ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវ​ជន​​ហ្វេស​ប៊ុក​​​ បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​ធ្វើ​ការងារ​មនុស្ស​ធម៌​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​​​៧ កុម្ភៈ កន្លង​ទៅ​ ក្រុម​យុវ​ជន​ហ្វេស​ប៊ុក​ បាននាំ​យក​ថវិកា​ចំនួន​១០​មឺុន​រៀល​​ដែល​​ទទួល​បាន​ពី​មិត្ត​នៅ​ក្នុង​ហ្វេស​ប៊ុក​​ និង​ប្រធាន​សមា​គម​សិល្បករ​ខ្មែរ​​​ នាំ​យក​ថ​វិកា​ ​សម្ភារ​ និង​គ្រឿងឧប​​បរិភោគ​​មួយ​​ចំនួន​ទៀត​​​​​ទៅ​ជូន​ដល់​លោក​តា​ ផ្លុង មឿក ​អ្នក​​ចម្រៀង​អាយ៉ៃ​ ដែល​កំពុង​ឈឺ​ធ្ងន់​ និង​វង្វេង​​​ស្មារតី​ ។

រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​​​៧ កុម្ភៈ  កន្លង​ទៅ​ ក្រុម​យុវ​ជន​ហ្វេស​ប៊ុក​ បាននាំ​យក​ថវិកា​ចំនួន​១០​មឺុន​រៀល​​ដែល​​ទទួល​បាន​ពី​មិត្ត​នៅ​ក្នុង​ហ្វេស​ប៊ុក​​ និង​ប្រធាន​សមា​គម​សិល្បករ​ខ្មែរ​​​  នាំ​យក​ថ​វិកា​ ​សម្ភារ​ និង​គ្រឿងឧប​​បរិភោគ​​មួយ​​ចំនួន​ទៀត​​​​​ទៅ​ជូន​ដល់​លោក​តា​ ផ្លុង មឿក ​អ្នក​​ចម្រៀង​អាយ៉ៃ​ ដែល​កំពុង​ឈឺ​ធ្ងន់​ និង​វង្វេង​​​ស្មារតី​ ។

ដោយ​មើល​ឃើញ​​ពី​ការ​លំបាក​របស់​បង​ប្អូន​ទូទៅ​ដែល​ជា​អ្នក​​ក្រី​ក្រ​​លំបាក​ ទើប​ក្រុម​យុវ​ជន​ហ្វេស​ប៊ុក​ ធ្វើ​ការ​រៃ​អង្គាស​ពី​បង​ប្អូន​ ​ជា​មិត្ត​​ក្នុង​ហ្វេស​ប៊ុក​​​ ដើម្បី​ជួយ​ដល់​ពួក​គាត់​ ទោះ​ជា​ការ​ជួយ​នេះ​ មិន​បាន​ច្រើន​ក្តី​​ ប៉ុន្តែ​ក៏ស​បញ្ជាក់​ពី​សេច​ក្តី​ស្រឡាញ់​បង​ប្អូន​ជា​ខ្មែរ​ដូច​គ្នា​ ហើយ​បាន​យក​ប្រព័ន្ធ​​ទំនាក់​ទំនង​សង្គម​មួយ​នេះ​​ ធ្វើ​ជា​កម្ម​វិធី​មនុស្ស​ធម៌ និង​ជា​ប្រយោជន៍​មួយ​ដល់​សង្គម​ជាតិ​ ។ សូម​បញ្ជាក់​​ថា ក្រុម​យុវ​ជន​​ហ្វេស​ប៊ុក​ គឺ​ជា​ក្រុម​មួយ​នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​ហ្វេស​ប៊ុក​​ មិន​មែន​ជា​អង្គ​ការ​​សមាគម​ ឬ​ជា​ក្រុម​អ្វី​ទៀត​ផ្សេង​ឡើយ ។

ដោយឡែក ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៨ កុម្ភៈ ក្រុម​យុវ​ជន​ហ្វេស​ប៊ុក បាន​ទៅ​ជួប​សិស្ស​ក្រី​ក្រ​ចំនួន​​៣០​នាក់​​ រៀន​ផ្នែក​ល្ខោន​បាសាក់ នៅ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ ក្នុង​គោល​បំណង​ដើម្បី​​ចង់​ដឹង​​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ ។ ​ក្រោយ​ពីបាន​សំណេះ​សំណាល​​រួច​មក​ ក្រុម​យុវ​ជន​​ហ្វេស​ប៊ុក​​​ បាន​ទទួល​សំណូម​ពរ​មួយ​ចំនួន​ដូច​ជា ៖
១-ខ្វះ​ខាត​សម្ភារ​សិក្សា
២-​ខ្វះ​ខាត​ស្បែក​ជើង​បាតា (៦ដុល្លារ) និង​សម្លៀក​បំពាក់​ពេល​ហ្វឹក​ហាត់​ (បោះ​ពុម្ព​អាវ​យឺត)
៣-ថ្នាំ​សង​្កូវ​ពេល​ឈឺ​ថ្កាត់​ម្តងៗ​
៤-​កន្ទេល​ មុង​ ភួយ ដាច់​រហែក ដោយ​សារ​ប្រើ​​យូរ​ឆ្នាំ​​មក​ហើយ​
៥-​ចង់​រៀន​គួរ​ភាសា​អង់​គ្លេស​សម្រាប់​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​​ (​ក្នុង​ម្នាក់ ១២.០០០​រៀល​/មួយខែ ហើយ​សិស្ស​ភាគ​ច្រើន​ជំពាក់​គ្រូ​ ដោយ​ពីរ​បី​ខែ​ទើប​បង់​លុយ​ម្តង ព្រោះ​ខ្វះ​ខាត​ពេក​)
៦-បន្ទប់​ស្នាក់​នៅ​រួម ក្តៅ​ហប់​​​ ព្រោះ​កង្ហា​រ​ខូច​អស់
៧-​សុំ​ធ្វើ​រោង​ចង្ក្រាន​មួយ​​ តម្លៃ​ប្រហែល​២៥០​ដុល្លារ​​ ព្រោះ​សព្វ​ថ្ងៃ​ដាំ​ស្ល​នៅ​ក្នុង​បន្ទប់​​ស្នាក់​នៅ​រួម​​តែ​ម្តង
៨-​ខ្វះ​ខាត​​​អាហារ​ប្រចាំ​ថ្ងៃ​ (​រៃ​លុយ​គ្នា​ម្នាក់​៥០០​រៀល​ ឬ​១.០០០​រៀល ដើម្បី​ទិញ​ម្ហូប)​ ។

​ក្រុម​យុវ​ជន​ហ្វេស​ប៊ុក​បាន​ផ្តល់​ជា​ថវិកា​បន្តិច​បន្តួច​ចំនួន​១០​មុឺន​រៀល​​ សម្រាប់​រយៈ​ពេល​១​ឆ្នាំ​ ក្នុង​ឆ្នាំ​២០១៤​​នេះ ជួយ​ដល់​សិស្ស​ក្រីក្រ​ គ្រាន់​ដោះ​ស្រាយ​បន្ទុក​បាន​ខ្លះ​ ហើយ​ថវិកា​ទាំង​នេះ​គឺ​ទទួល​បាន​​ពី​មិត្ត​ភក្តិ​ក្នុង​ហ្វេស​ប៊ុក​នា​ពេល​កន្លង​មក​ ។ ពួក​គេ​សង្ឃឹម​ថា នឹង​មាន​មិត្ត​ក្នុង​ហ្វេស​ប៊ុក​​ដទៃ​ទៀត​ ជួយ​ឧប​ត្ថម្ភ​​ជា​ស្បៀង​អាហារ​ និង​​ថវិកា​ទៅ​តាម​សទ្ធា​ជ្រះ​ថ្លា​ ដើម្បី​​ជួយ​ដល់​ពួក​គេ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​​​នៃ​សិល្បៈ​-វប្ប​ធម៌​ខ្មែរ​កុំ​ឱ្យ​វិនាស​សូន្យ​បង់ ៕