកឧត្តម​ថា ការ​ថយ​បែប​នេះ​គឺ​អត់​ល្អមើល​ទាល់តែ​សោះ​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​សម្រាប់​ការ​ប្រកួត​២​ទឹក​ដំបូង អេ​អាំ​ម៉ា​រី​ន​ភូ​ថង វាយ​ចេញ​បាន​ច្រើន ជា​ពិសេស​ការ​ប្រើ​ស្នៀត​ជង្គង់​នៅ​ក្នុង​ទឹក​ទី​២​គឺ​ចំ​គោលដៅ​ល្អ​។ នៅ​ក្នុង​ទឹក​ទី​៣​និង​ទឹក​ទី​៥ កីឡាករ​អង់គ្លេស​វាយ​ចូល​បាន​ច្រើន​សង​វិញ​។ ប៉ុន្តែ​នៅ​ក្នុង​ទឹក​ទី​៤​មានការ​ប្រទាញប្រទង់​គ្នា​បន្តិច ។ ដូច្នេះ​ចប់​ការ​ប្រកួត​៥​ទឹក​ពេញ ចៅក្រម​៥​រូប​មាន​៣​រូបសម្រេច​ឱ្យ​អេ អាំ​ម៉ា​រី​ន​ភូ​ថង​ជា​អ្នក​ឈ្នះ ក្នុង​ពេលចៅក្រម​២​រូប​ទៀត​ឱ្យ​កីឡាករ​អង់គ្លេស​ជា​អ្នកឈ្នះ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ទោះបី​លទ្ធផលមាន​ភាព​ប្រហាក់ប្រហែល​គ្នា ក៏​យើង​មិន​អាច​ឱ្យ​អ្នក​មក​ដណ្ដើម​ឈ្នះ​បាន​ទេ ព្រោះ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទាល់តែ​អ្នក​មក​ដណ្ដើម​ឈ្នះ​ដាច់​ទាំង​៥​ទឹក​ទើបបាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ